អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដោយរកឃើញថា កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសមិនសេរី ដោយសារស្ថិតនៅក្រោមការគ្រប់គ្រងឯកបក្ស ហើយរដ្ឋាភិបាលបានដាក់សម្ពាធលើគណបក្សប្រឆាំង បណ្តេញសារព័ត៌មានឯករាជ្យក្រោមហេតុផលនយោបាយ។
យោងតាមរបាយការណ៍របស់អង្គការ Freedom House បានចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា សេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះដល់កម្រិតដុនដាប គឺទទួលបានពិន្ទុ ២៣/១០០។ ការបន្តផ្តល់ពិន្ទុដល់កម្ពុជាថាជាប្រទេសមិនសេរី ក៏ព្រោះតែប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជាបានស្ថិតក្រោមការគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន អស់រយៈពេលជាង ៣ទសវត្សរ៍។
របាយការណ៍ដដែលបានឱ្យដឹងថា កម្រិតពិន្ទុបានបែងចែកដូចជា៖
- ទី១ សិទ្ធិនយោបាយទទួលបានពិន្ទុ ៤/៤០
- ទី២ សេរីភាពខាងសង្គមស៊ីវិលទទួលបានពិន្ទុ ១៩/៦០ពិន្ទុ
- និងទី៣ សេរីភាពបណ្ដាញអ៊ីនធឺណិតទទួលបានពិន្ទុ ៤៣/១០០។
អង្គការ Freedom House បន្ថែមថា ការរៀបចំការបោះឆ្នោតក្នុងបរិយាកាសគាបសង្កត់យ៉ាងធ្ងន់ធ្ងរ និងការដាក់សម្ពាធលើគណបក្សប្រឆាំង។ បន្ទាប់មក មានការបណ្តេញសារព័ត៌មានឯករាជ្យចេញពីប្រទេស និងក្រុមបាតុករដោយមានការបំភិតបំភ័យ រួមទាំងការកាត់ទោសក្រោមហេតុផលនយោបាយ និងប្រើអំពើហិង្សា ជាដើម។
ឆ្លើយតបទៅនឹងរបាយការណ៍ខាងលើ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់អ្នកសារព័ត៌មានថា របាយការណ៍របស់អង្គការ Freedom House មិនមានអ្វីចម្លែក និងតែងធ្វើឡើងតែដដែលៗដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
លោក ប៉ែន បូណា បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគ្មានទេសកម្មភាពបង្ក្រាបលើក្រុមអ្នកប្រឆាំង ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ លោកបញ្ជាក់ថា កម្ពុជាមានតែការអនុវត្តច្បាប់ទៅលើជនណាដែលប្រព្រឹត្តសកម្មភាពល្មើសច្បាប់ប៉ុណ្ណោះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា របាយការណ៍របស់អង្គការ Freedom House មិនខុសគ្នាខ្លាំងពីរបាយការណ៍ឆ្នាំមុនៗនោះទេ ពីព្រោះកម្ពុជាពុំបានបើកសេរីភាពទៅដល់សិទ្ធិបញ្ចេញមតិ និងនៅបន្តរឹតត្បិតសេរីភាពសារព័ត៌មានធ្ងន់ធ្ងរ។
ប្រភពដដែលអះអាងថា រដ្ឋាភិបាលគ្មានឆន្ទៈក្នុងការកែលម្ហប្រជាធិបតេយ្យ ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិត ដែលតម្រូវឱ្យរដ្ឋាភិបាលត្រូវខិតខំថែមទៀតក្នុងការស្ដារឱ្យមានវឌ្ឍនភាពនៃប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស។
កាលពីឆ្នាំ២០២៣ អង្គការ Freedom House ក៏បានវាយតម្លៃដែរថា កម្ពុជាជាប្រទេសមិនសេរី ដោយទទួលបាន ២៤ពិន្ទុលើ ១០០ពិន្ទុ ដោយសារតែដំណើរការមិនទៅមុខនៃប្រព័ន្ធប្រជាធិបតេយ្យសេរីនៅក្នុងប្រទេស៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

