តំណាងរាស្ត្របក្សប្រឆាំង ចំអកឱ្យបក្សកាន់អំណាចថា ការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសកម្មជនដទៃទៀតក្នុងពន្ធនាគារដើម្បីបំបិទសេរីភាពបញ្ចេញមតិ គឺជារបៀបរក្សាសន្តិភាពរបស់ពួកកុម្មុយនីស្តផ្ដាច់ការ មិនមែនរក្សាសន្តិភាពសម្រាប់ពលរដ្ឋឡើយ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៤ កក្កដា នេះថា សន្តិភាពដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសព្វថ្ងៃនេះ គ្រាន់តែជាគុកសម្រាប់ប្រជាពលរដ្ឋ និងសកម្មជនសង្គមដែលមានភាពសកម្មក្នុងការតវ៉ាដើម្បីសិទ្ធិសេរីភាពប៉ុណ្ណោះ ព្រោះអ្នកទោសមនសិការកំពុងត្រូវបានបង្ខំឱ្យរស់ក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌ក្រោមសន្តិភាពក្លែងក្លាយនៃរបបនេះ។
លោក អ៊ុំ សំអាន លើកឡើងថា ទង្វើឃោរឃៅរបស់លោក ហ៊ុន សែន ដែលកំពុងបង្ក្រាបសកម្មជនសង្គមសព្វថ្ងៃ ដោយប្រើពាក្យការពារសន្តិភាព គឺជាទង្វើបំផ្លាញសុភមង្គលរបស់ជាតិខ្មែរមួយនគរ ព្រោះសេរីភាពបញ្ចេញមតិដែលបានចែងក្នុងច្បាប់ ត្រូវបានលោក ហ៊ុន សែន ចាត់ទុកជាអំពើបំផ្លាញសន្តិភាពរបស់គាត់បាត់ទៅហើយនោះ។
ដំណាលពេលជាមួយគ្នានេះ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យខ្មែរមានឯកភាពជាតិដែរ គ្រាណាលោកប្រឈមមុខនឹងប្រទេសថៃឡង់ដ៍ រឿងព្រំដែន។ អ្នកតាមដានរឿងខ្មែរចាស់វស្សាម្នាក់ក្នុងមជ្ឈដ្ឋានសហគមន៍ខ្មែរ តែងតែចោទសួរថា៖ តើការអំពាវនាវរកឯកភាពជាតិឲ្យខ្មែរមានឯកភាពជាមួយអ្នកណា? ក្នុងរឿងអ្វី? ធ្វើអ្វី? ហើយដើម្បីអ្វី?
លោក អ៊ុំ សំអាន បញ្ជាក់ថា ការលុបបំបាត់គោលការណ៍ច្បាប់ដោយជំនួសមកវិញនូវសន្តិភាពដែលប្រកាសដោយលោក ហ៊ុន សែ មិនមែនជាការដឹកនាំដែលផ្តល់សេចក្តីសុខដល់ពលរដ្ឋដោយពិតប្រាកដទេ ព្រោះពាក្យថា «សន្តិភាព» សព្វថ្ងៃនេះ គ្មានគោលការណ៍ជាក់លាក់ទេ គឺស្រេចតែទៅលើលោក ហ៊ុន សែន ប៉ុណ្ណោះ។
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើបណ្តឹងរបស់មេធាវីការពារសិទ្ធិ ដែលបានស្នើសុំដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងអ្នកពាក់ព័ន្ធដទៃ ឱ្យមានសេរីភាពឡើងវិញ ក្រោយតុលាការបើកសវនាការកាលពីថ្ងៃព្រហស្បតិ៍។
សកម្មជនដែលត្រូវបានបដិសេធមិនដោះលែងឱ្យមានសេរីភាពឡើងវិញ រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ អ្នកស្រី សែម សុផល អ្នកស្រី ពៅ លីតា លោក សាន អឿន លោក គឹម វឿន និងអ្នកស្រី ញិប សារ៉ុម ខណៈតុលាការមិនបានអានសាលក្រមពេញលេញទេក្នុងសវនាការនេះ ដោយបញ្ជាក់ថា ពេលវេលាខ្លី។
សកម្មជនសង្គម លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម និងឡាវ (CLV-DTA) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយអាជ្ញាធរខេត្តសៀមរាប ខណៈអ្នកពាក់ព័ន្ធក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែរ។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ទុកអ្នករិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍ថាជាសកម្មភាពបះបោរប្រឆាំងនឹងរដ្ឋាភិបាល ដែលត្រូវចាប់ខ្លួនឱ្យអស់ចំពោះអ្នករស់នៅក្នុងប្រទេស ប៉ុន្តែសម្រាប់អ្នករស់នៅបរទេស គឺត្រូវចាប់ខ្លួនសាច់ញាតិរបស់ពួកគេដែលកំពុងរស់នៅក្នុងស្រុកផងដែរ។
អង្គការ Freedom House បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ កន្លងទៅ ឱ្យស្ថិតក្នុងលេខរៀងទី៨ ក្នុងចំណោមប្រទេសទាំង១១ នៅតំបន់អាស៊ាន ជាប្រទេសល្បីល្បាញខាងគាបសង្កត់សេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

