កាលពីថ្ងៃចន្ទ ទី២៥ ខែសីហា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានពិភាក្សាជាមួយបណ្តាសមភាគីអឺរ៉ុប។ ការពិភាក្សានោះ ផ្ដោតជាសំខាន់អំពីតួនាទីរបស់អាមេរិកក្នុងការជួយពង្រឹងសន្តិសុខសម្រាប់អ៊ុយក្រែន នៅពេលដែលរុស្ស៊ី និងអ៊ុយក្រែន ព្រមបញ្ចប់សង្គ្រាម។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ចុះផ្សាយនៅថ្ងៃទី២៦ សីហា នេះថា លោក Rubio បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក David Lammy រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ អ្នកស្រី Elina Valtonen និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) អ្នកស្រី Kaja Kallas។
នាឱកាសសន្ទនាគ្នានេះ លោក Sybiha បានលើកឡើងថា អ៊ុយក្រែនអរគុណចំពោះលោក Rubio សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក និងចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ភាពជាអ្នកដឹកនាំបង្កើតសន្តិភាព តែលោក Sybiha សង្កត់ធ្ងន់ថា ការធានាសន្តិសុខដល់អ៊ុយក្រែន គឺជាគន្លឹះដ៏សំខាន់នៃសន្តិភាពរឹងមាំសម្រាប់អ៊ុយក្រែន។
តើយន្តការបែបណាដែលអាមេរិក និងអឺរ៉ុប ត្រូវប្រកាន់យកក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន?
ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បានក្លាយជាប្រធានបទមួយដ៏សំខាន់ក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ក្រុមមេដឹកនាំលោកខាងលិច បានសន្យាដល់អ៊ុយក្រែន ជាមួយនឹងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន តែត្រូវឆ្លងការយល់ព្រមពីសហរដ្ឋអាមេរិក។
យន្តការទាំងនេះត្រូវបានចាត់ទុកថាមានលក្ខណៈស្រដៀងគ្នាទៅនឹងមាត្រា៥ នៃសន្ធិសញ្ញាអាត្លង់ទិចខាងជើង ដែលជាមូលដ្ឋាននាំឱ្យមានការបង្កើតអង្គការយោធាណាតូ។
ចំពោះការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ដែលយករូបមន្តតាមមាត្រា៥ នៃអង្គការយោធាណាតូ មានន័យថា សម្ព័ន្ធភាពត្រូវបំពេញកាតព្វកិច្ចលើកទ័ពអន្តរាគមន៍ទៅប្រទេសអ៊ុយក្រែន ប្រសិនបើរុស្ស៊ី បើកការឈ្លានពានអ៊ុយក្រែន ម្ដងទៀត។
ប៉ុន្តែ ក្រុមលោកខាងលិចក៏មានជម្រើសមួយទៀត រួមគ្នាផ្ដោតលើការពង្រឹងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ដោយគ្មានដែនកំណត់ ដែលរុស្ស៊ី អាចជំទាស់ផងដែរ តែមិនដូចមាត្រា៥ នៃអង្គការយោធាណាតូនោះទេ។ ចំណុចមួយផ្សេងទៀតដែលកំពុងត្រូវបានលើកឡើងនោះ គឺការដាក់ពង្រាយកងទ័ពអឺរ៉ុប ចូលទៅកាន់ដែនដីអ៊ុយក្រែន។ ត្រង់នេះ រុស្ស៊ីបានជំទាស់ទៅហើយ ក្រោមហេតុផលជាកម្លាំងណាតូ។
ដូច្នេះហើយ ក្រុមលោកខាងលិចអាចរកគោលការណ៍ណាមួយដែលមិនមែនជារូបមន្តដូចនឹងទ័ពណាតូនោះទេ ទោះបីប្រទេសជាង ៣០ នៃក្រុមចម្រុះសុឆន្ទៈ សុទ្ធសឹងតែជាសមាជិកណាតូក៏ដោយ។
គំនិតអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ត្រូវបានលើកឡើងជាលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២២ នៅពេលទីក្រុងគៀវ (Kyiv) ស្នើឲ្យមានការបង្រួមសន្តិសុខជាប្រព័ន្ធ។ ក្រោយមក គំនិតនេះត្រូវបានពង្រីកបន្ថែមក្នុងខែកក្កដា ឆ្នាំ២០២៣ នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ នៅទីក្រុង Vilnius នៃប្រទេសលីទុយអានី ដែលមេដឹកនាំក្រុមប្រទេស G7 មានប្រទេសជប៉ុន មួយដែរ បានយល់ព្រមចេញសេចក្តីប្រកាសរួមស្ដីពីការគាំទ្រដល់អ៊ុយក្រែន។
ក្នុងឯកសារនោះ ប្រទេសនីមួយៗបានកត់សម្គាល់ថានឹងធ្វើការជាមួយទីក្រុងគៀវ ដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីរយៈពេលវែងក្នុងវិស័យសន្តិសុខ។ ជាលទ្ធផល អ៊ុយក្រែន និងលោកខាងលិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីចំនួន ២៨ប្រទេស ក្នុងនោះក៏មានប្រទេសជប៉ុន មួយដែរ ទោះជាជប៉ុន មិនស្ថិតក្នុងអឺរ៉ុបក្ដី។
ប្រទេសខ្លះបានកំណត់ភាគរយនៃជំនួយហិរញ្ញវត្ថុជាក់លាក់ក្នុងថវិកាសម្រាប់ផ្ដល់ជំនួយសន្តិសុខដល់ប្រទេសអ៊ុយក្រែន មានដូចជា ការផ្តល់អាវុធ ការផ្ដល់ភស្តុភារយោធា ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន។
ប៉ុន្តែកិច្ចព្រមព្រៀងទ្វេភាគី គឺភាគច្រើនមិនបានផ្តល់ការធានាសន្តិសុខពេញលេញក្នុងករណីមានការវាយប្រហារថ្មីពីរុស្ស៊ី ឡើយ។ ដូច្នេះ ទើបមេដឹកនាំត្រូវបង្កើតរូបមន្តរួមមួយក្នុងការបង្កើតជាមាត្រាមួយដូចនឹងមាត្រា៥ របស់ណាតូ។
មាត្រា៥ នៃលក្ខខណ្ឌរបស់យោធាណាតូ បានចែងថា សមាជិកណាតូទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន គឺត្រូវលើកទ័ពអន្តរាគមន៍ជួយប្រទេសណាមួយដែលត្រូវបានឈ្លានពាន ដោយចាត់ទុកថាការឈ្លានពានប្រទេសសមាជិកណាតូ គឺស្មើនឹងឈ្លានពានដែនអធិបតេយ្យភាពទាំងមូលរបស់ណាតូ។
ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បានសិក្សាឡើងវិញកាលពីក្នុងរដូវរងា ក្រោយពេលលោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញ។ ព្រោះតែបារម្ភជំហររបស់លោក ត្រាំ មិនច្បាស់លាស់ មិនដូចអតីតប្រធានាធិបតី ចូ បៃដិន ហើយមើលទៅ បានជាមេដឹកនាំលោកខាងលិចត្រូវបន្ថែមការធានារឹងមាំខ្លាំងសម្រាប់អ៊ុយក្រែន។ ទំនងដូចនេះហើយ បានជាប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបើកការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពអឺរ៉ុបនៅអ៊ុយក្រែន។
ប៉ុន្តែគំរូចុងក្រោយសម្រាប់ការចូលរួម មិនទាន់ត្រូវបានសម្រេច ទើបធ្លាយចេញពីក្រោយពីលោក ត្រាំ ជួបលោក ពូទីន នៅរដ្ឋអាឡាស្កា កាលពីថ្ងៃទី១៥ សីហា ក៏មានការកំណត់ថាអាចយករូបមន្តមាត្រា៥ នៃសន្ធិសញ្ញាណាតូយកមកពិនិត្យ និងធ្វើការកែខ្លះៗឡើងវិញ។
ទោះជាយ៉ាងណា ការរៀបចំត្រូវបានធ្វើយ៉ាងម៉ត់ចត់ ហើយគណៈកម្មការបច្ចេកទេសជាច្រើនបានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន។ មេដឹកនាំអឺរ៉ុប ក៏បានព្យាយាមស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ផងដែរ សម្រាប់ស្វែងរកការការពារដែនអាកាស និងការស៊ើបការណ៍សម្ងាត់ ប៉ុន្តែលោក ត្រាំ នៅពេលនោះ បង្ហាញការចាប់អារម្មណ៍តិចតួចបំផុត។
បន្ទាប់ពីជួបជាមួយលោក ត្រាំ លោកអគ្គលេខាធិការណាតូ Mark Rutte បានបញ្ជាក់ថា ប្រទេសចំនួន ៣០ បានធ្វើការលើការធានាសន្តិសុខអ៊ុយក្រែន ក្រោយរុស្ស៊ី បញ្ឈប់ការឈ្លានពានអ៊ុយក្រែន។
អ្វីជាការចាប់អារម្មណ៍ចុងក្រោយនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgia Meloni បានលើកឡើងថា ត្រូវចែងឱ្យច្បាស់ពីកាតព្វកិច្ចបេសកកម្មរបស់ក្រុមចម្រុះសន្តិសុខសម្រាប់អ៊ុយក្រែន។
តាមអ្នកស្រី Giorgia Meloni ក្រោយពីសន្តិភាពត្រូវបានស្ដារឡើងវិញ ជាមួយនឹងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម បើរុស្ស៊ី លើកទ័ពឈ្លានពានអ៊ុយក្រែន ម្ដងទៀត គឺ ២៤ម៉ោងប៉ុណ្ណោះ ទ័ពអឺរ៉ុបនឹងទៅដល់អ៊ុយក្រែន ហើយចូលទៅសមរភូមិជួរមុខភ្លាមប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។
ជាមួយគ្នានេះ អ្នកស្រី Hanna Shelest នាយកកម្មវិធីសិក្សាផ្នែកសន្តិសុខអ៊ុយក្រែន យល់ថា គំនិតផ្ដួចផ្ដើមមានភាពខុសគ្នាច្រើន ប៉ុន្តែបច្ចុប្បន្នមានការព្យាយាមបញ្ចូលគ្នាឲ្យទៅជារូបមន្តតែមួយ។
ទោះជាភាគច្រើនកើតចេញពីសហភាពអឺរ៉ុបក៏ដោយ ចំពោះសហរដ្ឋអាមេរិកនៅតែជាអ្នកសម្រេចចុងក្រោយ ស្របពេលលោក ត្រាំ បានបង្ហាញពីការផ្លាស់ប្ដូរជាវិជ្ជមានក្នុងចក្ខុវិស័យសន្តិសុខសម្រាប់អ៊ុយក្រែន។
យ៉ាងណា បញ្ហាចម្បងមួយ គឺភាពច្បាស់លាស់ក្នុងការអនុវត្តកម្លាំងឈរជើងផ្ទាល់នៅលើទឹកដីអ៊ុយក្រែន របស់កងទ័ពអាមេរិក ដែលអឺរ៉ុបទាញសហរដ្ឋអាមេរិកចូលពាក់ព័ន្ធផ្ទាល់ ខណៈលោក ត្រាំ មិនទាន់បញ្ជាក់ជំហរចុងក្រោយរបស់លោកនៅឡើយទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

