កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ក្រុមចរចាសហរដ្ឋអាមេរិក បានជួបចរចាជាមួយភាគីរុស្ស៊ី នៅឯទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាជំនួបចុងក្រោយថ្មីមួយទៀតផ្ដោតអំពីបទឈប់បាញ់នៅអ៊ុយក្រែន។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times ការចរចាបានប្រើពេលដល់ទៅ ១២ម៉ោង ដោយរកចំណុចរួមបានតិចតួចបំផុត។ តែអ្វីជាការកត់សម្គាល់ ក្រុមចរចារុស្ស៊ី ចង់ឲ្យមានវត្តមានអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួននៅក្នុងដំណើរការចរចានេះដែរ។
លោក Grigori Karassine ប្រធានក្រុមចរចាភាគីរុស្ស៊ី បានប្រាប់ក្រុមអ្នកកាសែតថា ទោះជាមានភាពតានតឹងក្នុងការចរចាជាមួយភាគីអាមេរិកក្ដី តែការចរចាប្រកបដោយបរិយាកាសល្អច្រើន ដែលភាគីទាំងពីរមើលឃើញអត្ថប្រយោជន៍ចាំបាច់។
មន្ត្រីរុស្ស៊ីរូបនេះបញ្ជាក់ថា រុស្ស៊ីមានបំណងចង់ឲ្យមានវត្តមានតំណាងអង្គការសហប្រជាជាតិ (អ.ស.ប) និងប្រទេសមួយចំនួនទៀតចូលរួមនៅក្នុងដំណើរការចរចានេះដែរ។
តែលោក Grigori Karassine មិនបានប្រាប់ថាប្រទេសណាខ្លះគួរស្នើឱ្យមកកាន់តុចរចានោះទេ តែបើតាមអ្នកសង្កេតការណ៍ ពុំមានលទ្ធផលជាក់ស្តែងត្រូវបានប្រកាសឱ្យដឹងភ្លាមៗទេ ទោះបីភាគីអាមេរិក និងរុស្ស៊ី បានផ្ដោតលើបទឈប់បាញ់នៅតំបន់សមុទ្រខ្មៅក៏ដោយ។
គម្រោងបទឈប់បាញ់លើលម្ហសមុទ្រខ្មៅដែលភាគីអាមេរិកបានយកទៅដាក់លើតុដើម្បីជជែកគ្នា ក៏មិនបានឱ្យដឹងថា ត្រូវគ្នាយ៉ាងណានោះទេ ដែលករណីនេះត្រូវឆ្លងការយល់ព្រមពីភាគីអ៊ុយក្រែន។
អ្នកសង្កេតការណ៍បានលើកឡើងថា សន្តិភាពមិនមែនស្ថិតក្នុងលោក ដូណាល់ ត្រាំ នោះទេ គឺក្នុងដៃលោក ពូទីន និងរុស្ស៊ី ព្រោះរុស្ស៊ី ជាអ្នកបង្កសង្គ្រាមនៅអ៊ុយក្រែន។ អ៊ុយក្រែនបង្ហាញថា ក្រុងគៀវ សុខចិត្តព្រមទទួលយកបទឈប់បាញ់ទាំងស្រុងដោយគ្មានលក្ខខណ្ឌ តែរុស្ស៊ីទេដែលនៅតែអូសបន្លាយពេលវេលា។
តាម The Moscow Times រុស្ស៊ីនៅតែប្រកាន់ជំហររឹងមាំនូវការទាមទារចាប់យកតំបន់ចំនួន៤ នៃទឹកដីអ៊ុយក្រែន ដែលកំពុងធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី។ តំបន់ទាំង៤ នេះ រួមមាន តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson។ តំបន់ទាំង៤ នេះ ត្រូវបានសភារុស្ស៊ី កាលពីចុងឆ្នាំ២០២២ បានអនុម័តចាត់ទុកជាដែនដីរបស់រុស្ស៊ី។
នៅក្នុងការចរចាក្នុងសប្ដាហ៍នេះ ភាគីអ៊ុយក្រែន ត្រូវចរចានឹងភាគីអាមេរិកម្ដងទៀតនៅថ្ងៃទី២៥ មីនា នេះ ហើយការចរចានេះក៏ធ្វើឡើងនៅនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ផងដែរ។
នៅមុនការចរចា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងកម្រិតគ្រប់គ្រងមួយល្អ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅលើយន្តហោះ Air Force One លោក ត្រាំ បានបញ្ជាក់ថា ការពិភាក្សាដោយសមហេតុផល រួមជាមួយនឹងទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី គឺជាកត្តាសំខាន់ក្នុងការឈានទៅរកដំណោះស្រាយសន្តិភាពសម្រាប់សង្គ្រាមដែលកំពុងបន្ត។
ស្របពេលដែលការចរចាកំពុងផ្ដោតលើបទឈប់បាញ់ តែនៅសមរភូមិ ការវាយប្រហារក៏នៅតែបង្ហូរឈាមអ្នកប្រយុទ្ធទាំងសងខាង ហើយកាន់តែខ្លាំងថែមទៀត។
នៅថ្ងៃអង្គារ ទី២៥ ខែមីនា កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានបាញ់យន្តហោះដ្រូនចំនួន ១៣៩គ្រឿង ព្រមទាំងមីស៊ីលបាលិស្ទីក Iskander ចំនួន ១គ្រាប់។ ការវាយប្រហារនេះនៅវេលាយប់ចូលដល់ថ្ងៃទី២៥ ខែមីនា ដោយបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស ហើយខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើទឹកដីអ៊ុយក្រែន នៅតំបន់ Poltava, Kharkiv និងក្រុង Kyiv។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ី ៧៨គ្រឿង រីឯ ៣៤គ្រឿងទៀតមិនបានហោះទៅដល់គោលដៅរបស់ពួកវាទេ។
ការវាយប្រហាររបស់រុស្ស៊ី កើតមានឡើងបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោងកាលពីថ្ងៃចន្ទរវាងក្រុមមន្ត្រីរុស្ស៊ី និងក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្ដីពីលទ្ធភាពបទឈប់បាញ់នៅតំបន់សមុទ្រខ្មៅក្នុងសង្គ្រាមរុស្ស៊ី ជាមួយអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី អះអាងទៀតថា កាលពីថ្ងៃចន្ទ ទ័ពមីស៊ីលរបស់រុស្ស៊ី បានកម្ទេចដ្រូនអ៊ុយក្រែនជាច្រើនគ្រឿងដែលហោះវាយលើទីតាំងប្រេងរបស់រុស្ស៊ី ក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃតំបន់គ្រីមៀ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

