35.9 C
Phnom Penh

មេដឹកនាំ​បក្ស​ជំទាស់​ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សម្រេច​ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​នៅ​ក្រៅ​ស្រុក ដែល​ជា​តំណាង​ឆន្ទៈ​ពិតប្រាកដ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ ក្នុង​គោលដៅ​រឹបអូស​ទ្រព្យសម្បត្តិ​ត្រកូល​ហ៊ុន ដែល​បាន​មកពី​អំពើពុករលួយ​លួច​ជាតិ ដើម្បី​យក​ទៅ​សង​បំណុល​ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា ចលនា​ជាតិ​តស៊ូ​ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា និង​ទាមទារ​សេរីភាព និង​យុត្តិធម៌​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ ដែល​ហៅ​ឲ្យ​ខ្លី​ថា ចលនា​ជាតិ​តស៊ូ គឺជា​ចលនា​តំណាង​ឆន្ទៈ​ពិតប្រាកដ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ សេរីភាព និង​យុត្តិធម៌។

ប្រភព​ដដែល​លើកឡើង​ថា ការ​បង្កើត​ចលនា​ជាតិ​តស៊ូ​នេះ​ឡើង ក៏​ដោយសារតែ​លោក​មើល​ឃើញ​ថា ត្រកូល​ហ៊ុន​បាន​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ​ខ្មែរ​តាមរយៈ​ការ​បោះឆ្នោត​ក្លែងក្លាយ​ជាច្រើន​លើក​ច្រើនសា និង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដាច់​ថ្លៃ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

លោក​ថា ត្រកូល​ហ៊ុន ក៏​ជា​ត្រកូល​ក្បត់​ជាតិ​ខ្មែរ​ដែរ ដែល​កំពុង​កាត់​ទឹកដី​ប្រទេស​កម្ពុជា ដូចជា​កោះត្រល់ ឲ្យ​ទៅ​បរទេស​ជិតខាង ដូច្នេះ​ប្រទេស​កម្ពុជា​នៅ​ពេលនេះ​គឺ​កំពុង​ស្ថិត​ក្រោម​របប​ចោរ​ដែល​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​រាស្ត្រ និង​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​តែ​អំពើ​ចិត្ត​របស់​ពួកគេ។

លើស​ពី​នេះ ត្រកូល​ហ៊ុន ក៏​កំពុងតែ​ក្រាញ​អំណាច​ដើម្បី​បន្ត​ជិះជាន់ និង​ធ្វើ​បាប​ប្រជារាស្ត្រ​យ៉ាង​ឃោរឃៅ​ដែរ ក្នុង​នោះ ពួកគេ​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែរ។

លោក សម រង្ស៊ី អះអាង​ថា ចលនា​ជាតិ​តស៊ូ​នេះ​មាន​សិទ្ធិ​សម្ដែង​មតិ​ពី​ក្រៅ​ប្រទេស ដើម្បី​ដណ្តើម​ប្រទេស​កម្ពុជា​ពី​របប​ត្រកូល​ហ៊ុន យក​មក​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ចលនា​ជាតិ​តស៊ូ នឹង​ឈាន​ទៅ​រក​ការ​រៀបចំ​ការ​គ្រប់គ្រង​ប្រទេស និង​សង្គម​ជាតិ​ឡើងវិញ​តាម​បែបបទ​ប្រជាធិបតេយ្យ​ពិតប្រាកដ ដែល​ធានា​បាន​នូវ​សេរីភាព និង​យុត្តិធម៌​ពេញលេញ និង​ដើម្បី​រក្សា​ព្រលឹង​ខ្មែរ​ឲ្យ​នៅ​រស់​រវើក​ជា​និរន្តរ៍ ព្រមទាំង​រក្សា​ភាព​អមតៈ​នៃ​ប្រទេស​កម្ពុជា​ថែម​ទៀត។

កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចូលរួម​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​សមាជិក​បក្ស​នយោបាយ​ផ្សេងៗ​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ថា លោក​ប្ដេជ្ញា​កម្ចាត់​ក្រុម​បដិវត្តន៍​ពណ៌​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រៅ​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ចោល​ឱ្យ​អស់ ដើម្បី​ប្រទេស​កម្ពុជា​អាច​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព។

បន្ថែម​លើ​នេះ​ទៀត លោក ហ៊ុន សែន ធ្លាប់​អះអាង​កាលពី​ពេល​កន្លង​ទៅ​ដែរ​ថា អ្នក​ដែល​ចង់​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន ទាល់តែ​ពួកគេ​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មុន​សិន ខណៈ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស