មន្ត្រីជាន់ខ្ពស់ខាងគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត លើកឡើងថា ការដំឡើងពន្ធលើបន្ទះថាមពលព្រះអាទិត្យ ឬហៅថាសូឡាផាណល (solar panel) ដែលនាំពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ចំនួនជាង ៣៥០០% (៣៥២១%) គ្រាន់តែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ បើមន្ត្រីរដ្ឋាភិបាលយល់ពីកិច្ចព្រមព្រៀង GATT (General Agreement on Trade and Tariffs) នៃអង្គការពាណិជ្ជកម្មពិភពលោកនោះ (World Trade Organization, WTO)។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក ហ៊ីង សុខសាន្ត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា នេះថា បញ្ហាដំឡើងពន្ធលើបន្ទះសូឡានេះ គឺជារឿងផ្ទាល់ឯកជនរបស់ក្រុមហ៊ុនទាំងឡាយណាដែលបានបំពានគោលការណ៍សកលក្នុងវិស័យពាណិជ្ជកម្ម ស្ដីពីការដឹកផលិតផលចាក់ធារលក់បង្ខូចថ្លៃ (Dumping) និងការឧបត្ថម្ភធន (Subsidy) ប៉ុណ្ណោះ ក្នុងពេលដែលប្រទេសកម្ពុជាមិននៅពីក្រោយ ឬចូលរួមចំណែកក្នុងរឿងនេះផងនោះ។
មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ទីតាំងប្រទេសកម្ពុជាបច្ចុប្បន្ន គឺជាឈ្មួញកណ្ដាលដែលត្រូវស្ថិតនៅចន្លោះរវាងអ្នកផលិត គឺចិន និងអ្នកទិញ គឺអាមេរិកាំង។ ក្នុងន័យនេះ បើប្រទេសកម្ពុជាផ្ដាច់ខ្លួនទៅនៅខាងអ្នកផលិត គឺចិន នោះអាមេរិកាំងដែលជាអ្នកទិញក៏នឹងឈប់ទិញអីវ៉ាន់ផលិតនៅប្រទេសកម្ពុជាដែរ។
ផ្ទុយទៅវិញ បើប្រទេសកម្ពុជាផ្ដាច់ខ្លួននៅខាងអ្នកទិញ គឺសហរដ្ឋអាមេរិក នោះអ្នកផលិត គឺចិន ក៏នឹងបញ្ឈប់ផ្តល់ទំនិញឱ្យកម្ពុជាដែរ ដូច្នេះលទ្ធផលអ្នករងគ្រោះពិតប្រាកដ គឺកម្ពុជាខ្លួនឯងដែលត្រូវបាត់បង់ប្រាក់ចំណូលសម្រាប់ជាតិ ព្រោះកម្ពុជាភ្ជាប់ខ្លួនទៅជាមួយភាគីណាក៏នឹងមានផលអាក្រក់សម្រាប់ខ្លួនដែរ។
លោក ហ៊ីង សុខសាន្ត បញ្ជាក់ថា ប្រទេសកម្ពុជាអាចចៀសផុតពីបញ្ហាទាំងនេះបានដោយប្រកាន់ខ្ជាប់នូវគោលការណ៍យកផលប្រយោជន៍ជាតិជាធំ គឺមិនធ្វើអាក្រក់ដាក់អ្នកផលិត និងធ្វើល្អដាក់អ្នកទិញ នោះខ្មែរនៅតែអាចបន្តទទួលបានទំនិញពីអ្នកផលិត និងអាចបន្តលក់ទៅឱ្យអ្នកទិញបានដូចមុនដដែល។
កាលថ្ងៃទី២១ ខែមេសា សហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធនាំចូលបន្ទះសូឡាប្រើថាមពលព្រះអាទិត្យពីប្រទេសកម្ពុជា រហូតដល់ ៣៥២១% ចាប់ពីខែមិថុនា ឆ្នាំ២០២៥ តទៅ ក្នុងបំណងប្រឆាំងនឹងការឧបត្ថម្ភធនពីរដ្ឋការចិន និងលក់បង្ខូចតម្លៃពីក្រុមហ៊ុននាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជា ក្នុងនោះប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម ក៏ត្រូវជាប់ពន្ធនាំចូលបន្ទះសូឡានេះដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២២ មេសា នេះថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធននេះ គឺជានីតិវិធីដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងសហរដ្ឋអាមេរិក ដែលព្រួយបារម្ភចំពោះការប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅកាន់ទីផ្សារអាមេរិកាំងតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះ គេចាត់ទុកជាការរកស៊ីជំនួញគៃបន្លំ មិនស្មោះត្រង់ មិនស្មើភាពគ្នា។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីនេះ ក្រសួងបានធ្វើការសម្របសម្រួលជាមួយវិស័យឯកជនដែលពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទប្រកាន់ទាំងនេះរួចរាល់ហើយ ហើយការដំឡើងពន្ធនាំចូលបន្ទះសូឡានេះ ក៏មិនពាក់ព័ន្ធនឹងការអនុវត្តពន្ធគយ ៤៩% ដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែមេសា នោះដែរ។
ចាប់តាំងពីដើមខែមេសា មក ប្រទេសកម្ពុជាប្រឈមនឹងឧបសគ្គជាបន្តបន្ទាប់ជុំវិញការកំណត់ពន្ធគយលើទំនិញនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ឧទាហរណ៍ជាក់ស្តែង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានកំណត់ពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជា ៤៩% សម្រាប់ការនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា៖ តាមស្ថិតិពីអគ្គនាយកដ្ឋានពន្ធដារ គយ និងរដ្ឋាករ បន្ទះប្រើថាមពលព្រះអាទិត្យហៅតាមភាសាអង់គ្លេសថា Solar panel នាំចេញពីប្រទេសកម្ពុជា ទៅលក់នៅទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ មានទឹកប្រាក់ ២ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២៤ មានទឹកប្រាក់ ៨៣០លានដុល្លារ។ ក្រុមហ៊ុនផលិតបន្ទះថាមពលព្រះអាទិត្យភាគច្រើនជាក្រុមហ៊ុនចិន មានដូចជា ក្រុមហ៊ុន Jintek Photovoltaic Technology, Hounen Solar, ISC Cambodia and Solar Long PV-Tech ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

