សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ មករា នេះបានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន ហ្វឺឌឺណង់ ម៉ាសកូសជៀ បានទៅដល់ប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ សំដៅពង្រឹងសហប្រតិបត្តិការទ្វេភាគីនៃប្រទេសដែលមានជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិន។
វៀតណាម ត្រូវគេមើលឃើញថាជាប្រទេសខ្លាំងមួយ ទាំងសេដ្ឋកិច្ច នយោបាយ រួមទាំងវិស័យយោធាផងដែរ។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បើទោះជាប្រកាន់យករបបដឹកនាំកុម្មុយនីស្តក៏ដោយ តែទីក្រុងហាណូយ នេះ ត្រូវគេមើលឃើញថាកំពុងតែពង្រឹងសម្ព័ន្ធភាពជាមួយនឹងប្រទេសដែលមានជម្លោះព្រំដែនសមុទ្រជាមួយនឹងចិន ហើយក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ។
ប្រធានាធិបតីហ្វីលីពីន បានហៅប្រទេសវៀតណាម ជាកម្លាំងយុទ្ធសាស្ត្រដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការធ្វើឱ្យមានស្ថិរភាពតំបន់សមុទ្រចិនខាងត្បូង។ មុនឡើងយន្តហោះទៅកាន់ទីក្រុងហាណូយ លោក ម៉ាសកូស បានផ្ដល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានដែលលោកបាននិយាយថា ទស្សនកិច្ចរបស់លោកនៅទីក្រុងហាណូយ មានគោលដៅសំខាន់គឺពង្រឹងសន្តិភាពស្ថិរភាពក្នុងតំបន់ និងបើកចំហកម្លាំងវិនិយោគទុនរបស់ហ្វីលីពីន និងវៀតណាមរួមគ្នា។
លោក ម៉ាសកូសជៀ ត្រូវជួបមន្ត្រីកំពូលៗរបស់វៀតណាម មានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
លោក ម៉ាសកូសជៀ បានថ្លែងបន្តថា ក្នុងឱកាសទស្សនកិច្ចនេះ លោកសង្ឃឹមថាទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កាន់តែស៊ីជម្រៅថែមទៀត ហើយការចរចាគ្រប់វិស័យទាំងអស់ត្រូវតែធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ដែលក្នុងនោះរាប់ទាំងមុខជំនួញពាណិជ្ជកម្ម ការអប់រំ និងវិស័យទេសចរណ៍ ប៉ុន្តែមេដឹកនាំហ្វីលីពីនរូបនេះបញ្ជាក់ថា បញ្ហាតំបន់ដែលកំពុងតែតានតឹង ដូចជាករណីសមុទ្រចិនខាងត្បូង ជាដើម គឺជាចំណុចគន្លឹះនៃការពិភាក្សាជាមួយនឹងមេដឹកនាំវៀតណាម។
វៀតណាម និងហ្វីលីពីន ក៏មានខ្សែបន្ទាត់ព្រំដែនសមុទ្រចិនខាងត្បូងត្រួតស៊ីគ្នាផងដែរ ប៉ុន្តែប្រទេសពីរនេះមិនដែលមានភាពតានតឹងដាក់គ្នានោះទេ លើកលែងតែក្រុងម៉ានីល តានតឹងជាមួយទីក្រុងប៉េកាំង និងទីក្រុងហាណូយ តានតឹងជាមួយទីក្រុងប៉េកាំង ប៉ុណ្ណោះ។
ដំណាក់កាលចុងក្រោយនេះគេសង្កេតឃើញហ្វីលីពីន និងចិន ឡើងកម្ដៅផ្នែកយោធាជាខ្លាំង ដែលឈានដល់ការបញ្ចេញនាវាចម្បាំងប្រឈមមុខដាក់គ្នាទៀតផងនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
ស្របពេលដែលហ្វីលីពីន តានតឹងជាមួយចិន ករណីសមុទ្រចិនខាងត្បូងនេះ វៀតណាមឯណោះវិញក៏តានតឹងជាមួយចិនផងដែរ។ ជារឿយៗ នាវាល្បាតចិន តែងតែបើកបណ្ដេញទូកនេសាទរបស់វៀតណាម ជាពិសេសនៅប្រជុំកោះប៉ារ៉ាសែល ដែលធ្លាប់មានសង្គ្រាមសមុទ្រជាមួយគ្នានៃប្រទេសពីរនេះកាលពីឆ្នាំ១៩៧៤។
ប្រធានាធិបតីហ្វីលីពីន តែងតែប្រាប់មេដឹកនាំអាស៊ានថា ដើម្បីធ្វើឱ្យមានតុល្យភាពនៃផលប្រយោជន៍ដែនសមុទ្រចិនខាងត្បូង លុះត្រាតែប្រទេសនៅសមាគមអាស៊ាន ជាពិសេសប្រទេសដែលមានជម្លោះជាមួយចិន នៃសមុទ្រចិនខាងត្បូង រួមកម្លាំងគ្នា។
ប្រទេសក្នុងសមាគមអាស៊ានដែលមានជម្លោះជាមួយចិន ករណីសមុទ្រចិនខាងត្បូង រួមមានហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ ប្រទេសប្រាំនេះតែងតែរួមគំនិតគ្នាដើម្បីបញ្ចេញឱ្យបាននូវក្រមប្រតិបត្តិសមុទ្រ ប៉ុន្តែជិត ២០ឆ្នាំមកហើយ ច្បាប់សមុទ្រតំបន់មួយនេះមិនដែលកើតរូបរាងនោះទេ។
ប្រទេសខ្លះក្នុងសមាគមអាស៊ានដែលមិនមានជម្លោះសមុទ្រចិនខាងត្បូង ត្រូវគេមើលឃើញថាមានចេតនាលម្អៀងទៅរកចិន ខណៈដែលក្រុងប៉េកាំង ចង់មានក្រមប្រតិបត្តិសមុទ្រនេះនិយាយយោងដល់អត្ថប្រយោជន៍ទូលំទូលាយរបស់ខ្លួន ព្រោះក្រុងប៉េកាំង អះអាងថា ខ្លួនគេមានកម្មសិទ្ធិព្រំដែនសមុទ្ររហូតដល់ទៅ ៩០ភាគរយនៃលំហសមុទ្រ ៣លាន ៥សែនគីឡូម៉ែត្រក្រឡា។
លោក ម៉ាសកូសជៀ ដែលផ្ដើមទស្សនកិច្ចនៅវៀតណាមលើកដំបូងក្នុងឋានៈជាប្រធានាធិបតីថ្មីហ្វីលីពីន ត្រូវបានគេមើលឃើញថា មេដឹកនាំហ្វីលីពីនរូបនេះត្រូវបញ្ចុះបញ្ចូលមេដឹកនាំវៀតណាម ឱ្យតស៊ូរួមគ្នាក្នុងសមាគមអាស៊ានទប់ទល់នឹងឥទ្ធិពល និងការរំលោភបំពានពីសំណាក់ប្រទេសចិន នៅក្នុងជម្លោះព្រំដែនសមុទ្រចិនខាងត្បូង។
ក្នុងន័យនេះហើយដែលហ្វីលីពីន ឈានទៅដល់ការចាប់យកកិច្ចព្រមព្រៀងយោធាជាមួយនឹងប្រទេសដែលមានសក្ដានុពលផ្នែកយោធា មានដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងប្រទេសជប៉ុន។ ប្រទេសទាំងអស់នេះសុទ្ធតែបានធ្វើសមយុទ្ធនាវាចម្បាំង យន្តហោះចម្បាំងជាមួយប្រទេសហ្វីលីពីន។
ក្នុងស្ថានភាពដែលប្រឈមមុខជាមួយចិន ក្រុងម៉ានីល ចាប់ផ្ដើមស្វែងរកអាវុធទំនើបៗពីសហរដ្ឋអាមេរិក ពីឥណ្ឌា មានដូចជាហ្វីលីពីនកំពុងតែដាក់ស្នើទិញយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិក និងមីស៊ីល BrahMos រយៈចម្ងាយមធ្យមពីប្រទេសឥណ្ឌា៕