ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតឡើងនៅតំបន់មួយចំនួននៅក្នុងប្រទេសថៃ ពិសេសទន្លេចៅផាយ៉ា ក្នុងក្រុងបាងកក។
តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែតុលា ស្ថានទូតកម្ពុជាប្រចាំនៅថៃ បញ្ជាក់ថា ខ្លួនបានតាមដានបញ្ហាទឹកជំនន់ ខណៈអាជ្ញាធរថៃ ប្រកាសឱ្យអ្នករស់នៅតំបន់ក្បែរប្រភពទឹក ពិសេសទន្លេចៅផាយ៉ា ក្នុងក្រុងបាងកក បង្កើនការប្រុងប្រយ័ត្នខ្ពស់។
ប្រភពដដែលបានអះអាងថា អាជ្ញាធរថៃ បានណែនាំឱ្យរៀបចំទុកដាក់របស់របរប្រើប្រាស់ដាក់នៅទីកន្លែងខ្ពស់ និងមានសុវត្ថិភាព ដោយសារតែកម្រិតទឹកទន្លេចៅផាយ៉ា នឹងកាន់តែឡើងខ្ពស់។
ស្ថានទូតកម្ពុជាថា ពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជាពិសេសនៅតាមតំបន់ប្រកាសអាសន្ន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ។
ស្ថានទូតខ្មែរឱ្យពលរដ្ឋទាក់ទងទៅកាន់លេខទូរសព្ទ ០៩២ ៨០៥០ ៥៦១ ស្វែងរកអន្តរាគមន៍ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់។
អាជ្ញាធរថៃ ប្រកាសឱ្យតំបន់ចំនួន១៦ នៅថៃ ពិសេសក្បែរទន្លេចៅផាយ៉ា ក្នុងទីក្រុងបាងកក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈអាជ្ញាធរប្រទេសនេះព្យាករថា ចាប់ពីថ្ងៃទី១៣-២៣ ខែតុលា ទឹកទន្លេចៅផាយ៉ា នឹងបន្តកើនឡើង។
គិតចាប់តាំងពីខែកញ្ញា ដល់ថ្ងៃទី៨ តុលា នេះ ខាងស្ថានទូតកម្ពុជាពុំទាន់ទទួលបានព័ត៌មានពលរដ្ឋកម្ពុជារងគ្រោះ ឬមានបញ្ហាដោយសារគ្រោះទឹកជំនន់ឡើយ។ យ៉ាងណាក៏ដោយ ស្ថានទូតនៅតែបន្តយកចិត្តទុកដាក់ពីបញ្ហានេះ និងធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាពីសុវត្ថិភាពពលរដ្ឋខ្មែរ។
បើតាមតួលេខរបស់មជ្ឈមណ្ឌលសង់ត្រាល់ ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសមានចំនួនប្រហែល ២លាន ២សែននាក់ ប៉ុន្តែបើតាមរបាយការណ៍ក្រសួងការងារ លើកឡើងកាលពីឆ្នាំ២០២៣ ថាមានចំនួន ១លាន ៣សែននាក់ធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

