28.6 C
Phnom Penh

ទណ្ឌិត​ប្រមាណ ៣០០​នាក់​បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​នៃ​ទិវា​ជ័យជម្នះ ៧​មករា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​យុត្តិធម៌ អះអាង​ថា ទណ្ឌិត​ប្រមាណ ៣០០​នាក់ បាន​ស្នើ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត​ចំនួន​២៣ សុំ​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​នៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ (៧ មករា ១៩៧៩-៧ មករា ២០២៥) ខាង​មុខ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស លោក គឹម សន្តិភាព បាន​ឲ្យ​ដឹង​ថា មាន​ទណ្ឌិត​ជាង ៣០០​នាក់​ត្រូវ​បាន​ស្នើ​ដោយ​អាជ្ញាធរ​រាជធានី-ខេត្ត​ចំនួន​២៣ មក​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ដើម្បី​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស។

ប្រភព​ដដែល​អះអាង​ថា ការ​សម្រេច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​យុត្តិធម៌ នៅ​ក្នុង​អង្គប្រជុំ​នា​ពេល​ខាង​មុខ។ លោក​ថា ក្នុង​ចំណោម​ទណ្ឌិត​ដែល​ស្នើសុំ​បន្ថយ និង​លើកលែង​ទោស មាន​ស្នើសុំ​បន្ថយ ៣​ខែ ៦​ខែ ៩​ខែ ១២​ខែ និង​លើកលែង​ទោស។

លោក គឹម សន្តិភាព អះអាង​ថា ទណ្ឌិត​ឆាប់​ទទួល​បាន​ឱកាស​បន្ធូរបន្ថយ​ទោស ឬ​លើកលែង​ទោស​ស្រប​តាម​ច្បាប់​ជា​ធរមាន គឺ​ពួកគេ​ខិតខំ​បំពេញ​លក្ខខណ្ឌ​នានា​តាម​ច្បាប់ និង​កែប្រែ​គំនិត មារយាទ​ឱ្យ​បាន​ល្អ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ការ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​កន្លង​មក តែងតែ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ជ្រើសរើស​ទណ្ឌិត ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ និង​រឿង​នយោបាយ។ លោក​ទទូច​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ធ្វើការ​ជ្រើសរើស​ដោយ​មាន​តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ទណ្ឌិត​ដែល​បាន​ខិតខំ​កែប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

លោក ស៊ឹង សែនករុណា អះអាង​ថា កន្លង​មក មន្ត្រី​អតីត​បក្ស​ប្រឆាំង សកម្មជន​ព្រៃឈើ សកម្មជន​ដីធ្លី កម្រ​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ ឬ​លើកលែង​ទោស​ណាស់ បើ​ទោះបីជា​ពួកគាត់​បាន​អនុវត្ត​ខ្លួន​ល្អ និង​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី​ក្នុង​ការ​ជាប់​ឃុំ​ក៏ដោយ។

តាម​នីតិវិធី ក្រោយពី​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​រួម និង​បញ្ជូន​ទៅ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស ពិនិត្យ​និង​សម្រេច​បន្ត ដើម្បី​ស្នើ​បន្ត​ទៅ​នាយករដ្ឋមន្ត្រី។ បន្ទាប់​មក នាយករដ្ឋមន្ត្រី​នឹង​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ទទួល​បាន​ការ​ប្រោស​ប្រទាន​ស្ដីពី​ការ​បន្ថយ និង​លើកលែង​ទោស។

យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត ចុះ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ លើកឡើង​ថា ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជាប់​ពន្ធនាគារ ធ្វើ​ឡើង​ចំនួន ៥​លើក​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យ​អុំទូក។

ការ​បន្ធូរបន្ថយ​ទោស លុះត្រាតែ​ទណ្ឌិត​បាន​អនុវត្ត​ទោស ១​ភាគ​៣ នៃ​ទោស​ដាក់​ពន្ធនាគារ​សរុប​ដែល​តុលាការ​បាន​កំណត់ ហើយ​សម្រាប់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត ទណ្ឌិត​ត្រូវ​ទទួល​រង​ទោស ១០​ឆ្នាំ​ជា​មុន​សិន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស