អង្គភាពការពារប្រធានាធិបតីហ្វីលីពីន ទទួលបទបញ្ជាឱ្យបង្កើនការប្រុងប្រយ័ត្នបំផុត ដើម្បីការពារអាយុជីវិតលោកប្រធានាធិបតី Ferdinand Marcos Jr បន្ទាប់ពីអ្នកស្រីអនុប្រធានាធិបតី Sara Duterte បាននិយាយគំរាមឲ្យកងអង្គរក្សរបស់អ្នកស្រីសម្លាប់លោក Marcos Jr ដែលអ្នកស្រី Sara Duterte ថាបើអ្នកស្រីត្រូវបានសម្លាប់ គឺកងអង្គរក្សអ្នកស្រីត្រូវតែសម្លាប់លោក Marcos Jr។
ក្នុងស្ថានភាពដ៏រំជើបនេះ ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីន បានកសាងសំណុំរឿងព្រហ្មទណ្ឌដោយចោទអនុប្រធានាធិបតី Sara Duterte ជាមេខ្លោងនៃគម្រោងធ្វើឃាតប្រធានាធិបតី លោក Marcos Jr។
ក្រសួងយុត្តិធម៌ បានដាក់ឱសានវាទទុកពេល ៥ថ្ងៃឱ្យអ្នកស្រី Sara Duterte ចូលខ្លួនឆ្លើយតបចំពោះដីកាកោះហៅពីស្ថាប័នយុត្តិធម៌នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RTL Today នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកា នេះ ដែលជាសម្រង់សេចក្តីរាយការណ៍ព័ត៌មានពីទីភ្នាក់ងារព័ត៌មាន AFP។
ការកោះហៅរបស់ក្រសួងយុត្តិធម៌ បន្ទាប់ពីអ្នកស្រី Sara Duterte ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅ ដោយវាយប្រហារលោកប្រធានាធិបតី Marcos Jr ប៉ុន្តែចំណុចធ្ងន់គឺអ្នកស្រី Sara Duterte បាននិយាយថា អ្នកស្រីបានបង្គាប់ទៅអ្នកការពារអ្នកស្រីឱ្យធ្វើឃាតលោក Marcos Jr ប្រសិនបើអ្នកស្រីត្រូវបានគេសម្លាប់។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អនុរដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីន លោក Jesse Andres បាននិយាយថា រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីការពារប្រធានាធិបតី Marcos Jr ហើយថាគម្រោងការគិតទុកជាមុនដើម្បីធ្វើឃាតលោកប្រធានាធិបតី ប្រកាសដោយមេខ្លោងដែលបានសារភាពខ្លួនឯងផ្ទាល់នេះ ឥឡូវនឹងត្រូវប្រឈមមុខជាមួយផលវិបាកតាមផ្លូវច្បាប់។
អំឡុងសន្និសីទសារព័ត៌មាន អ្នកស្រី Sarah Duterte បានអះអាងថា អ្នកស្រីកំពុងស្ថិតក្រោមហានិភ័យនៃគម្រោងប៉ុនប៉ងធ្វើឃាត ហើយបានណែនាំឱ្យសមាជិកនៃកងការពាររបស់អ្នកស្រីសម្លាប់លោក Marcos Jr ប្រសិនបើអ្នកស្រីគ្រោះថ្នាក់។
លោក Marcos Jr បានផ្ទុះកំហឹងដោយប្ដេជ្ញាតតាំងចំពោះមុខការគំរាមកំហែងនេះ ដែលចាត់ទុកថាសកម្មភាពប៉ុនប៉ងខុសច្បាប់បែបនេះ ដាច់ខាតត្រូវនាំអ្នកស្រី Sarah Duterte ទៅប្រឈមមុខនឹងផ្លូវច្បាប់។
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីន លោក Jesse Andres បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមដាន និងវែកមុខរកបុគ្គលដែលទទួលបានការបង្គាប់បញ្ជាពីអ្នកស្រីអនុប្រធានាធិបតី Sarah Duterte។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា ឆ្នាំ២០២២ គ្រួសារអតីតប្រធានាធិបតី Rodrigo Duterte ដែលគេហៅថាបុរសខ្លាំង និងគ្រួសារបុរសខ្លាំងម្នាក់ទៀត គឺលោក Ferdinand Marcos បានចងសម្ព័ន្ធភាពនឹងគ្នាចាប់ដៃគ្នាដណ្ដើមតំណែងប្រធានាធិបតី និងអនុប្រធានាធិបតី។
លោក Duterte បានចាត់តាំងកូនស្រី គឺអ្នកស្រី Sara Duterte ជាបេក្ខជនសម្រាប់អនុប្រធានាធិបតីរបស់បេក្ខជនប្រធានាធិបតី Marcos Jr ដែលគេថាគ្រួសារមហាអំណាចខ្លាំងពីរនៅហ្វីលីពីន មានផែនការចងភ្ជាប់អំណាចរដ្ឋជាអំណាចបែបសន្តតិវង្ស។ សម្ព័ន្ធភាពនេះ បានជួយឱ្យលោក Marcos និងអ្នកស្រី Sara Duterte ទទួលជ័យជម្នះឈ្នះឆ្នោតជាប់ជាប្រធានាធិបតី និងអនុប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២២។
នៅដើមឆ្នាំ២០២៤ នេះ គ្រួសារទាំងពីរដែលមានជម្លោះនឹងគ្នា ត្រូវគេមើលឃើញថាអាចផ្ដើមពីលោក Duterte ទាមទារឱ្យរុះរើរដ្ឋធម្មនុញ្ញដើម្បីឱ្យគាត់បានឈរជាបេក្ខជនប្រធានាធិបតីម្ដងទៀត ខណៈរដ្ឋធម្មនុញ្ញកំណត់ឱ្យតែ ៦ឆ្នាំក្នុងមួយអាណត្តិសម្រាប់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន តែពេលនោះ លោក Marcos Jr ជំទាស់។
ម្យ៉ាងទៀត គ្រួសារលោក Duterte នៅតែមានទំនោរទៅរកចិន ដែលអាចជំទាស់លោក Marcos Jr ប្រកាន់ជំហរខ្លាំងប្រឆាំងចិន ករណីជម្លោះព្រំដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំង វាតទីចូលខាងខ្សែទឹករបស់ហ្វីលីពីន រហូតប្រទេសទាំងពីរបញ្ជូនទ័ព និងនាវាល្បាត នាវាចម្បាំងទៅប្រឈមមុខដាក់គ្នា។
ការបែកបាក់ខ្លាំងក៏ផ្ទុះចេញពីរឿងលោក Duterte ដែលត្រូវបានសភាកោះហៅឱ្យចូលខ្លួនបំភ្លឺករណីសង្គ្រាមប្រឆាំងគ្រឿងញៀនកាលពីលោកជាប្រធានាធិបតី ហើយមានការសម្លាប់រង្គាលរហូតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក។
ករណីនេះហើយដែលអាចបង្កឲ្យគ្រួសារមានអំណាចខ្លាំងទាំងពីរនៅហ្វីលីពីន បែកបាក់គ្នាខ្លាំងរហូតដល់មានការប៉ងធ្វើឃាតលោក Marcos Jr ឋានៈជាប្រធានាធិបតី ដោយអ្នកស្រី Sara Duterte អនុប្រធានាធិបតី៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

