35.2 C
Phnom Penh

តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដាក់​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រៀងរាល់ ២​ខែ​ម្តង​ជា​កំហិត។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ តុលា នេះ​ថា សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​សម្រេច​ដាក់​រូបលោក​ជា​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ រហូត​ដល់​បញ្ចប់​នីតិវិធី​តុលាការ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា តុលាការ​បាន​ហាមឃាត់​លោក​មិន​ឲ្យ​ធ្វើ​សកម្មភាព​នានា ដូចជា អំពើ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ឬ​ប្រព្រឹត្ត​ឲ្យ​មាន​ការ​រើសអើង​តាម​គ្រប់​រូបភាព និង​មធ្យោបាយ​ណា​ដែល​អំពើ​ប្រព្រឹត្ត​ទាំងនោះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​របៀប​រៀបរយ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ឡើយ។

លោក​បញ្ជាក់​ថា តុលាការ​ក៏​បាន​ហាមឃាត់​មិន​ឱ្យ​លោក​ផ្លាស់ប្ដូរ​ទី​លំនៅឋាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ និង​ត្រូវ​ចូល​ទៅ​បង្ហាញ​ខ្លួន​តាម​កាលកំណត់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ២​ខែ​ម្តង​រៀងរាល់​ដើម​ខែ ព្រមទាំង​ត្រូវ​ឆ្លើយតប​នឹង​ដីកា​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ជា​កំហិត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក មាជ សុវណ្ណារ៉ា ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​រតនគិរី ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

នៅ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៤ នេះ តុលាការ​ខេត្ត​រតនគិរី បាន​កោះហៅ​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ក្នុង​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ខេត្ត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សាជាថ្មី​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៤ នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស