បុរសខ្លាំងដែលក្រាញអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេល ២ឆ្នាំកន្លងមកនេះ។
តាមរយៈសារសំឡេងដែលចែកចាយលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ មានដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់បន្តទៀតចាប់ពីថ្ងៃដែលបានសម្រេចនេះ។
លោក ហ៊ុន សែន បន្តថា ការសម្រេចរបស់រដ្ឋាភិបាលនាពេលនេះ ដើម្បីផ្ដល់ជាជម្រើសដល់ពលរដ្ឋក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយមិនមានការបង្ខំ ឬតម្រូវទៀតនោះទេ ប៉ុន្តែពលរដ្ឋមានសិទ្ធិក្នុងការពាក់ ឬមិនពាក់ម៉ាស់។ ទោះជាយ៉ាងណាក៏ដោយ លោកថាសម្រាប់ពលរដ្ឋដែលបានធ្វើដំណើរទៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ មិនចាំបាច់ពាក់ម៉ាស់នោះទេ ប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរចេញពីទឹកដីខេត្តទាំងបួននេះ ដាច់ខាតត្រូវតែពាក់ម៉ាស់វិញ។
លោក ហ៊ុន សែន បញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីសាកល្បងពីភាពធន់ ឬភាពស៊ាំក្នុងសហគមន៍ បន្ទាប់ពីរដ្ឋាភិបាលអនុវត្តបានជោគជ័យកន្លងមក ប៉ុន្តែលោកថានេះមិនមែនជាការយកអាយុជីវិតពលរដ្ឋទៅសាកល្បងឡើយ ដោយអាជ្ញាធរខេត្តទាំងនោះក៏បានត្រៀមនូវវិធានការពិសេស ក្នុងការធ្វើតេស្ដរហ័សសម្រាប់ពលរដ្ឋដែលមានការសង្ស័យផងដែរ។
កាលពីថ្ងៃទី៤ ខែមេសា លោក ហ៊ុន សែន បានថ្លែងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កំពុងមានការថយចុះច្រើន ហើយករណីនេះ រដ្ឋាភិបាលកំពុងតែពិចារណានឹងសាកល្បងយកខេត្តមួយ ឬស្រុកមួយនៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរនៅក្នុងស្រុក ឬខេត្ត ដោយមិនឱ្យពួកគេពាក់ម៉ាស់នោះទេ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានក្រើនរំឭកឱ្យពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ទៅចាក់នៅក្នុងអំឡុងពេលសម្រាកបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ។ អ្នកស្រីក៏បានអំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តវិធានការការពារ ៣ការពារ និង ៣កុំ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈពលរដ្ឋបាននាំគ្នាសម្រុកធ្វើដំណើរពីទីក្រុងទៅជនបទ ដើម្បីជួបជុំគ្រួសារប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្សជិត ២០នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង កាលពីថ្ងៃទី១០ មេសា ខណៈអ្នកស្លាប់ដោយសារជំងឺនេះមិនទាន់មាននៅឡើយទេ។ ក្រសួងបញ្ជាក់ថា គិតមកដល់ថ្ងៃចន្ទ នេះ ករណីឆ្លងជំងឺកូវីដ-១៩ អូមីក្រុង ចូលក្នុងសហគមន៍បានកើនឡើងដល់ទៅជាង ១ម៉ឺន ៤ពាន់នាក់ (១៤១៦៩នាក់)។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ១សែន ៣ម៉ឺននាក់ (១៣៥៩៦៣នាក់) ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយមានជាង ១ម៉ឺន ៣សែននាក់ (១៣២៦៣៩នាក់) និងស្លាប់ជាង ៣ពាន់នាក់ (៣០៥៥នាក់)៕