មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចោទថារដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដោយត្រកូលហ៊ុន កំពុងយកចិត្តទុកដាក់មើលថែជនជាតិវៀតណាម ជាងជាតិសាសន៍ខ្មែរខ្លួនឯង ព្រោះមកទល់នឹងពេលនេះ ជនជាតិវៀតណាម ទទួលបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជិត ១សែននាក់ ខណៈពលរដ្ឋខ្មែរត្រូវប្រឈមនឹងការបាត់បង់សញ្ជាតិពីកំណើតទៅវិញ។
លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ កក្កដា នេះថា កាលពីឆ្នាំ២០១៩ លោក ហ៊ុន សែន បានផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍វៀតណាម ទាំងខុសច្បាប់ និងស្របច្បាប់ជិត ៩ម៉ឺននាក់ (៨៩៤៧១នាក់) ដែលទង្វើនេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងថែរក្សាជនជាតិវៀតណាមខុសច្បាប់ទាំងនោះពីរដ្ឋាភិបាលកម្ពុជា ស្របតាមបំណងរបស់មេដឹកនាំវៀតណាម។
លោក អ៊ុំ សំអាន លើកឡើងថា បន្ទាប់ពីនិគមជនវៀតណាមទាំងនោះទទួលបានបណ្ណស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ជាអចិន្ត្រៃយ៍ហើយនោះ ពួកគេក៏អាចស្នើសុំសញ្ជាតិខ្មែរតាមច្បាប់សញ្ជាតូបនីយកម្មបន្តទៀតដែរ ក្រោយពេលដែលអ្នកទាំងនោះកាន់កាប់បណ្ណស្នាក់នៅនេះអស់រយៈពេល ៧ឆ្នាំ។
មន្ត្រីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ជនជាតិវៀតណាម ជិត ៩ម៉ឺននាក់នេះ ក៏អាចឈរឈ្មោះជាមេភូមិ មេឃុំ សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្រុក អភិបាលខេត្ត រដ្ឋមន្ត្រី មេទាហាន និងជាមេប៉ូលិសផងដែរ រួមទាំងអាចចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨ ថែមទៀត។
លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលត្រូវបានទម្លាយជាសាធារណៈនាពេលនេះ បង្ហាញថា ជនបរទេសអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា បានស្នើសុំប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន៍ និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជាង ៨ម៉ឺន ៩ពាន់នាក់ (៨៩៧៨៦នាក់)។
លិខិតដដែលថា ក្នុងចំណោមជនបរទេសទាំងជាង ៨ម៉ឺននាក់នេះ គឺស្មើចនឹងជាង ២ម៉ឺន ៨ពាន់គ្រួសារ (២៨៩៤៥គ្រួសារ) ដែលមាន ១១សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម មានចំនួន ៨៩៤៧១នាក់ ដែលក្នុងនោះ ស្ត្រីជាង ៤ម៉ឺននាក់ (៤២៨៣៦នាក់)។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនបរទេសទាំងនេះត្រូវបានក្រសួងផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាព ២ឆ្នាំម្តង ដើម្បីឱ្យពួកគេស្ថិតនៅក្រោមគន្លងច្បាប់ និងអនុវត្តកាតព្វកិច្ចតាមការកំណត់ ហើយក៏ដើម្បីឱ្យពួកគេយកទៅប្រើប្រាស់ផងដែរ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់អចលនវត្ថុ ការធ្វើអាជីវកម្ម និងសកម្មភាពផ្សេងៗទៀត ជាដើម។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីបំភ្លឺថា គិតចាប់ពីឆ្នាំ១៩៩៩ មក កម្ពុជាបានផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសសរុបជាង ៥ពាន់នាក់ ដែលចំនួននេះនៅតិចនៅឡើយ បើធៀបនឹងប្រទេសក្នុងតំបន់។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក ហ៊ុន សែន ធ្វើច្បាប់ដកសញ្ជាតិខ្មែរពីកំណើតនេះ គឺដើម្បីបញ្ចូលឈាមជាតិសាសន៍វៀតណាម ជំនួសឈាមខ្មែរ ព្រោះទង្វើបែបនេះបង្ហាញពីគំនិតរបស់គាត់ថាមានតែជនជាតិវៀតណាម ប៉ុណ្ណោះ ទើបបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់រយឆ្នាំទៅថ្ងៃមុខទៀត។
លោក អ៊ុំ សំអាន បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ នឹងមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឡើយ ដូច្នេះច្បាប់ដកសញ្ជាតិខ្មែរពីកំណើតនេះ ធ្វើឡើងដើម្បីសម្រេចបំណងអ្នកដឹកនាំវៀតណាម ហូ ជី មិញ ក្នុងគោលដៅឈ្លានពានទឹកដីខ្មែរឆ្ពោះមកទិសខាងលិច ទៅបង្កើតសហព័ន្ធឥណ្ឌូចិន ឬសម្ព័ន្ធភាពបីនាក់បងប្អូនឥណ្ឌូចិនយ៉ាងពិតប្រាកដ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

