មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ទម្លាយថា សន្និបាតបក្សរបស់បក្សកាន់អំណាចដែលគ្រោងនឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២៣ នេះ ត្រៀមបញ្ចូលសមាជិកថ្មីទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្សជាង ១០០នាក់បន្ថែមទៀត ប៉ុន្តែពួកគេត្រូវតម្រូវឱ្យបង់លុយក្នុងម្នាក់ៗចាប់ពី ២ម៉ឺនដុល្លារអាមេរិកឡើងទៅ ដែលនេះគឺជាវិធីរកលុយយ៉ាងគគ្រឹកគគ្រេងរបស់មន្ត្រីបក្សកាន់អំណាច។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចមួយរូបប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៤ ធ្នូ ថា មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូបមិនសប្បាយចិត្តនឹងការតែងឱ្យចូលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាឡើយ ព្រោះថាពួកគេត្រូវបានមន្ត្រីជាន់ខ្ពស់របស់គណបក្សដែលតម្រូវឱ្យចូលជាសមាជិកគណៈកម្មាធិការនាយកនេះ ត្រូវឱ្យបង់លុយឱ្យគណបក្សក្នុងម្នាក់ៗចាប់ពី ២ម៉ឺនទៅ ៣ម៉ឺនដុល្លារឯណោះ ទោះពួកគេជាមន្ត្រីសកម្មរបស់បក្ស ឬមិនមែនជាមន្ត្រីសកម្មរបស់បក្សក៏ដោយ។
ប្រភពដែលគួរឱ្យទុកចិត្តបានខាងលើអះអាងថា សមាសភាពដែលត្រូវចូលជាសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនជាង ១០០នាក់ ប៉ុន្តែអ្នកដែលព្រមចូលជាសមាជិកគណៈកម្មាធិការនេះមានតែជាង ៩០នាក់ប៉ុណ្ណោះនៅពេលនេះ ក្នុងនោះ សមាជិកសកម្មរបស់គណបក្សដែលគ្មានលុយបង់ឱ្យគណបក្ស មិនត្រូវបានចូលជាសមាជិកគណៈកម្មាធិការនេះទេ ដែលជាហេតុធ្វើឱ្យពួកគេបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅបន្តគាំទ្រដោយសារតែពួកគេខ្លាចការគំរាមកំហែងប៉ុណ្ណោះ។
មន្ត្រីបក្សកាន់អំណាចរូបនេះបញ្ជាក់ថា សន្និបាតគណបក្សប្រជាជនកម្ពុជាដែលគ្រោងនឹងប្រារព្ធនៅចុងឆ្នាំ២០២៣ នេះ ក៏នឹងមានការសូកប៉ាន់ដែរទៅដល់អ្នកចាត់ចែងសន្និបាតនេះ ក្នុងនោះសម្រាប់អ្នកដែលមិនបានសូកលុយ ពួកគេក៏គ្មានសិទ្ធិចូលរួមនឹងគេដែរ ហើយការសូកប៉ាន់នេះ មិនមែនត្រឹមតែដើម្បីចូលរួមក្នុងសន្និបាតបក្សប៉ុណ្ណោះទេ សូម្បីមន្ត្រីសកម្មក្នុងបក្ស ឬមានតួនាទីខ្ពស់ក្នុងស្ថាប័នក្រសួងមហាផ្ទៃក៏ដោយ ក៏ពួកគេត្រូវតែសូកលុយរាប់ម៉ឺនដុល្លារឱ្យប្រធានគណបក្សក្នុងក្រសួងមហាផ្ទៃដែរ ដើម្បីឱ្យគេដាក់ឈ្មោះជាសមាជិកក្នុងអង្គភាព «គ៨៥» ដែលជាអង្គភាពមួយមានឥទ្ធិពលក្នុងការរក្សាតំណែងរបស់ខ្លួនទៅថ្ងៃមុខ។
ការបញ្ចូលសមាជិកថ្មី និងការដកសមាជិកចាស់ចេញពីបក្ស ឬការសម្រេចអនុម័តផ្សេងៗ គណបក្សប្រជាជនកម្ពុជាតែងបើកសន្និបាតបក្សរបស់ខ្លួនរហូតមក ប៉ុន្តែសន្និបាតបក្សកន្លងមកក៏មានការទម្លាយថា តែងមានការគំរាមកំហែងពីលោក ហ៊ុន សែន ដែរចំពោះការអនុម័តផ្សេងៗ ដូចជា ការសម្រេចអនុម័តតែងតាំងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីកាលពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ជាដើម។
កាលពីអំឡុងខែមករា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធអង្គសន្និបាតគណបក្សដើម្បីបញ្ចូលសមាជិកថ្មីរបស់ខ្លួនជាង ៣០០នាក់ (៣៤២នាក់) ដែរ ក្នុងនោះក៏មានព្យួរតួនាទីសមាជិកមួយចំនួនថែមទៀត ហើយការបើកសន្និបាតបែបនេះ គឺគណបក្សប្រជាជនកម្ពុជាបានអនុវត្តចាប់តាំងពីគណបក្សត្រូវបានមេដឹកនាំវៀតណាមបង្កើតមកម៉្លេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែមករា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីសន្និបាតដើម្បីអនុម័តបញ្ចូលសមាជិកថ្មីក្នុងបក្សរបស់ខ្លួនដែរ ក្នុងនោះក៏បានបញ្ចូលកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ឱ្យចូលជាសមាជិករបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សថែមទៀត។
ពិតមែនតែកូនរបស់លោក ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកជាន់ខ្ពស់នៃអង្គការចាត់តាំងរបស់គណបក្សនេះ ប៉ុន្តែសម្រាប់កូនៗរបស់មេដឹកនាំបក្សនេះផ្សេងទៀត ដូចជាលោក ស សុខា កូនប្រុសរបស់លោក ស ខេង លោក ទៀ សីហា កូនប្រុសរបស់លោក ទៀ បាញ់ លោក សាយ សំអាល់ កូនប្រុសរបស់លោក សាយ ឈុំ និងកូនៗរបស់អ្នកស្រី ម៉ែន សំអន ព្រមទាំងកូនរបស់លោក ហេង សំរិន ជាដើម មិនត្រូវបានលោក ហ៊ុន សែន អនុញ្ញាតឱ្យបញ្ចូលទៅជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះឡើយរហូតដល់ពេលនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

