បុរសខ្លាំងកម្ពុជាដែលប្ដេជ្ញាតាមកម្ទេចបក្សប្រឆាំង លោក ហ៊ុន សែន អះអាងថា ការដែលលោកតាមបង្ក្រាបអ្នកដែលបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជា មិនមែនដោយសារលោកភ្លើតភ្លើននឹងអំណាចនោះទេ។
មេដឹកនាំខ្មែរដែលក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីសម្ពោធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទ» កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះថា លោកនឹងមិនយោគយល់ជាដាច់ខាតចំពោះជនទាំងឡាយណាដែលមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា។
មេដឹកនាំបក្សកាន់អំណាចដែលសល់ពីរបបប្រល័យពូជសាសន៍ លោក ហ៊ុន សែន លើកឡើងថា គ្មានការអនុគ្រោះឡើយចំពោះអ្នកបំផ្លាញសន្តិភាពរបស់កម្ពុជា នៅពេលដែលទឹកភ្នែករបស់លោកស្រក់ ព្រោះលោកនឹងមិនទុកឲ្យអ្នកដែលមានចេតនាបំផ្លាញសន្តិភាព អាចធ្វើអ្វីស្រេចតែចិត្តនោះទេ ទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយ លោកត្រូវតែក្បាលរឹងកម្ទេចអ្នកដែលបំផ្លាញសន្តិភាពឲ្យបានដាច់ខាត។
អតីតមេកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន បញ្ជាក់ថា ផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់លោក ទើបប្រទេសកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃនេះ ព្រោះតែលោកបានយកក្បាលខ្លួនឯងទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់។
ការអះអាងនេះ ធ្វើឡើងបញ្ច្រាសពីការមើលឃើញរបស់មជ្ឈដ្ឋានទូទៅទាំងស្រុងដែលតែងរិះគន់ថា ជាសន្តិភាពក្លែងក្លាយ ឬសន្តិភាពសម្រាប់តែអ្នកមានអំណាច។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះមិនមែនដើម្បីការពារសន្តិភាពទេ គឺជាការធ្វើឃាតកម្មនីតិរដ្ឋ និងជាឃាតកម្មប្រជាធិបតេយ្យសម្រាប់ជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែទង្វើអាក្រក់របស់ពួកគេកំពុងជ្រកក្រោមស្លាកសន្តិភាពប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន ដឹកនាំកម្ពុជាសព្វថ្ងៃនេះមិនត្រឹមតែបង្ក្រាបក្រុមប្រឆាំងនឹងការដឹកនាំមិនត្រឹមត្រូវរបស់លោកទេ ប៉ុន្តែមេដឹកនាំខ្មែររូបនេះបានរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភព្រះរាជតួនាទីព្រះមហាក្សត្រខ្មែរយ៉ាងធ្ងន់ធ្ងរថែមទៀត ដើម្បីតែអំណាចរបស់ខ្លួន និងផលប្រយោជន៍នយោបាយខ្លួនឯងទៅថ្ងៃមុខ ជាពិសេសគឺរំលោភសិទ្ធិ និងតួនាទីមន្ត្រីជាន់ខ្ពស់ផ្ទៃក្នុងបក្សរបស់ខ្លួន ដើម្បីតែរក្សាអំណាចគ្រួសាររបស់ខ្លួនទៅថ្ងៃមុខ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានរិះគន់កាលពីពេលថ្មីៗនេះថា ការដឹកនាំរបស់រដ្ឋាភិបាលក្រុងភ្នំពេញ គឺជាការដឹកនាំតាមរបប ហ្វាស់ស៊ីស ចំណែកមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺជាមេដឹកនាំកំពូលនៃរបបនេះដោយផ្ទាល់។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា របប ហ្វាស់ស៊ីស ខុសពីរបបកុម្មុយនីស្តនៅត្រង់ថា បុគ្គលដែលជាមេដឹកនាំកំពូលអាចប្រើអំណាចតាមអំពើចិត្ត ខណៈប្រព័ន្ធឃោសនារបស់រដ្ឋត្រូវបានប្រើប្រាស់ដើម្បីលើកតម្កើងតែមេដឹកនាំនេះប៉ុណ្ណោះ។
លោកបន្ថែមថា ការដឹកនាំបែបនេះ គឺធ្លាប់កើតមាននៅប្រទេសអ៊ីតាលី ដែលមានមេដឹកនាំឈ្មោះ Benito Mussolini ចំណែកនៅប្រទេសកម្ពុជាវិញ គឺមានលោក ហ៊ុន សែន ដែលបានដឹកនាំបែបនេះចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៩៧ មក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបង្កើតឲ្យមានការសម្លាប់ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររាប់មិនអស់ ដែលបានប្រព្រឹត្តទៅដោយពុំមានទោសទណ្ឌ ក្នុងនោះលោក ហ៊ុន សែន បានដំឡើងបុណ្យស័ក្តិ និងផ្តល់រង្វាន់ដល់ពួកឃាតករទាំងនោះជាច្រើននាក់ឱ្យដឹកនាំក្នុងរដ្ឋាភិបាលរបស់លោកផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានអះអាងក្នុងពិធីមួយនៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទីក្រុងភ្នំពេញថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ដែលលោកមិនបានសម្លាប់មេដឹកនាំបក្សប្រឆាំងដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដែលលោកចាត់ទុកថាទង្វើនោះគឺជាការបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ អង្គការគម្រោងយុត្តិធម៌ពិភពលោក បានដាក់កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមាននីតិរដ្ឋទាបបំផុត កាលពីអំឡុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយសារតែគេរកឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម៕