28 C
Phnom Penh

ហេតុ​អ្វី​កម្ពុជា​នៅតែ​ក្រ ខណៈ​ខ្លួន​អាច​ផលិត​ដុំ​មាស​បាន​រហូត ១០០​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​មាតា​ធម្មជាតិ (Mother Nature) លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ផលិត​រ៉ែ​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ហេតុ​អ្វី​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ក្រីក្រ និង​ត្រូវ​ខ្ចី​លុយ​ពី​បរទេស ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​លើ​បំណុល​ចាស់​ទៀត​សម្រាប់​ឆ្នាំ​២០២៥ នេះ។

ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា មាន​ការ​សាទរ​ជាច្រើន​ពី​សំណាក់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទាក់ទង​នឹង​អណ្ដូងរ៉ែ​មាស​នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ខ្លួន​ក៏​មាន​សំណួរ​ជាច្រើន​ដែរ​ដែល​ចង់​សួរ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពី​ការ​ជីក​យក​រ៉ែ​មាស​ទាំងនោះ។

ប្រភព​ដដែល​លើក​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​ទទួល​បាន​ថវិកា​សរុប​ប៉ុន្មាន​ពី​ការ​ដេញថ្លៃ​គម្រោង​អូរខ្វាវ​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក្នុង​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នោះ? ហើយ​ថា​តើ​ការ​ដេញថ្លៃ​នេះ​មាន​តម្លាភាព និង​គណនេយ្យភាព​ដែរ​ឬ​ទេ?

ចលនា​មាតា​ធម្មជាតិ សួរ​បញ្ជាក់​បន្ថែម​ថា តើ​រដ្ឋ​ប្រមូល​ពន្ធ​បាន​ប៉ុន្មាន​ក្នុង ១​ឆ្នាំ ក្រៅតែ​ពី​ថ្លៃ​សួយសារ​ចំនួន ១៤,៤​លាន​ដុល្លារ​អាមេរិក​ពី​គម្រោង​រ៉ែ​មាស​នេះ? ហើយ​ថា​តើ​ថវិកា​ដែល​បាន​មកពី​ការ​ដេញថ្លៃ​គម្រោង​ការ​បង់​សួយសារ និង​ពន្ធ​ផ្សេងៗ បាន​ចូលរួម​យ៉ាង​ដូចម្ដេច​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ?

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​អំពី​ដំណើរការ​នៃ​ការ​ជីក​យក​រ៉ែ​មាស​នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌលគិរី ជាបន្តបន្ទាប់ ទាក់ទង​នឹង​ដំណើរការ​នៃ​ប្រតិបត្តិការ​រុករក​រ៉ែ​មាស និង​ដំណើរការ​នៃ​ការ​ដឹកនាំ​ជញ្ជូន​រ៉ែ​មាស​តាមរយៈ​រថយន្ត​ខ្នាត​យក្ស ជាដើម។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​រដ្ឋាភិបាល​បង្ហាញ​ថា កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​សរុប​មាន​ចំនួន ១១​ក្រុមហ៊ុន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត​ចំនួន ៦ រួម​មាន៖

  1. ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត
  2. ក្រុមហ៊ុន ស៊ីនសាន អ៊ិនដាសស្ទៀល (ខេមបូឌា)
  3. ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីស៊ី អិលធីឌី
  4. ក្រុមហ៊ុន រង់ ឈីង អ៊ីនដាសស្ទៀល អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី
  5. ក្រុមហ៊ុន សឹង យន្ត គ័ង យិក ខូអិលធីឌី
  6. ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបម៉ិន ឯ.ក
  7. ក្រុមហ៊ុន ភូ យ៉ាង (ខេមបូឌា)
  8. ក្រុមហ៊ុន ខេមបូឌាន ខេ​៨៨ អ៊ុនដាសស្ត្រី ឯ.ក
  9. ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក
  10. ក្រុមហ៊ុន មេអូហ្គោល (ខេមបូឌា) អិលធីឌី
  11. និង​ក្រុមហ៊ុន ទ្រីផូឌី ប្រស្ទើ ប្រតិបត្តិ​ម៉ាញនីង (ខេមបូឌា)។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​គម្រោង​ទាំង ១១ នេះ មាន ៧​គម្រោង​កំពុង​ធ្វើ​ប្រតិបត្តិការ​ទាញ​យក​រ៉ែ​មាស​តាំង​ឆ្នាំ​២០២១ មក និង ៤​គម្រោង​ទៀត​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ ហើយ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤ កន្លង​ទៅ កម្ពុជា​ទទួល​បាន​សួយសារ​រ៉ែ​មាស​សរុប​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ប្រមូល​ចូល​រដ្ឋ។

កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ក្នុង​មួយ​សប្ដាហ៍ កម្ពុជា​ផលិត​មាស​បាន​ចន្លោះ​ពី ៨០ ទៅ ១០០​គីឡូក្រាម និង​កាន់តែ​ច្រើន​ទៅៗ ចំណែក​ខេត្ត​មណ្ឌលគិរី អាច​ផលិត​បាន​ដុំ​មាស​បាន​ទម្ងន់​ចន្លោះ​ពី ២០​គីឡូក្រាម​ដល់ ៣០​គីឡូក្រាម និង​ជាង ១០​គីឡូក្រាម ដែល​ត្រូវ​ដឹក​យក​ទៅ​ចម្រាញ់​ទៅ​ជា​មាស​ទឹក​១០ នៅ​ប្រទេស​អូស្ត្រាលី។

បើ​ផ្អែក​តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០២២ ដែល​ថា​កម្ពុជា​អាច​ផលិត​មាស​បាន​ចន្លោះ​ពី ៨០ ទៅ ១០០​គីឡូក្រាម​ក្នុង ១​សប្តាហ៍ នោះ​កម្ពុជា​ទំនង​ជា​អាច​ផលិត​ដុំ​មាស​បាន​ប្រមាណ​ជា ១​ម៉ឺន​គីឡូក្រាម ឬ​ស្មើ​នឹង​ប្រមាណ​ជា ១០​តោន​ហើយ​មក​ដល់​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស