ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (KOD) ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ស្នើឱ្យអន្តរជាតិចែងអំពីទោសទណ្ឌឱ្យជាក់លាក់ ដើម្បីធានាប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពរបស់ប្រទេសដែលរំលោភបំពានបទឈប់បាញ់ដោយគឃ្លើន។
លោក ស៊ឹង សែនករុណា លើកឡើងនៅថ្ងៃទី១២ សីហា នេះថា បទឈប់បាញ់ដែលឯកភាពដោយភាគីកម្ពុជា-ថៃ គ្មានអាជ្ញាសឹកដាក់កំហិតក្នុងការអនុវត្តនូវទោសទណ្ឌលើប្រទេសដែលប្រព្រឹត្តល្មើសនោះទេ ដោយសារតែបែបនេះហើយ បានជាភាគីថៃ នៅតែបង្ហាញពីភាពគឃ្លើនមិនគោរពបទឈប់បាញ់ និងបង្ហាញពីសកម្មភាពគ្រប់បែបយ៉ាងក្នុងការបន្តឈ្លានពានទឹកដីខ្មែរ ដូចជា ការរាយបន្លាលួស និងការជីកលេណដ្ឋានក្នុងដែនអធិបតេយ្យកម្ពុជា ជាដើម។
លោក ស៊ឹង សែនករុណា ស្នើឱ្យភាគីពាក់ព័ន្ធ ដូចជា សហរដ្ឋអាមេរិក អាស៊ាន ម៉ាឡេស៊ី និងចិន ជាដើម ពិនិត្យលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះឡើងវិញក្នុងការដាក់បញ្ចូលលក្ខខណ្ឌបន្ថែមទៀត ដែលចែងអំពីទោសទណ្ឌសម្រាប់ភាគីដែលបានរំលោភកិច្ចព្រមព្រៀងនេះ។
លោកបន្តថា បើគ្មានទោសទណ្ឌសម្រាប់អនុវត្តទៅលើអ្នកប្រព្រឹត្តល្មើសទេ បទឈប់បាញ់នេះក៏នឹងមិនអាចធានានូវប្រសិទ្ធភាពក្នុងការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរដោយយុត្តិធម៌បានដែរ។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូប និងអ្នកនយោបាយខ្មែរគ្រប់និន្នាការ រួបរួមគ្នាជាធ្លុងមួយក្នុងកាលៈទេសៈនេះ ព្រោះថាជម្លោះរវាងខ្មែរ និងខ្មែរ ក្នុងពេលដែលមានការឈ្លានពានទឹកដីពីសាសន៍ដទៃ គឺជាការបើកដៃឱ្យបរទេសមាក់ងាយលើជាតិសាសន៍ខ្មែរប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ សីហា នេះថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ថ្មីៗនេះ។
អ្នកស្រី ម៉ាលី សុជាតា អះអាងថា កម្ពុជាប្ដេជ្ញាចិត្តធ្វើការជាមួយភាគីថៃ ម៉ាឡេស៊ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បញ្ជាក់ថា មិនដល់ ២សប្តាហ៍ទៀតទេ ក្រុមការងារទទួលបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ (RBC) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីថៃ ស្របតាមស្មារតី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនោះ។
បន្ទាប់ពីមានការឈ្លានពានដោយមិនគោរពបទឈប់បាញ់ពីភាគីថៃ ក្រសួងការបរទេសកម្ពុជា បានសម្រេចផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃទី១១ ខែសីហា ជូនប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (UNSC) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSC) ដើម្បីជម្រាបអំពីហានិភ័យដែលកំពុងកើនឡើង និងការគំរាមកំហែងចំពោះបទឈប់បាញ់ដែលបង្កឡើងដោយភាគីថៃ។
ក្នុងលិខិតនេះ បានបញ្ជាក់ទៅអង្គការសហប្រជាជាតិ ជុំវិញការព្រមានរបស់មេទ័ពភូមិភាគ២ របស់ថៃ គឺលោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដែលថានឹងវាយចូលកាន់កាប់ប្រាសាទតាក្របីរួមទាំងបិទប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ។
ជុំវិញបញ្ហានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែសីហា នេះថា កម្ពុជាទាមទារឱ្យកងទ័ពថៃ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជាងនេះទៅទៀត ភាគីថៃ ត្រូវបញ្ឈប់ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ រួមទាំងត្រូវដកកម្លាំង និងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជាផងដែរ ដើម្បីធានាឱ្យបាននូវការអនុវត្តពេញលេញដោយឥតលក្ខខណ្ឌនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងកំណត់ហេតុព្រមព្រៀងចុះថ្ងៃទី០៧ ខែសីហា កន្លងទៅ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

