25.9 C
Phnom Penh

ជនរងគ្រោះ​ដាក់​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​លោក លី សាម៉េត ខណៈ​សំណុំរឿង​ស្ថិត​ក្នុង​ចំណាត់ការ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​លោក លី សាម៉េត អតីត​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា ស្រប​ពេល​ដែល​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ទទួល​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​សំណាក់​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លោក លី សាម៉េត។ លោក​អះអាង​ថា លោក​មិន​អាច​បង្ហាញ​ចំនួន​ជនរងគ្រោះ និង​ចំនួន​ទឹកប្រាក់​ដែល​ជនរងគ្រោះ​ខាតបង់​បាន​នៅឡើយ​ទេ ដោយសារ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ។

លោក លី សាម៉េត បាន​ចេញ​វីដេអូ​សារភាព​ទោស​កំហុស​ជិត ៦​នាទី កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ថា លោក​ពិត​ជា​បាន​សាង​កំហុស និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​លោក ហ៊ុន សែន ដែល​ជា​ម្ចាស់​របស់​លោក​យ៉ាង​ធ្ងន់ធ្ងរ ហើយ​អំពើ​ទុច្ចរិត​ទាំងនេះ លោក ហ៊ុន សែន មិន​បាន​ដឹង​នោះ​ទេ។

ក្រោយពី​ចេញ​វីដេអូ​សារភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៤ វិច្ឆិកា ថា ទោះបី​លោក លី សាម៉េត ចេញ​វីដេអូ​សូមទោស​ក៏ដោយ ក៏​បុគ្គល​រូប​នេះ​មិន​អាច​រួច​ខ្លួន​បាន​នោះ​ទេ។

លោក​បន្ត​ថា ព្រោះ​ជំនួយការ​របស់​លោក​ម្នាក់​ឈ្មោះ ដួង តារា ក៏​កំពុង​ត្រូវ​បាន​ឃាត់​ខ្លួន​រង់ចាំ​ការ​កាត់ទោស​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ជាមួយ​លោក លី សាម៉េត ដែរ។

ក្រោយ​ពេល​លោក លី សាម៉េត ចេញ​ខ្លួន​សារភាព សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​លោក​ពី​ខេត្ត​ព្រះសីហនុ មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា អះអាង​ថា សមត្ថកិច្ច​បាន​បញ្ជូន​លោក លី សាម៉េត ទៅ​តុលាការ​ដើម្បី​អនុវត្ត​ច្បាប់​បន្ត​នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា អំពើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​របស់​ឧកញ៉ា លី សាម៉េត ត្រូវ​ស៊ើបអង្កេត​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែម្តង៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស