26.5 C
Phnom Penh

ទស្សនកិច្ច​ប្រធាន​ព្រឹទ្ធសភា​ខ្មែរ​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី តើ​ចង់​បាន​អ្វី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ទស្សនកិច្ច​ផ្លូវការ​នា​ដើម​សប្តាហ៍​ខែ​ឧសភា នេះ នៅ​រដ្ឋធានី​ហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាងគេ​លើ​ពិភពលោក លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​មេដឹកនាំ​ប្រទេស​កោះ​ចំនួន ១៧៥០០ ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ក្នុង​គោលបំណង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ខាង​យោធា ថែមទាំង​ផ្លាស់ប្ដូរ​ទស្សនៈ​សភា និង​កិច្ចការទូត ព្រមទាំង​នយោបាយ​សម្រាប់​សហគមន៍​អាស៊ាន​ផង​ដែរ ក្រៅ​តែ​វិស័យ​វប្បធម៌ សិល្បៈ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ថ្មី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ជា​កូនប្រសា​អតីត​ប្រធានាធិបតី ស៊ូហារតូ (Suharto) ដែល​ស្វាគមន៍​លោក​នៅ​វិមាន​ឯករាជ្យ​សេរីភាព Istana Merdeka ចរចា​រឿង​បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​ក៏​បាន​ជួប​ជាមួយ​អ្នកស្រី ពួន មហារ៉ានី (Puan Maharani) ប្រធាន​រដ្ឋសភា ដោយ​សម្ដែង​គោលបំណង​ចង់​បង្កើន​បរិមាណ​ជំនួញ​ទំនិញ ជាពិសេស​ស្រូវ​អង្ករ និង​សាច់​សត្វ​សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​បរិភោគ​ស្រប​តាម​ជំនឿ ហៅថា ហាឡាល់។

យោង​តាម​ការ​ផ្សាយ​វិទ្យុ​សំឡេង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី (VOI) កាលពី​ថ្ងៃទី​៧ ឧសភា ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន ហាក់បីដូចជា​រំភើប​ឃើញ​មាន​ស្ត្រី​ដឹកនាំ​ជា​ប្រធាន​រដ្ឋសភា​ជាតិ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ តាម​ការ​វិភាគ នេះ​ហាក់ដូចជា​បង្ហាញ​ថា លោក ហ៊ុន សែន មិន​បាន​សិក្សា​ល្អិតល្អន់​ទេ​អំពី​ប្រវត្តិ​ប្រទេស​ដែល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច មុន​ទៅ​ធ្វើ​ទស្សនកិច្ច។

សាធារណរដ្ឋ​ឥណ្ឌូនេស៊ី មាន​ស្ត្រី​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ប្រមាណ ៤០​នាក់​ហើយ ចាប់​ឆ្នាំ​១៩៩៩ មក។ អ្នកស្រី ពួន មហារ៉ានី ពី​មុន​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​មនុស្ស​ជាតិ និង​កិច្ចការ​វប្បធម៌ ជា​កូនស្រី​អតីត​ប្រធានាធិបតី មេហ្គាវ៉ាទី ស៊ូការណូប៊ុត្រី ជា​ចៅស្រី​បិតា​ឯករាជ្យ​ជាតិ​ឥណ្ឌូនេស៊ី អតីត​ប្រធានាធិបតី សឺការណូ (Soekarno) និង​អ្នកស្រី ហាទីនី ជា​មិត្ត​ជិតស្និទ្ធ​នឹង​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហនុ ដែល​ជា​មេដឹកនាំ​ក្នុង​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ។

ជំនួញ​ទ្វេភាគី​រវាង​រាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​ទៅ មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ។ តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន ក្នុង​ឆ្នាំ​២០២៥ នេះ ស្រុក​ខ្មែរ​នាំចូល​ទំនិញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ភាគច្រើន​ជា​ធ្យូង​គ្រាប់​ចម្អិន​អាហារ មាន​ទឹកប្រាក់ ៩៩៣​លាន​ដុល្លារ។ ទំនិញ​ដឹក​ពី​ស្រុក​ខ្មែរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ភាគច្រើន​ជា​សំណ មាន​ទឹកប្រាក់​ប្រមាណ ១០៥​លាន​ដុល្លារ។ ក្នុង​លក្ខណៈ​យកចិត្ត​ថ្លើម​រដ្ឋការ​ក្រុង​ហ្សាការតា លោក ហ៊ុន សែន បាន​សន្យា​ថា​នឹង​ដាក់​ឈ្មោះ​ផ្លូវថ្នល់​ពីរ​ជូន​វីរបុរស​ឥណ្ឌូនេស៊ី គឺ​អតីត​ប្រធានាធិបតី សឺការណូ និង​ប្រមុខ​ការទូត រដ្ឋមន្ត្រី​ការបរទេស អាលី អាឡាតាស ដែល​រួម​គំនិត​ជួយ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា។

កាលពី​ឆ្នាំ​២០២៤ ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្តល់​កាំភ្លើង​ចម្បាំង មាន​កាំភ្លើងវែង កាំភ្លើងខ្លី ហើយ​ជួយ​បង្ហាត់​ហ្វឹកហ្វឺន​កង​កុម្ម៉ង់ដូ​ឆត្រយោង និង​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​ខ្មែរ។

យ៉ាងណាមិញ ប្រទេស​ទាំង​ពីរ​មិន​ដែល​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​គ្នា​ទ្វេភាគី​ក្នុង​នាម​ជា​សមាជិក​សហគមន៍​អាស៊ាន​ទេ ប៉ុន្តែ​កងទ័ព​ខ្មែរ​គ្រោង​ធ្វើ​សមយុទ្ធ​ក្នុង​ខែ​នេះ​ជាមួយ​ចិន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស