ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថា អូស្ត្រាលីចង់ឃើញការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ប្រកបដោយយុត្តិធម៌ពិតប្រាកដ ដោយបើកឲ្យលោក កឹម សុខា និងលោក សុន ឆ័យ ចូលរួមដោយសេរី។
បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃចន្ទ ទី១៧ តុលា នេះថា ក្នុងជំនួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី បានលើកឡើងពីការងារដែលជាសមិទ្ធផលលេចធ្លោរបស់អូស្ត្រាលីនៅកម្ពុជា ដែលជួយនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការចូលរួមយ៉ាងសកម្មជាបន្តបន្ទាប់នៅក្នុងបេសកកម្មអ៊ុនតាក់ (UNTAC) ក៏ដូចជាទំនាក់ទំនងដ៏ទូលំទូលាយរវាងប្រជាជន និងប្រជាជនដែលបានបង្កើតទំនាក់ទំនងការទូតទ្វេភាគីអស់រយៈពេលជាង ៧០ឆ្នាំមកហើយ។
លោកក៏បានពិភាក្សាពីបច្ចុប្បន្នភាពនៃវិវាទណាហ្គាវើលដ៍ដែលកំពុងបន្តកើតមាន ព្រមទាំងបានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាឲ្យធ្វើការខិតខំ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាងផងដែរ។
ក្រៅពីការលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរឿងណាហ្គាវើលដ៍ លោកឯកអគ្គរាជទូត Pablo Kang ក៏បានបង្ហាញសាជាថ្មីទៀតនូវគោលបំណងរបស់ប្រទេសអូស្ត្រាលី ចំពោះការបោះឆ្នោតសភាប្រកបដោយយុត្តិធម៌ពិតប្រាកដនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។ លោកបញ្ជាក់ថា អូស្ត្រាលីចង់ឱ្យមេដឹកនាំនយោបាយ ដូចជាលោក កឹម សុខា និងលោក សុន ឆ័យ អាចចូលរួមដោយសេរីក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ។
ការលើកឡើងរបស់ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ស្របពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានប្រកាសថា តុលាការនឹងបន្តនីតិវិធីបន្ថែមទៀតនៅថ្ងៃទី១៩ ខាងមុខនេះ ដើម្បីធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ថាតើគួរបន្តសវនាការទៀត ឬត្រូវដាក់ឱ្យភាគីធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ។
ការសម្រេចរបស់ចៅក្រមបែបនេះ ក្រោយពីមេធាវីលោក កឹម សុខា បានជំទាស់ចំពោះការសម្រេចបិទបញ្ចប់នីតិវិធីសួរដេញដោលឈានទៅឲ្យភាគីទាំងសងធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ ដោយមិនបានសួរទៅសាក្សីជាសមត្ថកិច្ច និងប្រទេសដែលរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ថា លោក កឹម សុខា គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្ដួលរំលំរដ្ឋាភិបាល។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ទាំងពាក់កណ្តាលអធ្រាត្រ ដោយរដ្ឋាភិបាលកម្ពុជាចោទថា «សន្ទិដ្ឋភាពត្រូវរ៉ូវដោយសម្ងាត់ជាមួយសហរដ្ឋអាមេរិក» ចង់ផ្តួលរំលំរដ្ឋាភិបាល។ គិតមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌមួយនេះបានបន្តអូសបន្លាយប្រមាណ ៥ឆ្នាំមកហើយ។
ចំណែករឿងលោក សុន ឆ័យ វិញ ត្រូវបានតុលាការកម្ពុជាកាត់ឲ្យចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាអាជ្ញាកណ្ដាលក្នុងសំណុំរឿងបរិហារកេរ្តិ៍ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
ក្រៅពីចាញ់ក្ដីហើយ តុលាការកម្ពុជាក៏បានបង្គាប់ឲ្យលោក សុន ឆ័យ សងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាចំនួន ៧៥ម៉ឺនដុល្លារ និងបង្គាប់ឲ្យលោក សុន ឆ័យ បង់ប្រាក់ពិន័យទាំងបណ្ដឹងគណបក្សប្រជាជនកម្ពុជា និងបណ្ដឹង គ.ជ.ប សរុប ១៧លានរៀលចូលរដ្ឋផងដែរ។
គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ក្រោយពីលោកនិយាយរឿងភាពមិនប្រក្រតីរឿងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២។ បណ្ដឹងរដ្ឋាភិបាលនេះ ត្រូវបានសង្គមស៊ីវិល និងអ្នកវិភាគយល់ថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
តែយ៉ាងណា ការបញ្ជាក់ជំហររបស់ឯកអគ្គរាជទូតអូស្ត្រាលី លោក Pablo Kang ធ្វើឡើងស្របពេលដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕