នគរបាលបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ ប្រមាណ២០នាក់បានដួលសន្លប់កាលពីម្សិលមិញ បន្ទាប់ពីពួកគេបានត្អូញត្អែរអំពីការនឿយហត់អស់កម្លាំង ខណៈដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរ អេស អឹម អិល (S.M.L) ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋានមួយ ដើម្បីព្យាបាល។
លោក ម៉ែន ច័ន្ទរិទ្ធ អធិការនគរបាលស្រុកបានឲ្យដឹងថា ករណីដួលសន្លប់នេះបានកើតឡើង បន្ទាប់ពីកម្មការិនីបានត្អូញត្អែរអំពីការអស់កម្លាំង ហើយបានដួលនៅលើកម្រាលឥដ្ឋរោងចក្រនៅម៉ោងប្រហែល១១ព្រឹក។ លោកថ្លែងថា “ពួកគេនឿយហត់អស់កម្លាំង ហើយពួកគេមិនបានបរិភោគឲ្យបានគ្រប់គ្រាន់។វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ” ។ លោកបន្ថែមថា កម្មការិនីទាំងនេះទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
លោក ឆម សុបិន្ត អភិបាលស្រុក បានឲ្យដឹង កាលពីម្សិលមិញថា លោកបានបញ្ជាឲ្យមន្ត្រីរបស់លោកធ្វើការស៊ើបអង្កេតករណីដួលសន្លប់នេះ។ម្ចាស់រោងចក្រកាត់ដេរ អេស អឹម អិល ដែលបំពេញកិច្ចការលើសម្លៀកបំពាក់មិនទាន់សម្រេចនេះ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែ លោក អាត់ ធន ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានលើកឡើងថា ការផ្តល់ឲ្យកម្មករនូវលក្ខខណ្ឌការងារប្រសើរ ជាគន្លឹះសម្រាប់ទប់ស្កាត់ការដួលសន្លប់នៅក្នុងវិស័យនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី