27.4 C
Phnom Penh

ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ដោះស្រាយ​សង្គ្រាម​បង្ក​ឡើង​ដោយ​រុស្ស៊ី ត្រូវ​បាន​ព្យួរ បន្ទាប់ពី​អ៊ុយក្រែន​បដិសេធ​លក្ខខណ្ឌ​ដែនដី​គ្រីមៀរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ដែល​មកពី​សហរដ្ឋ​អាមេរិក អ៊ុយក្រែន អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ដែល​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នៅ​ថ្ងៃទី​២៣ មេសា នេះ ត្រូវ​បាន​ព្យួរ​ភ្លាមៗ ដោយសារតែ​ខ្វះ​សំឡេង​សមភាគី ឬ consensus បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​សម្រេច​មិន​ទៅ​ចូលរួម​ប្រជុំ។

នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​២៣ ខែ​មេសា។

ការ​ព្យួរ​ជំនួប​របស់​អ្នក​ការទូត​អឺរ៉ុប និង​អាមេរិក ធ្វើឡើង​ចំ​ពេល​មាន​រឿង​ពីរ​កើត​នៅ​ថ្ងៃ​តែ​មួយ គឺ​ទី​មួយ លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ប្រកាស​ទាត់ចោល​លក្ខខណ្ឌ​បង្ខំ​អ៊ុយក្រែន ឱ្យ​ទទួលស្គាល់​ដែនដី​គ្រីមៀរ ជា​របស់​រុស្ស៊ី ស្រប​ច្បាប់ ដែល​ស្នើ​ឡើង​ដោយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​ទី​ពីរ ចំ​ពេល​ដែល​ប្រេសិត​ពិសេស​របស់​លោក ត្រាំ គឺ​លោក Steve Witkoff ដែល​អ៊ុយក្រែន មិន​សូវ​ទុកចិត្ត​ក្នុង​ឋានៈ​ជា​អ្នក​សម្របសម្រួល​អព្យាក្រឹត្យ ត្រូវ​ចេញ​ដំណើរ​ទៅ​ជួប​លោក វ៉្លាឌីមៀ ពូទីន នៅ​ក្នុង​ទីក្រុង​មូស្គូ ម្ដង​ទៀត​ក្នុង​សប្ដាហ៍​នេះ។

តាម​ប្រភព​ព័ត៌មាន Kyiv Independent ជំនួប​ការទូត​របស់​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប ត្រូវ​គេ​រំពឹង​ថា​នឹង​រកបាន​មតិ​រួម​គ្នា​មួយ​ជុំវិញ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ក្រោម​ផែនការ​សន្តិភាព​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ ប៉ុន្តែ​ជំនួប​នេះ​ត្រូវ​បាន​លើក​ពេល ព្រោះតែ​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Marco Rubio ប្រកាស​មិន​ចូលរួម​ប្រជុំ បើ​ទោះជា​សហរដ្ឋ​អាមេរិក​មាន​ប្រេសិត​ម្នាក់ គឺ​ឧត្ដមសេនីយ៍​ចូល​និវត្តន៍ Keith Kellogg ត្រូវ​មក​ចូលរួម​តំណាង​ក៏ដោយ។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស LBC UK ឲ្យ​ដឹង​ថា វា​មិន​មាន​អ្វី​ជា​សំខាន់​នោះ​ទេ​ចំពោះ​អវត្តមាន​របស់​លោក Marco Rubio ព្រោះ​មាន​តំណាង​មក​ចូលរួម​ជំនួស ប៉ុន្តែ​មាន​រឿង​ធំ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ជំនួប​នេះ​ត្រូវ​លើក​ពេល គឺ​អាច​មកពី​លោក ហ្សេឡេនស្គី ទាត់ចោល​លក្ខខណ្ឌ​បង្ខំ​អ៊ុយក្រែន ឱ្យ​ទទួលស្គាល់​ដែនដី​គ្រីមៀរ ជា​របស់​រុស្ស៊ី ស្រប​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​លោក ដូណាល់ ត្រាំ។

លោក ហ្សេឡេនស្គី បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា៖ «តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​អ៊ុយក្រែន បើ​ទោះបីជា​លោក​មាន​ឋានៈ​ជា​ប្រធានាធិបតី តែ​លោក​មិន​អាច​រំលោភ​រដ្ឋធម្មនុញ្ញ​បាន​ឡើយ។»

លោក​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ណាស់ គឺ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​មួយ ទោះ​មាន​ឋានៈ​អ្វី​ក៏ដោយ មិន​អាច​កាត់​ច្រៀក​ទឹកដី​របស់​ប្រជាជន​អ៊ុយក្រែន ទៅ​ឱ្យ​ប្រទេស​ណា​មួយ​បាន​ឡើយ។

លោក ហ្សេឡេនស្គី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូបលោក​គ្មាន​បុព្វសិទ្ធិ​កាត់​ទឹកដី​ឱ្យ​អ្នក​ឈ្លានពាន​ទេ។

គ្រាន់តែ​លោក ហ្សេឡេនស្គី ប្រកាស​ទាត់ចោល​សំណើ​របស់​លោក ត្រាំ ក៏​ស្រាប់តែ​ធ្វើ​ឱ្យ​ស្ថានភាព​ទៅ​រក​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប និង​អាមេរិក ធ្លាក់​ក្នុង​ភាព​មិន​ច្បាស់លាស់ គឺ​គ្មាន​ទំនុកចិត្ត​ក្នុង​កិច្ច​សន្ទនា​គ្នា។ ណា​មួយ​មាន​រឿង​មួយ​ទៀត​កើតឡើង ដោយសារតែ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ថា ផែនការ​សន្តិភាព​របស់​លោក ត្រាំ បាន​កំណត់​រួច​ហើយ​ថា​ត្រូវតែ​ទទួលស្គាល់​តំបន់​ទាំងឡាយ​ណា​ដែល​កងទ័ព​រុស្ស៊ី ដណ្ដើម​កាន់កាប់​បាន​ចាត់​ជា​ដែនដី​របស់​រុស្ស៊ី។ ដែនដី​ដែល​កងទ័ព​រុស្ស៊ី កំពុង​កាន់កាប់​ក្នុង​សមរភូមិ មាន​ដូចជា ខេត្ត Luhansk, ខេត្ត​Donetsk, តំបន់ Kherson, និង Zaporizhzhia។ តំបន់​ទាំង ៤ នេះ​ហើយ​ដែល​កាលពី​ចុង​ឆ្នាំ​២០២២ សភា​រុស្ស៊ី បាន​អនុម័ត​ចាត់ទុក​ជា​ដែនដី​របស់​រុស្ស៊ី។

ចំណែក​លក្ខខណ្ឌ​មួយ​ទៀត​ដែល​លោក ត្រាំ បង្ខំ​ឱ្យ​អ៊ុយក្រែន ទម្លាក់​ចោល​ការ​សុំ​ចូល​សមាជិក NATO ក៏​ជា​រឿង​ចម្រូងចម្រាស​ផង​ដែរ។

តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov មិន​គួរ​ជំនួប​នេះ​ត្រូវ​លើក​ពេល​នោះ​ទេ ដែល​លោក​ថា​ទីក្រុង​មូស្គូ ទុកចិត្ត​ថា តាមរយៈ​ជំនួប​នេះ នឹង​ធ្វើ​ឱ្យ​មាន​ពន្លឺ​ទៅ​រក​ការ​ចរចា​មួយ​មាន​ភាព​ប្រាកដប្រជា។

យ៉ាងណាក៏ដោយ បើ​តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ក្រុង​មូស្គូ នៅតែ​មាន​ទំនុកចិត្ត​ទៅ​លើ​រដ្ឋការ​របស់​លោក ត្រាំ ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចរចា។ ជាមួយ​គ្នា​នេះ បើ​យោង​តាម​សារព័ត៌មាន Financial Times លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាន​លើកឡើង​ពី​បំណង​បញ្ឈប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​សមរភូមិ​សព្វថ្ងៃ ដែល​លោក​ថា គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​លោក ដូណាល់ ត្រាំ។

បើ​តាម Financial Times លោក ពូទីន បាន​លើកឡើង​ពី​បំណង​បែប​នេះ​អំឡុង​ពេល​ជួប​ជាមួយ​បេសកជន​ពិសេស​របស់​អាមេរិក គឺ​លោក Steve Witkoff ក្នុង​ទីក្រុង St Petersburg កាលពី​ដើម​ខែ​មេសា នេះ។

Financial Times បាន​បញ្ចេញ​ព័ត៌មាន​ថា អាមេរិក​អាច​នឹង​យល់ព្រម​តាម​សំណើ​ធំៗ​របស់​លោក ពូទីន ក្នុង​នោះ​រួម​មាន​ដូចជា ការ​ទទួលស្គាល់​អធិបតេយ្យភាព​របស់​រុស្ស៊ី លើ​តំបន់​គ្រីមៀរ ដែល​ក្រុង​មូស្គូ ចាប់​យក​បាន​ពី​អ៊ុយក្រែន កាលពី​ឆ្នាំ​២០១៤ ព្រមទាំង​រារាំង​មិន​ឱ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក NATO។

ចំពោះ​សំណុំរឿង​ដែនដី​គ្រីមៀរ នេះ ទាំង​អ៊ុយក្រែន និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​អឺរ៉ុប បាន​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​ឡើងវិញ​ទាំងស្រុង​នូវ​ព្រំដែន​របស់​អ៊ុយក្រែន នៅ​មុន​ឆ្នាំ​២០១៤ គឺ​ឱ្យ​ស្រប​នឹង​សន្ធិសញ្ញា​ឆ្នាំ​១៩៩១ ដែល​ត្រូវ​បាន​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ ក្រោយពី​រុស្ស៊ី និង​អ៊ុយក្រែន បាន​បែងចែក​ខ្សែបន្ទាត់​កំណត់​ព្រំប្រទល់​ប្រទេស បន្ទាប់ពី​ការ​ដួល​រលំ​របប​កុម្មុយនីស្ត​សហភាព​សូវៀត នៅ​ក្នុង​ឆ្នាំ​១៩៩១៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស