អត្ថបទដោយ៖ ហាស់ សាន
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់មួយចំនួននៃរបបក្រុងមូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិឲ្យទាល់តែបាន។
ពួកគេនិយាយថា ជនដៃដល់ទាំងនោះមានក្រុមមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវិលអ៊ុយក្រែន និងកងទ័ពអ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះ ក៏មានលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ជាមេខ្លោងផងដែរ។
លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្ដារមួយក្រោយពីក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The Cambodia Daily ផង បានចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
ពិភពលោកចេះតែសម្លឹងទៅរកមេដឹកនាំផ្ដាច់ការជាច្រើនដែលគួរត្រូវបាននាំខ្លួនទៅកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC មានដូចជាអតីតមេដឹកនាំប្រទេសស៊ូដង់ Omar Hassan Ahmad al-Bashir អតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ Robert Mugabe អតីតមេដឹកនាំប្រទេសអេហ្ស៊ីប ហូស្នី មូបារ៉ាក់ អតីតមេដឹកនាំហ្វីលីពីន ដ្រូឌ្រីងហ្គូ ឌូទើតេ ប្រធានាធិបតីប្រទេសស៊ីរី Bashar al-Assad មេដឹកនាំរបបសឹកភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មានទាំងអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ផង។
មេដឹកនាំទាំងនេះត្រូវបានរាប់បញ្ចូលជាមេដឹកនាំដែលស្ថិតក្នុងបញ្ជីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិខាងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងអំឡុងពេលពួកគេកាន់អំណាច ដែលបង្កើតឱ្យមានការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
ក្នុងចំណោមមេដឹកនាំទាំងនោះ ក៏មានមេដឹកនាំខ្លះរងបទចោទរួចទៅហើយដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ប៉ុន្តែពួកគេមិនទាន់ជួបវាសនាត្រូវបាននាំខ្លួនទៅកាត់ទោសនោះទេ ដោយសារមេដឹកនាំជំនាន់ក្រោយការពារ ព្រោះជាប់សែស្រឡាយ ឬក្នុងបក្សតែមួយ។
ម្យ៉ាងទៀត មេដឹកនាំដែលមានឈ្មោះក្នុងបញ្ជីចាប់ខ្លួនពី ICC ពួកគេមិនព្យាយាមចាកចេញពីប្រទេសនោះទេ ហើយបើចេញពីប្រទេស គឺច្រើនតែទៅកាន់ប្រទេសដែលផ្ដាច់ការដូចគ្នា។
តែយ៉ាងហោចណាស់ក៏មានមេដឹកនាំមួយចំនួនផងដែរត្រូវបានគេនាំខ្លួនទៅកាត់ទោសនៅតុលាការអន្តរជាតិ ICC នៅក្រុងឡាអេ ប្រទេសហុឡង់ដ៍។ មេដឹកនាំទាំងនោះក៏មានអតីតមេដឹកនាំហ្សែប៊ី និងប្រទេសយូហ្គោស្លាវី ឈ្មោះ Slobodan Milosevic ផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមប្រតិភូអ្នកកាសែតអន្តរជាតិ ក៏មានអ្នកសារព័ត៌មានជនជាតិខ្មែរម្នាក់ផងដែរដែលធ្វើការឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ The Cambodia Daily ចូលរួមដំណើរទៅក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចស្វែងរកការពិត ក្រុមអ្នកកាសែតអន្តរជាតិបានជួបនឹងអ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មសង្គ្រាមជនជាតិអង់គ្លេស គឺលោក Wayne Jordash។
ដំណើរទស្សនកិច្ចស្វែងរកការពិតទៅកាន់ប្រទេសអ៊ុយក្រែន នេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មការអ្នកកាសែតដើម្បីប្រយោជន៍សាធារណៈ ឬហៅកាត់ថា PIJL (Public Interest Journalism Lab)។ ក្រុមនេះក៏បានធ្វើកិច្ចការលើគម្រោងមួយដែលមានឈ្មោះថា The Reckoning Project។ គម្រោងនេះ គឺដើម្បីការពារសិទ្ធិពលរដ្ឋអ៊ុយក្រែន និងដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ រួមទាំងការប្រមូលភស្តុតាងអំពីការឈ្លានពានពីប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
មុនទៅដល់រដ្ឋធានីគៀវ ក្រុមអ្នកកាសែតត្រូវធ្វើដំណើរដោយការជិះរថភ្លើងកាត់តាមព្រៃចេញពីព្រំដែនប្រទេសប៉ូឡូញ។ ពេលទៅដល់ក្រុងគៀវ ពួកគេត្រូវបានអ្នកកាសែតរបស់អ៊ុយក្រែន នៃក្រុម PIJL ជាអ្នកជូនដំណើរ និងសម្របសម្រួលស្ថានការណ៍គ្រប់បែបយ៉ាង ដើម្បីអាចឲ្យក្រុមអ្នកកាសែតពីតំបន់អាស៊ី រួមមានអ្នកកាសែតខ្មែរមួយរូបដែរនោះ អាចទៅពិនិត្យមើលទីតាំងជាច្រើនកន្លែងដែលត្រូវបានកម្ទេចដោយគ្រាប់មីស៊ីល និងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី រួមទាំងកន្លែងកប់សពទាំងក្មេងទាំងចាស់ក្នុងរណ្តៅរួម ដែលត្រូវកងទ័ពរុស្ស៊ីសម្លាប់។ វិធីសម្លាប់ខ្លះ ជនរងគ្រោះត្រូវទាហានរុស្ស៊ី ចាប់សម្លាប់ទាំងចងស្លាបសេកក៏មាន។
ក្រុមអ្នកកាសែតទាំងនោះបានផ្ដិតយករូបភាព និងភស្តុតាងជាច្រើនដែលរដ្ឋអាជ្ញាអ៊ុយក្រែន និងរដ្ឋអាជ្ញានៃតុលាការអន្តរជាតិ ICC បានប្រមូលទុកចងក្រងជាសំណុំរឿងប្រឆាំងនឹងលោក ពូទីន មេទ័ព និងទាហានរុស្ស៊ី ដែលបានសម្លាប់យ៉ាងរង្គាលលើជាតិសាសន៍អ៊ុយក្រែន រួមទាំងទិដ្ឋភាពនៃទីតាំងសម្លាប់មនុស្ស ព្រមទាំងវិនាសកម្មខ្ទេចខ្ទីនៃអគារ លំនៅឋាន និងសហគមន៍ស៊ីវិលដែលត្រូវបានកម្ទេចដោយគ្រាប់មីស៊ីលរុស្ស៊ីផងដែរ។
ក្នុងជំនួបជាមួយអ្នកច្បាប់អន្តរជាតិ លោក Wayne Jordash លោកបានរៀបរាប់អំពីបទពិសោធន៍របស់លោកថា លោកបានមកប្រទេសអ៊ុយក្រែន ដំបូងនៅឆ្នាំ២០១៥ ហើយលោកមេធាវីរូបនេះក៏មានការិយាល័យនៅប្រទេសអង់គ្លេស ដែរ។ ក្រុមហ៊ុនមេធាវីរបស់លោកមានការបែងចែកជាពីរ មួយជាមេធាវីនៅក្នុងប្រទេស ហើយមួយទៀតជាមេធាវីសម្រាប់កិច្ចការក្រៅប្រទេស ពួកគេគឺជាអ្នកតស៊ូមតិ ហើយក្រុមមេធាវីដែលធ្វើការនៅក្នុងប្រទេស ជាពិសេសនៅក្នុងការិយាល័យនោះ គឺដើម្បីផ្តល់ប្រឹក្សាឱ្យកូនក្ដី ឬអ្នកមកសុំការពឹងពាក់។
៥ឆ្នាំដំបូងក្នុងអាជីពរបស់លោក Wayne Jordash ជាមេធាវីការពារនៅចក្រភពអង់គ្លេស លោកថាបានធ្វើការទាក់ទងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិហើយ តែនៅឆ្នាំ២០១៤ លោកបានបង្កើតអង្គការខ្លួនឯងមួយមានឈ្មោះថា Global Rights Complaint។ ក្រុមអង្គការនេះមានកិច្ចការពាក់ព័ន្ធជាខ្លាំងនឹងសិទ្ធិមនុស្ស ដោយយករឿងក្ដីថ្នាក់ជាតិទៅកាន់តុលាការអន្តរជាតិ ។
បើតាមលោក Wayne Jordash អង្គការរបស់លោកបានប្រមូលផ្ដុំដោយមេធាវីអន្តរជាតិ មេធាវីដែលមានជំនាញក្នុងសំណុំរឿងឧក្រិដ្ឋកម្មអន្តរជាតិ។
ចំពោះការមកបំពេញការងារជាអ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិនៅប្រទេសអ៊ុយក្រែន លោកទទួលបានការគាំទ្រពីរដ្ឋាភិបាលអ៊ុយក្រែន ហើយខាងការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែន បានជួយក្រុមរបស់លោកក្នុងការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងប្រល័យពូជសាសន៍ប្រឆាំងនឹងរបបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។
នៅក្នុងប្រទេសអ៊ុយក្រែន លោក Wayne Jordash បានដឹកនាំក្រុមរបស់លោកចុះស្រាវជ្រាវដោយផ្ទាល់នៅតំបន់សម្លាប់រង្គាលដោយកងទ័ពរុស្ស៊ី។ លោកបានជួបគ្រួសារជនរងគ្រោះ និងប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងឧក្រិដ្ឋប្រឆាំងលោក ពូទីន និងមេទ័ពរុស្ស៊ី។
លោកមេធាវី Wayne Jordash ពន្យល់ថា សង្គមអ៊ុយក្រែន ដូចជាស្នាមប្រហោងមួយនៃការពិតចំពោះការកាត់ក្ដីលោក ពូទីន រួមទាំងមន្ត្រី និងជនដៃដល់របស់លោក ពូទីន ដែលប្រព្រឹត្តឧក្រិដ្ឋកម្មនៅអ៊ុយក្រែន ដែលត្រូវតែធ្វើឱ្យសំណុំរឿងនេះត្រូវដំណើរការឱ្យឆាប់។ ប៉ុន្តែលោកថា មានជម្រើសពីរដែលធ្វើ គឺទី១ ត្រូវរង់ចាំដល់លោក ពូទីន ធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសណាដែលរដ្ឋអាជ្ញានៃតុលាការ ICC អាចចូលទៅបាន ហើយអាជ្ញាធរប្រទេសនោះត្រូវជួយសហការឃាត់ខ្លួនលោក ពូទីន តែម្តង។ ជម្រើសទី២ លោកថាគេត្រូវរង់ចាំប្រទេសរុស្ស៊ី មានមេដឹកនាំថ្មី ដែលអាចសហការជាមួយតុលាការ ICC ក្នុងការឃាត់ខ្លួនលោក ពូទីន ខណៈលោក ពូទីន អស់អំណាច។
ប៉ុន្តែជាមួយគ្នានេះ អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិរូបនេះសង្ឃឹមទៅលើប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Karim Khan ដែលនឹងអាចនាំទៅរកការបើកសាលាក្ដីអន្តរជាតិលើករណីលោក ពូទីន និងមេទ័ពរបស់លោក ពូទីន ដែលប្រព្រឹត្តឧក្រិដ្ឋកម្មនៅអ៊ុយក្រែន។
លោក Karim Khan ជាប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោកបានចេញដីកាចាប់ខ្លួនលោក ពូទីន ករណីឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។
តាមលោកមេធាវី Wayne Jordash ឲ្យដឹងថា រឿងក្ដីឧក្រិដ្ឋធំ លោក Karim Khan តែងតែទទួលបានជោគជ័យ។ លោក Jordash អះអាងថា លោក Karim Khan ជាមនុស្សដែលធ្វើការប្រកបដោយភាពប្រុងប្រយ័ត្ន ហើយរឿងក្ដីដែលពិបាកៗ គាត់អាចធ្វើបាន ហើយទទួលជោគជ័យ ៥ករណីធំៗរួចមកហើយក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
លោកបន្តថា រឿងក្ដីទាំងឡាយណាដែលដោះស្រាយមិនចេញ គឺលោក Karim Khan អាចរុញឱ្យសាលាជម្រះក្ដីប្រឆាំងនឹងជនជាប់ចោទបាន។ មានន័យថា នៅពេលដែលលោក Karim Khan លោតចូលទៅក្នុងករណីប្រទេសអ៊ុយក្រែន គឺគាត់មានការប្រុងប្រយ័ត្នណាស់ ព្រោះគាត់ចង់ធ្វើឱ្យប្រាកដថា គាត់នឹងធ្វើឱ្យជោគជ័យឈានដល់ការកាត់ទោសជនជាប់ចោទក្នុង ICC តែម្តង។
ការចេញដីកាចាប់ខ្លួនលោក ពូទីន និងប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃប្រទេសរុស្ស៊ី ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅអ៊ុយក្រែន គឺលោក Karim Khan ជាអ្នកផ្ដួចផ្ដើមគំនិត។
លោកមេធាវី Wayne Jordash បានឲ្យដឹងថា លោក ពូទីន នេះហើយជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មជាច្រើនក្នុងប្រទេសអ៊ុយក្រែន ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកបន្តថា លោក ពូទីន មានចេតនាពង្រត់ ឬជំរត់កុមារអ៊ុយក្រែន ពីស្រុកកំណើតដែលពួកគេរស់នៅ ហើយនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមានភស្តុតាងបង្ហាញពីការប៉ះពាល់ខ្លាំងទៅលើកុមារ និងប្រជាជនអ៊ុយក្រែន។
លោកមេធាវីអន្តរជាតិរូបនេះអះអាងថា ការសម្លាប់រង្គាលប៉ះពាល់លើប្រជាជនអ៊ុយក្រែន ជាបទឧក្រិដ្ឋដែលប្រព្រឹត្តជាប្រព័ន្ធ មានផែនការរៀបចំទុកជាមុនក្រោមបញ្ជាមេដឹកនាំនៃរបបនៅក្រុងមូស្គូ។ លោកបន្តថា បើមិនមានការសម្លាប់រង្គាល នោះវាក៏ពុំមានស្រមោលនៃភស្តុតាងនោះដែរ។
លោកមេធាវី Jordash អះអាងថា ជនដៃដល់នៃបទឧក្រិដ្ឋកម្ម គឺជាអ្នកដែលធ្វើតាមគោលនយោបាយក្រោមបញ្ជាមេដឹកនាំរដ្ឋ ហើយវាគឺជាឧក្រិដ្ឋកម្មដែលកើតឡើងដដែលៗ និងមានជាលក្ខណៈប្រព័ន្ធ។
លោកបន្តថា រឿងនេះមានការដឹងឮច្រើនពីរដ្ឋាភិបាលរុស្ស៊ី។ ដូច្នេះ វាជាយុទ្ធនាការរបស់រុស្ស៊ី យ៉ាងពិតប្រាកដ ដែលត្រូវទាញលោក ពូទីន ឲ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មលើប្រជាជនអ៊ុយក្រែន។
ប៉ុន្តែក្រុមអ្នកកាសែតបានសួរថា តើ ICC មានមុខងារ ហើយមានដែនកំណត់ដែលអាចបង្ខំលោក ពូទីន ឱ្យទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន បានឬទេ បើរុស្ស៊ីពុំមែនជាសមាជិករបស់ ICC?
សំណួរនេះត្រូវបានលោក Wayne Jordash ពន្យល់ថា វាអាចធ្វើបាន ព្រោះពុំមានមូលហេតុអ្វីណាដែលរារាំងការចាប់ខ្លួនលោក ពូទីន នោះនៅពេលលោក ពូទីន អស់អំណាច។ នេះហើយជាអ្វីដែលរដ្ឋអាជ្ញាអ៊ុយក្រែន កំពុងមមាញឹកក្នុងការប្រមូលឯកសារទាំងនោះទៅកាន់ ICC ព្រោះលោក ពូទីន កំពុងកាន់អំណាច គឺគាត់ពិតណាស់ជាអ្នកទទួលខុសត្រូវរឿងនេះ ហើយជាមួយគ្នានេះ ICC អាចចេញដីកាស្នើឱ្យចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រុស្ស៊ី ជាច្រើននាក់ថែមទៀត។
នៅក្នុងដំណើរស្វែងរកការពិតពីអ្នកកាសែតអន្តរជាតិពីតំបន់អាស៊ីទាំងនេះ គេក៏បានជួបសម្ភាសជាមួយលោក Andriy Kostin អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន ផងដែរ។
ក្នុងជំនួបនោះ លោក Andriy Kostin បានបង្ហាញភស្តុតាងជាច្រើនដែលកងទ័ពរុស្ស៊ី សម្លាប់ប្រជាជនអ៊ុយក្រែន ហើយសូម្បីកុមារក៏ត្រូវបានសម្លាប់ក្នុងរណ្ដៅសាកសពរួមជាមួយគ្រួសាររបស់ពួកគេ។ លោកបន្តថា ការវាយប្រហារដោយគ្រាប់មីស៊ីលពីរុស្ស៊ី មិនត្រឹមតែដៅទៅលើទីតាំងកងទ័ពអ៊ុយក្រែន នោះទេ គឺសូម្បីមន្ទីរពេទ្យ ទីផ្សារក៏ត្រូវរងនូវការវាយប្រហារដែរ។ លោកបញ្ជាក់ថា ក្នុងនាមជារដ្ឋអាជ្ញាអ៊ុយក្រែន លោកមានមុខនាទីស្រាវជ្រាវរកភស្តុតាងក្រោមកិច្ចសហការជាមួយអ្នកច្បាប់អន្តរជាតិ និងរដ្ឋអាជ្ញានៃតុលាការ ICC ដើម្បីចងក្រងជាសំណុំរឿងប្ដឹងរបបទីក្រុងមូស្គូ។
លោក Andriy Kostin បន្តថា ការបែងចែកសំណុំរឿងបទឧក្រិដ្ឋដែលកងទ័ពរុស្ស៊ី ប្រព្រឹត្តក្រោមការគ្រប់គ្រងរបស់លោក ពូទីន វាអាស្រ័យទៅលើ ICC ជាអ្នកកំណត់ថាតើជាទម្រង់នៃបទឧក្រិដ្ឋកម្មសង្គ្រាម បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬជាបទឧក្រិដ្ឋប្រល័យពូជសាសន៍។
លោកពន្យល់ថា ហេតុផលនៃការប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិនេះ គឺសហគមន៍អន្តរជាតិត្រូវរួមគ្នា ហើយត្រូវចាប់បង្ខំឱ្យរុស្ស៊ី ចូលខ្លួនមកតតាំងក្ដីនៅពេលដែល ICC បើកការជំនុំជម្រះក្ដី។
លោកបន្តថា សហគមន៍អន្តរជាតិត្រូវរួមគ្នាជាកម្លាំងតែមួយដាក់ទណ្ឌកម្មលើរបបក្រុងមូស្គូ ដោយភ្ជាប់ករណីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកងទ័ពរុស្ស៊ី។ លោកបន្តថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិគេចោទទៅលើបុគ្គល ឬមេដឹកនាំ។
ក្រោមយុត្តាធិការនៃតុលាការ ICC ទោះជាមិនមែនមុខនាទីរដ្ឋអាជ្ញាអ៊ុយក្រែន ក៏ដោយ ប៉ុន្តែក្រុមរដ្ឋអាជ្ញា ICC ក៏ត្រូវមានភារកិច្ចចុះមកស្រាវជ្រាវផ្ទាល់ដល់មូលដ្ឋាន និងទីតាំងដែលជនរងគ្រោះត្រូវបានសម្លាប់នោះដែរ។ ក្រៅពីនេះ អ្នកច្បាប់អន្តរជាតិមកពីអង្គការសិទ្ធិមនុស្ស ក៏អាចចូលរួមស្រាវជ្រាវស៊ើបអង្កេតរាល់សកម្មភាពដែលទ័ពរុស្ស៊ី ប្រព្រឹត្តទៅលើប្រជាជនអ៊ុយក្រែន ដែរ។
តាមការពន្យល់របស់លោក Kostin អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន មិនអាចរង់ចាំរហូតដល់ជនដៃដល់ក្នុងអំពើឧក្រិដ្ឋកម្មទាំងនេះអស់អំណាចនោះទេ គឺត្រូវបើករឿងក្ដីនេះនៅពេលដែលការប្រព្រឹត្តបទឧក្រិដ្ឋរបស់អ្នកឈ្លានពានកំពុងធ្វើសកម្មភាពតែម្តង។
លោក Andriy Kostin មុនឡើងកាន់តំណែងអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោកបានឆ្លងអាជីពជាមេធាវីអស់រយៈពេល ២៥ឆ្នាំ។ លោកជាអ្នកច្បាប់ដែលតែងតែចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវប្រមូលភស្តុតាងបទឧក្រិដ្ឋ ទៅដល់មេធាវី និងអ្នកច្បាប់អ៊ុយក្រែន ជំនាន់ក្រោយ។
តាមអ្នកជំនាញច្បាប់អន្តរជាតិ Wayne Jordash វិញ លោកពន្យល់ថា ករណីលោក ពូទីន ដូចគ្នាទៅនឹងបទឧក្រិដ្ឋនៃអតីតមេដឹកនាំប្រទេសហ្សែប៊ី និងប្រទេសយូហ្គោស្លាវី គឺលោក Slobodan Milosevic នោះដែរ ដែលត្រូវនាំខ្លួនទៅកាត់ទោសនៅតុលាការ ICC នៅក្រុងឡាអេ ប្រទេសហុឡង់ដ៍។
លោក Slobodan Milosevic ជាឧក្រិដ្ឋជនសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Milosevic ត្រូវបានរុញឱ្យធ្លាក់ពីអំណាចក្នុងឆ្នាំ២០០០។ លោកបានធ្លាក់ពីអំណាចដោយសារកម្លាំងបាតុករផ្ទុះប្រឆាំងលោក ព្រោះតែលោកដឹកនាំប្រទេសហ្សែប៊ី ទៅរករបបកុម្មុយនីស្តវិញ។ តែពេលនោះ លោកបញ្ជាកងទ័ពដែលស្មោះស្ម័គ្រនឹងលោក ឲ្យបាញ់សម្លាប់និស្សិត បញ្ញវ័ន្ត អ្នកនយោបាយស្លាប់យ៉ាងរង្គាល។ លោក Milosevic ធ្លាក់ពីអំណាចដោយសារការលូកដៃពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឯទៀត។
ក្រោយពីធ្លាក់ពីអំណាចភ្លាម រដ្ឋាភិបាលហ្សែប៊ីថ្មីក៏បានបញ្ជូនលោក Milosevic ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលគេថាសាលាជំនុំជម្រះក្ដីអន្តរជាតិយូហ្គោស្លាវី ដែលធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ក្នុងបទឧក្រិដ្ឋកម្មសង្គ្រាម ខណៈបង្កសង្គ្រាមជាមួយប្រទេសកូសូវូ និងសម្លាប់ជាតិសាសន៍កូសូវូ។ ក្នុងឆ្នាំ២០០១ លោកក៏ត្រូវបានចោទប្រកាន់បន្ថែម ២សំណុំរឿងទៀតទាក់ទិនទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺការសម្លាប់រង្គាលលើពលរដ្ឋកាន់សាសនាអ៊ីស្លាម។
បទចោទចុងក្រោយនេះ លោក Milosevic បានបដិសេធមិនទទួលខុសត្រូវរាល់ការសម្លាប់រង្គាល និងភាពវឹកវរជាច្រើនក្នុងអំឡុងពេលដែលលោកកាន់អំណាចនៅហ្សែប៊ី។ លោកបានអះអាងថា ការចោទប្រកាន់ប្រឆាំងរូបលោកដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាការរួមដៃគ្នារវាងសត្រូវបរទេសដែលសហការជាមួយគូប្រជែងនយោបាយ និងអតីតសមាជិកបក្សប្រឆាំងនៅអតីតប្រទេសយូហ្គោស្លាវី។
ក្រោយជាប់ពន្ធនាគារបានបួនឆ្នាំ គឺក្នុងឆ្នាំ២០០៦ លោក Milosevic ស្លាប់ដោយសារជំងឺគាំងបេះដូងក្នុងអាយុ ៦៤ឆ្នាំ គឺស្លាប់នៅក្នុងពន្ធនាគារនាទីក្រុងឡាអេ។
និយាយដោយសង្ខេបទៅ លោក Milosevic បានកាន់តំណែងប្រធានាធិបតីចំនួន ២ប្រទេសក្នុងមួយជីវិតរបស់លោក គឺនៅប្រទេសហ្សែប៊ី ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៧ និងជាប្រធានាធិបតីនៅសហព័ន្ធយូហ្គោស្លាវី ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០។
តាមឯកសារស្រាវជ្រាវ លោក Milosevic មានរឿងអាស្រូវជាប់ខ្លួនដូចជា ករណីឧក្រិដ្ឋកម្មសង្គ្រាម និងប្រល័យពូជសាសន៍ទៅលើជាតិសាសន៍អំបូរអាបានី ក្រូអាត និងកូសូវូ។
តែអ្វីដែលនាំឲ្យលោក Milosevic ត្រូវបានទម្លាក់ពីអំណាច គឺដោយសារតែលោកប្រើប្រាស់អំណាចហួសព្រំដែនក្នុងការបំបិទសិទ្ធិសេរីភាពពលរដ្ឋ បង្ក្រាបអ្នកនយោបាយក្រុមប្រឆាំង និងមានជម្លោះជាមួយលោកខាងលិច។
ទោះជាសេចក្តីរាយការណ៍ពីវេជ្ជបណ្ឌិតអះអាងថា លោក Milosevic ស្លាប់ដោយសារជំងឺគាំងបេះដូងក្តី តែប្រភពខ្លះបញ្ជាក់ថា លោកធ្វើអត្តឃាត និងខ្លះទៀតថាលោកត្រូវគេបំពុលនៅពេលលោកទទួលទានបាយក្នុងពន្ធនាគារនៅក្រុងឡាអេ ប្រទេសហុឡង់ដ៍ ក្រោមការមើលការខុសត្រូវដោយសាលាក្ដីអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី ហៅកាត់ថា ICTY (International Criminal Tribunal for the former Yugoslavia) ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។
សំណុំរឿងឧក្រិដ្ឋរបស់លោក Milosevic គឺជាការចងចាំ និងកត់ត្រាទុកជារឿងប្រវត្តិសាស្ត្រមួយទាក់ទងនឹងអំណាចតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលសហការជាមួយសាលាក្ដីអន្តរជាតិយូហ្គោស្លាវី ICTY។
នៅលើពិភពលោកយើងនេះ មានសំណុំរឿងឧក្រិដ្ឋដូចលោក Milosevic ច្រើនដែរ តែគ្រាន់តែជនជាប់ចោទខ្លះត្រូវចាប់ខ្លួន ខ្លះទៀតស្លាប់មុនការចាប់ខ្លួន និងខ្លះទៀតត្រូវបានកាត់ទោសក្រោមដែនយុត្តាធិការពិសេស ឬសាលាក្ដីកូនកាត់ដែលមានចៅក្រម និងរដ្ឋអាជ្ញាអន្តរជាតិមកពីតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

