33.2 C
Phnom Penh

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ​និង​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​គិត​រក្សា​ទឹក​រក្សា​ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ចេញពី​ប្រទេស​កម្ពុជា ព្រោះ​បើ​បន្ត​ទុក​ឱ្យ​របប​ដឹកនាំ​គ្រួសារ​និយម​បែប​នេះ ខ្មែរ​ច្បាស់​ជា​វិនាស​អន្តរាយ​មិន​ខាន។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា រាល់​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រង​ទុក្ខវេទនា​ខ្លាំង​ណាស់ ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ទាំង​អ្នកគាំទ្រ​បក្ស​កាន់​អំណាច ដោយសារ​បញ្ហា​លុយកាក់ បញ្ហា​បំណុល បញ្ហា​សេដ្ឋកិច្ច បញ្ហា​លំនៅឋាន បញ្ហា​ការងារ បញ្ហា​សុខភាព រួម​ទាំង​ការ​ប្រឈមមុខ​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស។

ប្រភព​ដដែល​លើកឡើង​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ត្រកូល​ហ៊ុន កាស៊ីណូ បនល្បែង​ស៊ីសង គ្រឿងញៀន អំពើ​បោកប្រាស់ ចាប់​ជំរិត បាន​កើន​ឡើង​ពាសពេញ​ប្រទេស ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​ពូជ​មួយ​នេះ​មិន​ដែល​ខ្វល់​ពី​ប្រជាពលរដ្ឋ​ឡើយ តែ​ពួកគេ​បែរ​ជា​ចូលរួម​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា​សព្វថ្ងៃ​ជា​មនុស្ស​អសមត្ថភាព​មិន​ចេះ​ដោះស្រាយ​បញ្ហា​សង្គម​អ្វី​ទាំងអស់ ដូច្នេះ​ហើយ​បាន​ជា​ទឹកដី​ខ្មែរ ទាំង​កោះត្រល់​ក៏​បាត់ កោះ​គុត​ក៏​បង់ ខណៈ​ព្រំដែន​ក៏​បាត់បង់​ដោយសារ​បរទេស​ជិតខាង​ឈ្លានពាន ចំណែក​ទឹកដី​ខ្មែរ​នៅ​ក្នុង​ប្រទេស​ត្រូវ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​សម្បទាន​ឱ្យ​ក្រុមហ៊ុន​បរទេស ៩៩​ឆ្នាំ។

អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​បន្តុប​ឡើង​កាលពី​ឆ្នាំ​១៩៨៥។ រយៈពេល​ជាង ៤០​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ជា​ចំរៀកៗ ជា​កង់ៗ​ឱ្យ​ទៅ​ប្រទេស​វៀតណាម ជាបន្តបន្ទាប់​ក្រោម​សន្ធិសញ្ញា​ខុស​ច្បាប់​នានា ដូចជា​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ សារាចរ​ឆ្នាំ​១៩៨៦ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ជាដើម។

ក្រោម​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំងនេះ បាន​ធ្វើ​ឱ្យ​ទឹកដី​កម្ពុជា ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក ដូចជា កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ទាំងស្រុង​សព្វថ្ងៃ​នេះ។

គួរ​កត់សម្គាល់​ថា៖ សាឡុត ស ហៅ ប៉ុល ពត នរណា​ក៏​ដឹង នរណា​ក៏​ស្គាល់ ហើយ​មាន​ខ្មែរ​តិច​ណាស់​មាន​ចិត្ត​ស្រឡាញ់​គាត់ ព្រោះតែ​គេ​បាត់បង់​សមាជិក​គ្រួសារ​ក្រោម​កិច្ច​ដឹកនាំ​របស់​គាត់ ដែល​ដូរ​សង្គម​ជាតិ​ខ្មែរ​ទៅ​រក​របប​កុម្មុយនីស្ត​និយម​បែប​មេដឹកនាំ​ចិន ម៉ៅ សេទុង ប៉ុន្តែ ប៉ុល ពត ក៏​ធ្លាប់​និយាយ​ជាមួយ​យុទ្ធមិត្ត​តស៊ូ​ស្លាប់​រស់​ជាមួយ​គ្នា​ខាង​ភាគី​យៀកណាម ឱ្យ​កំណត់​ព្រំប្រទល់​ទឹកដី​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ច្បាស់លាស់​តាម​ផែនទី​កំណត់ ដែល​អន្តរជាតិ​ទទួលស្គាល់ រួម​ទាំង​រដ្ឋាភិបាល​យៀកណាម ផង​ដែរ។

ផ្ទុយទៅវិញ រដ្ឋការ​ក្រុង​ហាណូយ មិន​ព្រម​គោរព​បូរណភាព​ទឹកដី​ខ្មែរ​ទេ៖ សម័យ​សង្គម​រាស្ត្រ​និយម ក៏​ទ័ព​ព្រៃ​យៀកណាម​បំពាន​ដែនដី សម័យ​សាធារណរដ្ឋ​ខ្មែរ ក៏​ទ័ពព្រៃ​យៀកណាម​វាយ​ទន្ទ្រាន​លុកលុយ សម័យ​ខ្មែរក្រហម​ក៏​កងទ័ព​យៀកណាម​វាយកម្ទេច ដរាបណា​មាន​មេដឹកនាំ​ស្នេហា​ជាតិ​ខ្មែរ​និយាយ​អំពី​បញ្ហា​ទឹកដី។

តាម​ឯកសារ​រណសិរ្ស​រំដោះ​ជាតិ និង​រដ្ឋាភិបាល​បដិវត្តន៍​បណ្ដោះអាសន្ន​យៀកណាម​ខាង​ត្បូង ឬ​យៀកកុង បាន​ប្រកាស​ទទួលស្គាល់​ព្រំដែន​រាជាណាចក្រ​កម្ពុជា​ចែង​នៅ​ឆ្នាំ​១៩៥៤ នា​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​១៩៦៧។ ចំណែកឯ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​យៀកណាម ឬ​យៀកណាម​ខាង​ជើង មុន​ដូរ​ទៅ​ជា​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម ប្រមាណ​មួយ​សប្តាហ៍​ក្រោយ បាន​ទទួលស្គាល់​ព្រំដែន​ប្រទេស​កម្ពុជា​តាម​ការ​កំណត់​នៅ​ឆ្នាំ​១៩៥៤ នៅ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​១៩៦៧៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស