26.3 C
Phnom Penh

ឃាតករ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ត្រូវ​តុលាការ​ថៃ កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ រាយការណ៍​ថា ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​តុលាការ​ថៃ កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ហើយ​នៅ​ថ្ងៃ​សុក្រ​កាលពី​សប្ដាហ៍​កន្លង​មក​នេះ។

កាសែត​ថៃ ខៅស៊ុត (Khaosod) ចុះផ្សាយ​នៅ​ថ្ងៃទី​០៣ តុលា ថា ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែល​ជា​អតីត​ទាហាន​ថៃ ត្រូវ​បាន​តុលាការ​ថៃ ប្រកាស​សាលក្រម​ហើយ​នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៥ នេះ ដោយ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ទាហាន​ថៃ ឈ្មោះ អេកាឡាក់ ផែណយ ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៥ កន្លង​ទៅ។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​ឃាតករ​បាញ់​ចំនួន ៣​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ ក្រោយ​អំពើ​ឃាតកម្ម​បាន​មួយ​ថ្ងៃ សារព័ត៌មាន​ថៃ The Nation រាយការណ៍​ថា អតីត​កងទ័ព​ជើងទឹក​ថៃ ម្នាក់​ដែល​មាន​ឈ្មោះ អេកាឡាក់ ផែណយ ត្រូវ​បាន​កំណត់​មុខសញ្ញា​ថា​ជា​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា។

ជុំវិញ​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ អេកាឡាក់ ផែណយ នៅ​ចំណុច​ភូមិ​ព្រៃស្វាយ ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ និង​បាន​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ថៃ វិញ​តាម​សំណូមពរ​របស់​នគរបាល​ថៃ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៥ កន្លង​ទៅ។ ចំណែក​អ្នក​បើក​រថយន្ត​ដឹក​ឃាតករ​ក្នុង​ពេល​គេច​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា «ឆាំណាន» ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​ដែរ។

រហូត​ដល់​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថៃ ថា លោក លី រតនៈរស្មី ឬ ស៊ុម វាំងបាំរ៉ុងគីត ជា​អ្នក​ផ្តល់​លុយ និង​រៀបចំ​ផែនការ​ឱ្យ​រូបគេ​ក្នុង​ការ​បាញ់​សម្លាប់​សមាជិក​សភា​បក្ស​ប្រឆាំង​រូប​នេះ។

ចំណែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ស្រាវជ្រាវ​ឃើញ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ ដែល​ត្រូវ​បាន​កំណត់​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចង្អុល​បង្ហាញ​ជនរងគ្រោះ​ទៅ​កាន់​ឃាតករ ដើម្បី​អនុវត្ត​ផែនការ​ឃាតកម្ម​នេះ។

ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី គឺជា​ជនជាតិ​ខ្មែរ​ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុម វាំងបាំរ៉ុងគីត (Somwang Bamrungkit) ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ត្រូវ​គេ​ស្គាល់​ថា​ជា​អនុប្រធាន​ផ្សារកណ្តាល ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ក្រោម​បង្គាប់​របស់​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត ផង​ដែរ។

យ៉ាងណាក៏ដោយ រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បញ្ជាក់​ជំហរ​ក្នុង​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​អាជ្ញាធរ​ថៃ ដើម្បី​បើក​ការ​ស៊ើបអង្កេត​នៅឡើយ​ទេ ខណៈ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​គេ​ដឹង​ថា​កំពុង​រស់នៅ​ដោយ​លាក់លៀម​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

ភរិយា​របស់​លោក លិម គិមយ៉ា គឺ​អ្នកស្រី Anne-Marie Lim (កណ្ដាល) កាន់​រូបថត​ប្តី​នៅ​ពេល​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន នា​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥។ (រូបថត៖ AFP)
ភរិយា​របស់​លោក លិម គិមយ៉ា គឺ​អ្នកស្រី Anne-Marie Lim (កណ្ដាល) កាន់​រូបថត​ប្តី​នៅ​ពេល​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន នា​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥។ (រូបថត៖ AFP)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស