លោក ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាបាននាំគ្នាដុតព្រះរាជដំណាក់ដែលមានអាយុ ៧០ឆ្នាំក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា នេះ លោក ហ៊ុន សែន ថ្លែងថា លោកអនុញ្ញាតឲ្យធ្វើការជួសជុលព្រះរាជដំណាក់ខេត្តសៀមរាប ឡើងវិញ បន្ទាប់ពីមានសំណើរបស់សម្តេចចៅហ្វាវាំង គង់ សំអុល។
លោកបង្ហាញការសោកស្ដាយដែលអគ្គីភ័យឆេះព្រះរាជដំណាក់ថ្មីៗនេះ និងបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាលនិងបក្សប្រជាជនកម្ពុជាដុតព្រះរាជដំណាក់ខេត្តសៀមរាប។
ក្រៅពីបង្ហាញការសោកស្ដាយ និងច្រានចោលហើយ លោក ហ៊ុន សែន ក៏បានប្រតិកម្មខ្លាំងៗចំពោះអ្នកចោទប្រកាន់លោក ហើយថែមទាំងបន់ស្រន់ដល់ព្រះអង្គចេកព្រះអង្គចម តាមកាច់កុំប្រណីជាមួយអ្នកដែលលោកថាបំភ្លៃការពិតនោះផងដែរ។
ប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន នៅថ្ងៃនេះបន្ទាប់ពីអ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា ការឆេះរាជដំណាក់ខេត្តសៀមរាប អាចមានអ្នកដុត ហើយអ្នកនោះអាចជាក្រុមសង្ឃ ៧មករា ឬពួកជនកាន់អំណាច។
លោក គឹម សុខ បញ្ជាក់ថា ព្រះរាជដំណាក់នេះមានសន្តិសុខ ឬអ្នកយាមទាំងថ្ងៃទាំងយប់ ហើយបើទុស្សេខ្សែភ្លើងពិតមែន ហេតុអ្វីបានជាពួកគេមិនដឹង ដោយបណ្ដាលឲ្យភ្លើងឆេះសន្ធោសន្ធៅបែបនេះ ខណៈព្រះរាជដំណាក់នេះវាជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ ដោយសារមានអាយុលើសពី ៥០ឆ្នាំហើយ ដូច្នេះការសង់ និងរៀបចំព្រះរាជដំណាក់មិនមែនជាងធម្មតាឡើយ។
មួយវិញទៀត លោកថានៅពេលដែលឆេះព្រះរាជដំណាក់ហើយ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនមានប្រតិកម្មអ្វីទេ ហាក់ដូចជាមានការបណ្ដោយឲ្យមានការបំផ្លាញព្រះរាជដំណាក់នេះតែម្តង។ ជាក់ស្ដែង លោកថាការដុតសាលមហោស្រពចតុមុខកាលពីជាង ២០ឆ្នាំមុនដោយជាងវៀតណាម ខណៈថ្មីៗនេះលោកថាការវាយកម្ទេចចេតិយ និងព្រះវិហារបុរាណ ជាដើម។
ក្នុងរយៈពេលជិត ៤០ឆ្នាំដែលលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជានេះ សំណង់បុរាណដែលមានអាយុកាលជាង ១០០ឆ្នាំជាច្រើន ត្រូវបានវាយកម្ទេចចោលជាបន្តបន្ទាប់ ដោយមិនមានការអភិរក្សដូចបណ្ដាប្រទេសផ្សេងៗឡើយ។
សំណង់បុរាណដែលត្រូវបានវាយកម្ទេចចោលដើម្បីសង់ថ្មីនោះ មានដូចជា៖
- ព្រះវិហារបុរាណមួយនៅ «វត្តឥន្ទ្រីយ៍សំវរៈ» ហៅ «វត្តកំពង់ធំ» ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានគេវាយកម្ទេចចោលអំឡុងខែសីហា ឆ្នាំ២០១៧ បើទោះបីជាព្រះវិហារដែលគេវាយកម្ទេចនោះកសាងឡើងនៅឆ្នាំ១៩៤៨ និងដាក់ជាសម្បត្តិបេតិកភណ្ឌជាតិនៅឆ្នាំ២០០៧ ហើយក្ដី។
- ភូមិបុរាណមួយមានអាយុប្រមាណ ១ពាន់ឆ្នាំមុនគ.ស. ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ និងកុដិបុរាណចំនួន៣ ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដែលមានអាយុកាលជិត ១០០ឆ្នាំ ក៏ត្រូវបានគេវាយកម្ទេចចោលកាលពីដើមខែធ្នូ ឆ្នាំ២០២២ ដើម្បីយកទីតាំងធ្វើជាចេតិយសម្រាប់សម្ដេចសង្ឃរាជាធិបតី ទេព វង្ស។
ក្រោយពីមានការឆេះព្រះរាជដំណាក់ សម្តេចម៉ែមានបន្ទូរថា ព្រះរាជដំណាក់ខេត្តសៀមរាប ជាកន្លែងប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំ ជាមួយនឹងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យបន្ទាប់ពីការយាងបំពេញយុទ្ធនាការនៅបរទេស រួមមានបារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។
ព្រះមហាក្សត្រីមានបន្ទូរថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានដឹកនាំការតស៊ូជាមួយការចូលរួមដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ មីនា ឲ្យដឹងថា ករណីអគ្គីភ័យឆេះអគារព្រះរាជដំណាក់តូចក្នុងព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឬទុស្សេខ្សែភ្លើង ខណៈពលរដ្ឋខេត្តសៀមរាប បានបង្ហាញការសោកស្ដាយ និងមានមន្ទិលចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ស្ដេចកាលពីយប់ថ្ងៃទី១២ មីនា នេះ៕