35.3 C
Phnom Penh

បេក្ខជន​ជាង ១​សែន ៣​ម៉ឺន​នាក់​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​ជាង ១​សែន​នាក់ បាន​តម្រង់​ជួរ​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​កាត់​ថា បាក់ឌុប ក្នុង​មណ្ឌល​ប្រឡង​ជាង ២០០​មណ្ឌល និង​ជាង ៥​ពាន់​បន្ទប់ នៅ​ទូទាំង ២៥​រាជធានី​ខេត្ត ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃទី​៨ និង​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០២៤ នេះ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​បែងចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ក្នុង​នោះ ផ្នែក​នីមួយៗ​ត្រូវ​ដំណើរការ​លើ​វិញ្ញាសា ៧​មុខវិជ្ជា​ដូច​គ្នា ដែល​ត្រូវ​ចែកចាយ​ទៅ​តាម​បន្ទប់​ប្រឡង​នៅ​ទូទាំង​ប្រទេស។ នៅ​ថ្ងៃ​ដំបូង ការ​ប្រឡង​ដំណើរការ​លើ​មុខវិជ្ជា​ចំនួន​៣ និង​ថ្ងៃ​បញ្ចប់​ដំណើរការ​ប្រឡង​លើ​មុខវិជ្ជា​ចំនួន​៤។

ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៤ នេះ មាន​សិស្ស​ស្រី​ចូលរួម​ប្រឡង​ជាង ៧​ម៉ឺន​នាក់ (៧៤៨៨២​នាក់) ក្នុង​ចំណោម​សិស្ស​សរុប​ជាង ១​សែន ៣​ម៉ឺន​នាក់ (១៣៧០៤០​នាក់)។

ក្នុង​ចំណោម​សិស្ស​ទាំង ១៣​ម៉ឺន ៧​ពាន់ ៤០​នាក់ ត្រូវ​បាន​បែងចែក​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រឡង​ជាង ៥​ពាន់​បន្ទប់ (៥៥៣៣) ដែល​តម្រូវ​ឱ្យ​មាន​សិស្ស ២៥​នាក់ ក្នុង ១​បន្ទប់ នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​ជាង ២០០​មណ្ឌល (២៣០​មណ្ឌល) នៅ​ទូទាំង​ប្រទេស។

ជុំវិញ​ដំណើរការ​ប្រឡង​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន អំពាវនាវ​ឱ្យ​បេក្ខជន​ទាំងអស់​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជាពិសេស​មិន​ត្រូវ​លាក់​ទុក​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ឬ​សំណៅ​ឯកសារ​ផ្សេងៗ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត។

បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ក្នុង​ករណី​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ​របស់​ក្រសួង ខណៈ​បេក្ខជន​ដែល​អវត្តមាន​ក្នុង​ការ​ប្រឡង​នេះ​មាន​ចំនួន​ជាង ២​ពាន់​នាក់ (២១២២​នាក់) សម្រាប់​ការ​ប្រឡង​ថ្ងៃ​ដំបូង​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស