អ្នកឃ្លាំមើលនិយាយថា ប្រទេសថៃ វៀតណាម និងឥណ្ឌា សហការគ្នានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយផាត់ប្រទេសកម្ពុជាចោល។
អ្នកតាមដានភូមិសាស្ត្រនយោបាយ និងជានាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៦ ខែមីនា នេះថា នៅពេលដែលរដ្ឋាភិបាលថៃ វៀតណាម និងឥណ្ឌា គិតគូរពីកសិកររបស់គេបែបនេះ គឺពិតជាគួរឱ្យអាណិតកសិករខ្មែរជាពន់ពេកដែលរដ្ឋាភិបាលកម្ពុជាមិនអើពើនឹងតម្លៃកសិផលរបស់ពួកគាត់។
លោក សេង វណ្ណលី លើកឡើងថា រដ្ឋាភិបាលនៃប្រទេសទាំងបីនេះមិនបានស្វែងរកការសហការជាមួយកម្ពុជាទេក្នុងការនាំចេញស្រូវ និងអង្ករនេះ ព្រោះគេទំនងជាគេដឹងថារដ្ឋាភិបាលខ្មែរតែងតែបណ្តែតបណ្តោយឲ្យពួកឈ្មួញកណ្ដាលខ្មែរសហការជាមួយឈ្មួញវៀតណាម និងថៃ កំណត់តម្លៃស្រូវ និងតម្លៃអង្ករខ្មែរតាមទំនើងចិត្តទៅហើយនោះ។
អ្នកជំនាញនយោបាយការទូតអន្តរជាតិរូបនេះបញ្ជាក់ថា ការដែលថៃ វៀតណាម និងឥណ្ឌា មិនសហការជាមួយរដ្ឋាភិបាលកម្ពុជាបែបនេះ ក៏ជាភស្តុតាងមួយបង្ហាញពីលទ្ធផលនៃការគ្រប់គ្រងរបស់មេដឹកនាំខ្មែរដែរ។
កាលពីថ្ងៃទី៦ ខែមីនា កាសែត The Nation Thailand បានស្រង់សម្ដីរបស់ក្រសួងពាណិជ្ជកម្មថា ប្រទេសថៃ គ្រោងនឹងជួបពិភាក្សាជាមួយឥណ្ឌា និងវៀតណាម អំពីយុទ្ធសាស្ត្រដើម្បីដោះស្រាយការធ្លាក់ថ្លៃអង្ករដែលបណ្តាលមកពីការផ្គត់ផ្គង់លើសតម្រូវការនៅពេលនេះ ព្រោះប្រទេសឥណ្ឌា និងវៀតណាម គឺជាប្រទេសនាំចេញអង្ករធំជាងគេទាំងពីររបស់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Narip thaphan បញ្ជាក់ថា កិច្ចពិភាក្សាជាមួយឥណ្ឌា និងវៀតណាម នឹងផ្ដោតលើការសម្របសម្រួលយុទ្ធសាស្ត្រទីផ្សារ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងក្នុងការទប់ស្កាត់តម្លៃអង្ករមិនឱ្យធ្លាក់ចុះបន្ថែមទៀត ខណៈអង្ករចំនួន ២,២លានតោនរបស់ថៃ ត្រូវបានរាយការណ៍ថាមិនទាន់អាចលក់ចេញបាននៅឡើយ។
ជុំវិញបញ្ហានេះ គេកត់សម្គាល់ឃើញថា តម្លៃស្រូវអង្កររបស់កម្ពុជាកំពុងធ្លាក់ចុះយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលមិនទាន់មានវិធានការ ឬគោលនយោបាយណាមួយសម្រាប់ដោះស្រាយជួយឱ្យតម្លៃស្រូវរបស់កសិករងើបឡើងវិញនៅឡើយទេ ស្របពេលដែលការប្រមូលផលស្រូវប្រាំងកំពុងត្រូវធ្វើឡើងពេញប្រទេសនាពេលនេះ។
កសិករក្នុងខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ធំ ជាដើម ដែលកំពុងប្រមូលផលស្រូវប្រាំង ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មីនា នេះថា តម្លៃស្រូវប្រភេទ OM 5451 (អូអឹមហាសិបបួនហាសិបមួយ) ដែលពួកគាត់កំពុងច្រូតនៅពេលនេះមានតម្លៃត្រឹមតែ ៧០០រៀលទៅ ៧៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ចំណែកប្រភេទស្រូវ OM 85 (អូអឹមប៉ែតសិបប្រាំ) វិញ គឺមានតម្លៃត្រឹមតែ ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
ប្រភពដដែលអះអាងថា បើពួកគាត់លក់ក្នុងតម្លៃនេះ នឹងខាតលុយធ្ងន់ធ្ងរ ដូច្នេះជម្រើសក្នុងពេលនេះ គឺមានតែហាលឱ្យស្ងួតទុករង់ចាំតម្លៃខ្ពស់ជាងនេះប៉ុណ្ណោះ ប៉ុន្តែពួកគាត់មិនដឹងថាពេលណាស្រូវនឹងឡើងថ្លៃនោះទេ ហើយបើឡើងថ្លៃក៏មិនដឹងថាតម្លៃខ្ពស់បំផុតអាចឱ្យពួកគាត់ចំណេញបាន ឬក៏អត់នោះដែរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា សុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេដោយសារទូរសព្ទមិនចូល៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

