27 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី អះអាង​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​គ្រប់​រូប ដែល​ជា​សិទ្ធិ​មូលដ្ឋាន​ដំបូង​បំផុត​មិន​អាច​ខ្វះ​បាន។

លោក កែវ រ៉េមី លើកឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ និង​អនុសាសន៍​ដែល​ទទួល​បាន​ពី​ការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​៤ នៅ​ថ្ងៃទី​១៦ ខែ​តុលា នេះ​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យន្តការ​សិទ្ធិមនុស្ស​ថ្នាក់​តំបន់ ជាពិសេស​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស។

ជាង​នេះ​ទៀត កម្ពុជា​ក៏​បាន​អនុវត្ត​ជា​ទៀងទាត់​នូវ​កាតព្វកិច្ច​អន្តរជាតិ​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ដាក់​របាយការណ៍​ជាតិ​សិទ្ធិមនុស្ស​តាម​សន្ធិសញ្ញា​នានា​ដែរ។

លោក កែវ រ៉េមី លើកឡើង​ថា តាមរយៈ​ការ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ការ​អនុញ្ញាត​ឱ្យ​មាន​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ការ​ទទួល​យក​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្រឹងប្រែង​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បញ្ជាក់​ថា កាន់តែ​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​នានា​ថែមទៀត​នោះ កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​ឡើយ ព្រោះ​ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​គ្រប់​រូប គឺ​សិទ្ធិ​មូលដ្ឋាន​ដំបូង​បំផុត​មិន​អាច​ខ្វះ​បាន មុន​នឹង​និយាយ​អំពី​សិទ្ធិ​ដទៃ​ទៀត។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៥ ក្នុង​កិច្ចប្រជុំ​លើក​ទី​៦០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ សហគមន៍​អន្តរជាតិ បាន​លើកឡើង​ពី​កង្វល់​របស់​ពួកគេ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង​លំហ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ការ​គាប​សង្កត់​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល​នានា។

ក្នុង​កិច្ចប្រជុំ​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាបន និង​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) លោក Abdoul Aziz Thioye បាន​លើកឡើង​ថា លំហ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ឡើយ។

ទាំង​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ និង​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ត្រូវ​បើក​លំហ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ថែមទៀត។

ដោយឡែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា កែសម្រួល​ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​វិញ​ផង​ដែរ ក្រោម​ហេតុផល​ថា ច្បាប់​ថ្មី​នេះ​អាច​ជា​ឧបករណ៍​នយោបាយ​រាំង​ខ្ទប់​សំឡេង​ពលរដ្ឋ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស