រឿងឧកញ៉ាទុច្ចរិតសមគំនិតរកស៊ីលួចលាក់មួយបែបទៀត ក៏ទាក់ទិននឹងសមាជិកបក្សប្រជាជនកម្ពុជា ដែរ។
មន្ត្រីផ្ទៃក្នុងបក្សប្រជាជនកម្ពុជា ទម្លាយថា ឧកញ៉ា លី យ៉ុងផាត់ ដែលមានរហស្សនាមថា ស្តេចកោះកុង បានលួចលក់ដីខ្មែរទៅឱ្យឧក្រិដ្ឋជនជនជាតិចិន ៣កន្លែងប្រមូលលុយបានជាង ៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលលុយទាំងនោះភាគច្រើនរក្សាទុកនៅក្នុងស្រុកថៃ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃបក្សប្រជាជនកម្ពុជា ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន នៅថ្ងៃទី១៧ កក្កដា នេះថា ដីមួយកន្លែងស្ថិតនៅច្រកចាំយាម ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង ទំហំជាង ៣០០ហិកតា ត្រូវបានឧកញ៉ា លី យ៉ុងផាត់ លក់ទៅឱ្យក្រុមហ៊ុនចិន ក្នុងតម្លៃ ៤ពាន់ ៥លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯដីមួយកន្លែងទៀត ស្ថិតនៅទីតាំងឱបៀ ឃុំជ្រោយប្រោះ ស្រុកត្រពាំងរូង ខេត្តកោះកុង ទំហំប្រមាណជា ៥០០ហិកតា ក៏ត្រូវបានឧកញ៉ារូបនេះលក់ទៅក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ ៤ពាន់ ៥លានដុល្លារសហរដ្ឋអាមេរិកដែរ។
ប្រភពដដែល អះអាងថា ទីតាំងដីទាំងពីរកន្លែងនេះ ត្រូវបានក្រុមហ៊ុនចិន ប្រើប្រាស់ជាទីតាំងបើកបនល្បែងកាស៊ីណូអនឡាញខុសច្បាប់រហូតមកដល់សព្វថ្ងៃនេះ។
ចំណែកឯបនល្បែងកាស៊ីណូអនឡាញខុសច្បាប់ជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ ហៅ ឃុន ផាត់ ដែលមានភាគហ៊ុនជាមួយមន្ត្រីកំពូលៗក្នុងជួរគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតនៅច្រកចាំយាម ក្នុងខេត្តកោះកុង នោះ ក៏ទទួលបានចំណូលជាមធ្យមប្រមាណជិត ៣០០លានដុល្លារសហរដ្ឋអាមេរិកដែរ (២៧៥លានដុល្លារ) ក្នុង ១ឆ្នាំៗ។
ដោយឡែកទីតាំងដីនៅបឹងព្រៃនប់ ក្នុងខេត្តព្រះសីហនុ ទំហំ ១៣ហិកតា ដែលបានមកពីការដោះដូរដីសម្រាប់សាងសង់វិមានឈ្នះៗជំនាន់អតីតអភិបាលខេត្តព្រះសីហនុ លោក យន់ មីន នោះ ក៏ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនចិន ជាង ៤០០លានដុល្លារទៀតដែរ (៤២៩លានដុល្លារ)។
មន្ត្រីបក្សកាន់អំណាចរូបនេះប្រាប់ថា ក្រៅពីប្រមូលដីខ្មែរលក់ឱ្យក្រុមហ៊ុនចិន និងបើកបនល្បែងកាស៊ីណូអនឡាញខុសច្បាប់ ឧកញ៉ា លី យ៉ុងផាត់ ឈ្មោះដើម ផាត់ ស៊ុផាផ (សុភាព) ក៏បានប្រមូលដីរដ្ឋយកមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ ដូចជា ដីនៅឃុំប៉ាក់ក្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានទំហំជិត ១ពាន់ហិកតាឯណោះ (ជាង ៩០០ហិកតា)។
មន្ត្រីដដែលនេះ បញ្ជាក់ថា ដីនេះស្ថិតក្រោមម្ចាស់កម្មសិទ្ធិប្លង់រឹងរបស់មនុស្ស ៤នាក់ មានកូនប្រុសរបស់គាត់ឈ្មោះ លី ឆូកឆៃ ឈ្មោះ លី អាផណ និងភរិយារបស់គាត់ឈ្មោះ គីម ហ៊ាង រួមទាំងអ្នកកាន់លុយធំរបស់គាត់ឈ្មោះ អ៊ិន កួត ផងដែរ។
ក្រៅពីនេះទៀត ឧកញ៉ា លី យ៉ុងផាត់ ក៏មានចំណែកកាន់កាប់ដីទំហំ ៣០ហិកតានៅបឹងតាមោក ផងដែរ ដែលមានក្បាលដីប្រវែង ១ពាន់ម៉ែត្រ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ក្បែរផ្សារដើមគថ្មី ក្រោមឈ្មោះ គីម ហ៊ាង ដែលជាប្រពន្ធរបស់គាត់។
ប្រភពដដែល អះអាងថា មនុស្សដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ឯកសារកម្មសិទ្ធិដី ៣០ហិកតានៅបឹងតាមោក នេះ មានប្រធានសុរិយោដីខណ្ឌព្រែកព្នៅ លោក ស៊ូ ស៊ីវុត្ថា ដែលបានគប់គិតជាមួយអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មន្ត្រីបក្សកាន់អំណាចរូបនេះបញ្ជាក់ថា អ្នកវិនិយោគដែលចង់បោះទុននៅខេត្តកោះកុង ប្រសិនបើមិនបានជូនដំណឹង ឬឆ្លងកាត់បង់សួយសារអាករឱ្យឧកញ៉ា លី យ៉ុងផាត់ ទេ សូមកុំសង្ឃឹមថាមានទឹកភ្លើងប្រើប្រាស់ឱ្យសោះ សូម្បីតែអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ក៏ស្ថិតក្រោមអំណាចរបស់ឧកញ៉ា លី យ៉ុងផាត់ ដែរ។
ទាក់ទងនឹងរឿងដីបឹងតាមោក សារព័ត៌មាន ខេមបូចា ផ្សាយកាលពីថ្ងៃពុធ ទី១៦ កក្កដា ថា មានការច្របូកច្របល់ក្នុងតុលាការ។ តុលាការបានកាត់ទោសឲ្យសកម្មជនសហគមន៍ដីធ្លីបឹងតាមោក ៩នាក់ជាប់ពន្ធនាគារមួយខែ ព្រោះតែចេញតវ៉ារឿងដកយកដីធ្លីពីពួកគាត់ ថ្វីត្បិតតែបានសុខចិត្តយល់ព្រមយកដីធ្លីទីដទៃរួចហើយក្តី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

