ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ទាមទារឱ្យតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកវិភាគឯករាជ្យ លោក គឹម សុខ ដោយយកគំរូតាមតុលាការប្រទេសបារាំង។
អគ្គលេខាធិការវេទិកាពលរដ្ឋ លោក អ៊ាប គឹមសេង បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថា ផ្អែកតាមបណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា នៅតុលាការបារាំង ដែលបានប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ មានចរិតដូចគ្នាសុទ្ធសាធនឹងបណ្ដឹងចំនួនពីររបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានប្តឹងទៅកាន់តុលាការកម្ពុជាចំពោះលោក គឹម សុខ នាពេលកន្លងមក។
លោក អ៊ាប គឹមសេង លើកឡើងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថាលោក ហ៊ុន សែន នៅពីក្រោយនៃការស្លាប់អតីតមេនគរបាលជាតិ លោក ហុក ឡង់ឌី គឺជាការចង្អុលចំមុខលោក ហ៊ុន សែន ថាជាឃាតករតែម្តង ប៉ុន្តែតុលាការបារាំងនៅតែអាចវិនិច្ឆ័យថាជាសិទ្ធិបញ្ចេញមតិរបស់លោក សម រង្ស៊ី ប៉ុណ្ណោះ។
លោកអះអាងថា ដោយឡែកករណីលោក គឹម សុខ គ្រាន់តែសម្ដែងមតិឆ្លុះបញ្ចាំងព្រឹត្តិការណ៍ពិតថា នៅកម្ពុជាដែលក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តែងមានការសម្លាប់បុគ្គលល្បីៗ ហើយរកឃាតករមិនឃើញ ហើយដែលការលើកឡើងនេះ លោក គឹម សុខ មិនបានចោទថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់នោះទេ ប៉ុន្តែតុលាការបែរជាចោទប្រកាន់ និងកាត់ទោសឲ្យលោក គឹម សុខ ជាប់ពន្ធនាគារ ១៨ខែ និងពិន័យប្រាក់ ២០ម៉ឺនដុល្លារអាមេរិកយ៉ាងអយុត្តិធម៌ទៅវិញ។
អគ្គលេខាធិការវេទិកាពលរដ្ឋរូបនេះអំពាវនាវឲ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងតុលាការកម្ពុជា យកគំរូតាមតុលាការបារាំង ដោយបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើលោក គឹម សុខ បន្តទៀត ព្រោះថាអ្នកវិភាគរូបនេះមិនទាន់បានចោទអ្នកណា ឬក្រុមណាមួយថាជាឃាតករសម្លាប់បណ្ឌិត កែម ឡី និងជនល្បីៗផ្សេងទៀតនៅឡើយទេ។
លោក អ៊ាប គឹមសេង បញ្ជាក់ថា សម្រាប់ភាពជាគំរូរបស់តុលាការបារាំងដែលបានប្រកាសសាលក្រមនៅពេលនេះ រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការកម្ពុជាអាចទទួលបាននូវមេរៀនយុត្តិធម៌ប្រជាធិបតេយ្យសកលមួយយ៉ាងច្បាស់ថា សេរីភាពសម្ដែងមតិត្រូវតែគោរព ហើយគេត្រូវប្រកួតគ្នាដោយការជជែកពិភាក្សាតទល់ដោយស្មើភាព មិនមែនប្រើអំណាចតុលាការបំផ្លាញអ្នកសម្ដែងមតិនោះឡើយ។
កាលពីខែសីហា ឆ្នាំ២០១៧ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ព្រមទាំងបណ្តឹងមួយផ្សេងទៀត គឺការអត្ថាធិប្បាយរបស់លោកដែលថា ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចរកមុខឃាតករពិតដែលបានសម្លាប់លោក កែម ឡី លោក ជា វិជ្ជា ព្រះភិក្ខុ សំ ប៊ុនធឿន និងលោក ឈុត វុទ្ធី ជាដើម។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក គឹម សុខ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ៨លានរៀលចូលថវិកាជាតិ រួមទាំងសងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្ដឹងចំនួន ៨០០លានរៀល ឬស្មើនឹងជាង ២០ម៉ឺនដុល្លារអាមេរិក។
ដោយមានការគំរាមកំហែងសុវត្ថិភាពពីរដ្ឋាភិបាលកម្ពុជាឥតស្រាកស្រាន្ត លោក គឹម សុខ បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីម្នាក់អាយុ ៦ឆ្នាំរហូតមកទល់ពេលបច្ចុប្បន្ននេះ៕