28.9 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​រៀបរាប់​ពី​ការ​រង​ទារុណកម្ម​ផ្លូវចិត្ត​និង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​លោក ហ៊ុន សែន ក្នុង​ទឹកដី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​ការ​ទទួល​រង​នូវ​អំពើ​ទារុណកម្ម​ផ្លូវចិត្ត និង​ការ​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​ក្រុម​បាតដៃ​ទី​៣ ដែល​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំឡុង​ពេល​ដែល​រូបគេ​កំពុង​ភៀស​ខ្លួន​រក​សិទ្ធិ​ជ្រកកោន​នយោបាយ​លើ​ទឹកដី​ថៃ។

សកម្មជន​បក្ស​ប្រឆាំង លោក ផន ផាន់ណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា នេះ​ថា មុន​នឹង​លោក​ត្រូវ​បាន​ធានា​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នា​ពេលនេះ លោក​ត្រូវ​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ខ្លោចផ្សា​ជាទីបំផុត ទាំង​រូបលោក និង​ភរិយា រួម​ទាំង​កូនៗ​របស់​លោក​ផង​ដែរ។

លោក ផន ផាន់ណា រៀបរាប់​ថា ក្រោយ​ពេល​ដែល​លោក​ប្រកាស​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​អ្នកស្រី មូរ សុខហួរ លោក​ក៏​រង​នូវ​ការ​គំរាមកំហែង​ពី​ការ​ចាប់​ខ្លួន​តែម្តង។ លោក​បន្ត​ថា ដើម្បី​គេច​ពី​ការ​គំរាមកំហែង​នេះ លោក​បាន​សម្រេច​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់​ទៅ​រស់នៅ​លើ​ទឹកដី​ថៃ ដោយ​ឃ្លាត​ឆ្ងាយ​ពី​ប្រពន្ធ និង​កូនៗ​របស់​លោក។

ប៉ុន្តែ​បន្ទាប់ពី​លោក​ទៅ​រស់នៅ​លើ​ទឹកដី​ថៃ ភរិយា​របស់​លោក​ក៏​បាន​រង​នូវ​ការ​យាយី​ពី​ក្រុម​បាតដៃ​ទី​៣ របស់​លោក ហ៊ុន សែន ផង​ដែរ ដូច្នេះ​ភរិយា​របស់​លោក​ក៏​សម្រេច​ចិត្ត​ភៀស​ខ្លួន​ទៅ​រស់នៅ​លើ​ទឹកដី​ថៃ ជាមួយ​លោក​តែម្តង។

លោក ផន ផាន់ណា លើកឡើង​ថា បន្ទាប់ពី​ទៅ​រស់នៅ​លើ​ទឹកដី​ថៃ មិន​យូរ​ប៉ុន្មាន រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ បាន​ទាក់ទង និង​បញ្ចុះបញ្ចូល​ឱ្យ​លោក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ផ្តល់​ឱ្យ​នូវ​អ្វី​ដែល​លោក​ចង់បាន ប៉ុន្តែ​លោក​បដិសេធ​ការ​ចោទ​ទាំងស្រុង។

លោក​បន្ត​ថា បន្ទាប់ពី​លោក​បដិសេធ​សំណើ​របស់​លោក ហេង សួរ បាន​មួយ​រយៈ លោក​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​ដាក់​គុក​ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ខណៈ​ប្រពន្ធ និង​កូនៗ​របស់​លោក ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។

លោក ផន ផាន់ណា ត្អូញត្អែរ​ថា លោក​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ឃុំ​ខ្លួន​រយៈពេល ៥​ខែ ខណៈ​ភរិយា និង​កូនៗ​របស់​លោក ត្រូវ​បាន​សមត្ថកិច្ច​ថៃ ឃុំ​ខ្លួន​រយៈពេល ៣​ខែ​ផង​ដែរ ប៉ុន្តែ​អំឡុង​ពេល​ឃុំ​ខ្លួន អាជ្ញាធរ​បាន​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​លើ​ភរិយា និង​កូនៗ​របស់​លោក​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

លោក​អះអាង​ថា អំឡុង​ពេល​ភរិយា​របស់​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​មុន​នឹង​មាន​ការ​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តំណាង​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ មន្ត្រី​ពន្ធនាគារ​ថៃ មិន​ផ្តល់​ទឹកស្អាត​ឱ្យ​ភរិយា​របស់​លោក​ឆុង​ទឹកដោះគោ​សម្រាប់​កូន​តូចៗ​របស់​លោក​បរិភោគ​ឡើយ។ លោក​បន្ត​ថា ទឹក​ក្នុង​ពន្ធនាគារ​ជា​ទឹក​គគ្រិច គ្មាន​អនាម័យ ដែល​ធ្វើ​ឲ្យ​កូនៗ​របស់​លោក​មាន​ជំងឺ​រាករូស​អស់​ជាច្រើន​ថ្ងៃ។

លោក ផន ផាន់ណា បញ្ជាក់​ថា បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង ស្រាប់តែ​មាន​ក្រុម​បាតដៃ​ទី​៣ ដែល​បញ្ជា​ដោយ​លោក ហ៊ុន សែន ឱ្យ​តាម​ចាប់​ខ្លួន​លោក បាន​ទៅ​ដល់​កន្លែង​ស្នាក់នៅ​របស់​លោក ៣០​នាទី​ក្រោយ​ពេល​ដែល​លោក​បាន​ចាកចេញ​ពី​ទីនោះ​ផុត។

លោក​ថា ក្រុម​ដែល​តាម​ចាប់​ខ្លួន​លោក គឺ​មាន​ឡាន​ពីរ​គ្រឿង​ដែល​ប៉ុនប៉ង​វាយ​លោក​ឱ្យ​សន្លប់ ហើយ​ចាប់​ខ្លួន​លោក​ដាក់​ឡាន​យក​ទៅ​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ជា​សំណាង​ល្អ លោក​ត្រូវ​មនុស្ស​ដែល​ជា​ក្រុម​របស់​លោក ហ៊ុន សែន បាន​ផ្តល់​ដំណឹង​ឱ្យ​លោក​គេច​ខ្លួន​បាន​ទាន់ពេល។

នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ដដែល មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​លោក ផន ផាន់ណា ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ ទោះ​ស្លាប់ ឬ​រស់​ក៏ដោយ។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លាតត្រដាង​ថា Swap Mart ឬ​ផ្សារ​ជួញដូរ​ក្នុង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដូចជា​មកពី​ប្រទេស​កម្ពុជា ជាដើម៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស