អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា ចលនាតស៊ូខ្មែរនៅក្រៅស្រុកនឹងរៀបចំយុទ្ធសាស្ត្របាតុកម្មផ្លាស់ប្ដូររបបដឹកនាំគ្រួសារត្រកូលហ៊ុនដូចប្រជារាស្ត្រប្រទេសបង់ក្លាដេស ដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ វិច្ឆិកា នេះថា ប្រជារាស្ត្រខ្មែរត្រូវការដកត្រកូលហ៊ុនដែលក្បត់ជាតិខ្មែរ ដើម្បីកុំឱ្យគ្រួសារក្រាញអំណាចមួយនេះបំផ្លាញជាតិ និងធ្វើបាបប្រជារាស្ត្របន្តទៀត។
លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរដែលស្រឡាញ់ប្រជាធិបតេយ្យ ចង់បានយុត្តិធម៌សង្គម និងជាអ្នកស្នេហាជាតិពិតប្រាកដ ត្រូវតែនាំគ្នាចូលរួមក្នុងចលនាតស៊ូនេះទាំងអស់គ្នាដើម្បីសង្គ្រោះជាតិខ្មែរពីកណ្ដាប់ដៃជនផ្ដាច់ការ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ចលនាជាតិខ្មែរតស៊ូនេះ នឹងឈានទៅបង្កើតរដ្ឋាភិបាលមួយនៅក្រៅប្រទេសជាបណ្ដោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដរបស់ប្រជារាស្ត្រខ្មែរដែលកំពុងរងការគាបសង្កត់ និងរំលោភបំពានបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ កន្លងទៅ ពលរដ្ឋបង់ក្លាដេស បានទម្លាក់នាយករដ្ឋមន្ត្រីដែលដឹកនាំតាមបែបក្រុមគ្រួសារនិយមដោយជោគជ័យ បន្ទាប់ពីពួកគេបានបង្កើតជាចលនាមហាបាតុកម្មមួយនៅទូទាំងប្រទេស និងបានចេញតវ៉ាប្រឆាំងអស់រយៈពេលជាង ១ខែ។
ក្រោយធ្លាក់ពីតំណែង អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី ហ្សេក ហាស់ស៊ីណា ត្រូវបានសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិនៃប្រទេសបង់ក្លាដេស ចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី១៧ តុលា កន្លងទៅ ពីបទចោទពាក់ព័ន្ធនឹងការសម្លាប់រង្គាលទៅលើចលនានិស្សិត និងយុវជនបង់ក្លាដេស អំឡុងការបះបោរនយោបាយកាលពីដើមខែសីហា កន្លងទៅនោះ។
យ៉ាងណាក៏ដោយ ក្នុងកម្មវិធីទទួលទានអាហារជាមួយសមាគមឧកញ៉ា កាលពីពេលកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមានថា ប្រសិនបើពលរដ្ឋខ្មែរហ៊ានចេញធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា នោះច្បាស់ជាប្រឈមនឹងការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនដូចនៅប្រទេសបង់ក្លាដេស (Bangladesh) ដែរ។
ក្នុងរយៈពេលចុងក្រោយនេះ គេនៅមិនទាន់ឃើញមានការប្រតិកម្មតបណាមួយពីលោក ហ៊ុន សែន ត្រឡប់មកវិញនៅឡើយទេ។
កន្លងមក មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងព្រមានកម្ទេចដាច់ខាតរាល់ការបង្កើតចលនាតស៊ូណាមួយ ឬរដ្ឋាភិបាលនិរទេសនៅក្រៅស្រុក ជាដើម។
ជាក់ស្តែង កាលពីចុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត ដើម្បីកម្ទេចកាត់ផ្តាច់ទំនាក់ទំនងរដ្ឋាភិបាលនិរទេសរបស់មន្ត្រីបក្សប្រឆាំងដែលកំពុងរៀបចំបង្កើតនៅក្រៅស្រុក ដើម្បីកុំឱ្យមានទំនាក់ទំនងជាមួយបក្សនយោបាយនៅក្នុងស្រុក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

