28.8 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​សង់​អន្តេវាសិកដ្ឋាន​និស្សិត​ស្រី​ក្រីក្រ​លើ​ផ្ទៃដី ២​ហិកតា​ជា​ដី​របស់​អ្នកស្រី ហ៊ុន ម៉ាណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​នឹង​កសាង​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ក្នុង​គ្រួសារ​ក្រីក្រ​មកពី​បណ្តា​ខេត្ត​នានា ដែល​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ដោយ​សាងសង់​លើ​ផ្ទៃដី ២​ហិកតា ជា​ដី​កូនស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា។

នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ទៅ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ថា បន្ទាប់ពី​ការ​ពិភាក្សា​ជាមួយ​ភរិយា និង​កូនស្រី​របស់​លោក គឺ​លោក​សម្រេច​យក​ដី ២​ហិកតា​ដែល​ទិញ​តម្លៃ​ជាង ១០​លាន​ដុល្លារ សម្រាប់​សាងសង់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នៅ​ជ្រោយចង្វារ ប្រគល់​ជូន​ទៅ​ក្រសួង​កិច្ចការ​នារី ដើម្បី​សាងសង់​អន្តេវាសិកដ្ឋាន។

លោក ហ៊ុន សែន អះអាង​ថា ការ​សាងសង់​អន្តេវាសិកដ្ឋាន​និស្សិត​ស្រី​ស្នាក់នៅ​ចំនួន ៥០០​នាក់ ត្រូវការ​បន្ទប់​ចំនួន ១២០​បន្ទប់ ដោយ​ក្នុង ១​បន្ទប់​អាច​ស្នាក់នៅ​បាន ៤​នាក់ (ដោយ​មាន​បន្ទប់ទឹក និង​ចង្ក្រាន​បាយ​ផង​ដែរ)។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​រៀបចំ​កសាង​ប៉ុស្តិ៍​សុខភាព​នៅ​ជាន់​ផ្ទាល់​ដី ដែល​មាន​បន្ទប់​សម្រាប់​ពិនិត្យ​ជំងឺ និង​បន្ទប់​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ទៀត​ផង។

លោក ហ៊ុន សែន អះអាង​ថា លោក​សង្ឃឹម​ថា​អន្តេវាសិកដ្ឋាន​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​លំបាក​របស់​និស្សិត​ជា​ស្ត្រី និង​ជួយ​ពន្លឿន​ដល់​ការ​វិនិយោគ​កសាង​សមត្ថភាព​របស់​ស្ត្រី និង​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​កសាង​ប្រទេស​ជាតិ។

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដើម្បី​កាត់បន្ថយ​ហានិភ័យ ឬ​បញ្ហា​ប្រឈម​របស់​សិស្ស​ស្រី ឬ​ក្មេងស្រី​ដែល​បាន​ចាកចេញ​ពី​ស្រុកកំណើត ដើម្បី​មក​រៀនសូត្រ​ឆ្ងាយ​ពី​ផ្ទះសម្បែង និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្មេងស្រី​បន្ត​ការ​សិក្សា​ផង​ដែរ។

លោក​សង្ឃឹម​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ នឹង​ក្លាយ​ទៅ​ជា​ចំណាត់ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ។

នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​អំពាវនាវ​ចំពោះ​សប្បុរសជន​នានា​ឱ្យ​ចូលរួម​ជួយ​កសាង​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ស្ត្រី​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ជំរុញ​ឱ្យ​សិស្ស​ស្ត្រី​នៅ​ជនបទ​មាន​ឱកាស​សិក្សា​នៅ​វិទ្យាល័យ ហើយ​មាន​កន្លែង​ស្នាក់នៅ និង​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គម្លាត​រវាង​ស្ត្រី​នៅ​តាម​ទីក្រុង និង​ទី​ជនបទ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស