សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ សម្រេចដោះលែងតំណាងសកម្មជនដីធ្លីនៅខេត្តកោះកុង ពីររូបឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារខេត្តនេះជាង ៣ខែ។
ការសម្រេចនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានបើកសវនាការលើបណ្តឹងសុំដោះលែងឲ្យនៅក្រៅឃុំករណីលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ដែលជាសកម្មជនដីធ្លី និងតំណាងសហគមន៍នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
ក្រោយពីបើកសវនាការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានសម្រេចប្រកាសសាលដីកានៅថ្ងៃដដែលនេះ ដោយសម្រេចដោះលែងលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
អំឡុងសាលាឧទ្ធរណ៍បើកសវនាការ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុង ជាច្រើននាក់ក៏បាននាំគ្នាឡើងទៅប្រមូលផ្ដុំខាងមុខតុលាការ ដោយលើកបដាដើម្បីទាមទារឲ្យដោះលែងតំណាងពួកគេទាំង ២រូបផងដែរ។
ក្រុមប្រជាពលរដ្ឋទាំងនោះបានសរសេរលើបដាថា ពួកគេត្រូវការយុត្តិធម៌ ដូច្នេះស្នើសុំឲ្យតុលាការដោះលែងលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ឲ្យមានសេរីភាពវិញ និងដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលបានរងទុក្ខវេទនាជាយូរឆ្នាំណាស់មកហើយ។
ក្រៅពីទាមទារដោះស្រាយ និងដោះលែងនោះ ពួកគេក៏បានសរសេរដោយភ្ជាប់ទៅនឹងការថ្លែងរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនាពេលកន្លងថា សកម្មជនដីធ្លីមិនត្រូវជាប់ពន្ធនាគារដោយសារការតវ៉ារឿងដីធ្លីឡើយ។
សកម្មជនដីធ្លី លោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារជាមួយតំណាងរបស់ពួកគេចំនួន ៧រូបផ្សេងទៀតកាលពីចុងខែមិថុនា ឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ធ្វើឡើងអំឡុងពេលដែលតំណាងសហគមន៍ដីធ្លីទាំង ៩រូបបានទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជួយអន្តរាគមន៍ទៅតុលាការខេត្តកោះកុង ឲ្យទម្លាក់បទចោទប្រកាន់លើសមាជិករបស់ពួកគេចំនួន ៣០រូបពាក់ព័ន្ធរឿងវិវាទដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ។
ក្នុងចំណោមសកម្មជនដីធ្លីទាំង ៩រូប តុលាការដោះលែងឲ្យនៅក្រៅឃុំ ៧រូបកាលពីចុងខែសីហា ឆ្នាំ២០២៣ ខណៈលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន មិនត្រូវបានដោះលែងឡើយ ដោយតុលាការខេត្តព្រះសីហនុ ថាអ្នកទាំងពីរត្រូវបានតុលាការខេត្តកោះកុង កាត់ទោសរួចហើយ។
កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ តុលាការខេត្តកោះកុង បានផ្ដន្ទាទោសសកម្មជនលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ឲ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន ៤០លានរៀលទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដែលប្ដឹងដោយឧកញ៉ា ហេង ហ៊ុយ។
តុលាការចោទប្រកាន់លើតំណាងសហគមន៍ទាំងពីរនាក់ពាក់ព័ន្ធនឹងការប្រមូលផ្ដុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៩ ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយសមស្របមួយជុំវិញជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ។
ក្រុមពលរដ្ឋអះអាងថា ពួកគេមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយគិតដល់បច្ចុប្បន្ន វិវាទដីធ្លីនេះមិនទាន់មានដំណោះស្រាយនៅឡើយ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

