អ្នកច្បាប់នៅប្រទេសកម្ពុជា លើកឡើងថា សហគមន៍អន្តរជាតិនៅតែផ្ដោតការចាប់អារម្មណ៍លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះ ព្រោះពួកគេចង់ឃើញដំណោះស្រាយនយោបាយនៅប្រទេសនេះ ជាពិសេសការផ្សះផ្សាជាតិដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។
សហមេធាវីការពារក្តីមេដឹកនាំបក្សប្រឆាំង អ្នកស្រី ម៉េង សុភារី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ មករា នេះថា ស្ថិតក្នុងស្ថានភាពប្រទេសជាតិទទួលរងនូវអំពើឈ្លានពានពីបរទេស ប្រជាពលរដ្ឋខ្មែរដែលមានការឈឺចាប់ បំផុសនូវចរន្តចង់ឲ្យមេដឹកនាំ និងអ្នកនយោបាយខ្មែរផ្សះផ្សា បង្រួបបង្រួម សាមគ្គី និងឯកភាពជាតិ។
មេធាវីរូបនេះលើកឡើងថា រហូតដល់ពេលនេះ សហគមន៍អន្តរជាតិ ដូចជាសហភាពអឺរ៉ុប កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម នៅតែផ្ដោតការចាប់អារម្មណ៍លើករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះនៅប្រទេសកម្ពុជា សព្វថ្ងៃនេះ។
អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា បរទេសទាំងនោះនៅតែចង់ឃើញការផ្សះផ្សាជាតិរវាងខ្មែរ និងខ្មែរ ដើម្បីប្រយោជន៍ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទោះបីជាមានបុគ្គលខ្លះកំពុងបំបែកបំបាក់មិនឲ្យខ្មែរផ្សះផ្សា រួបរួមសាមគ្គីជាតិក៏ដោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ទំនាស់អ្នកនយោបាយខ្មែរនៅតែក្តៅគគុក ទោះបីជាប្រទេសជាតិបានធ្លាក់ទៅក្នុងវិបត្តិនៃចម្បាំងរាំងជល់ជាមួយប្រទេសជិតខាងក៏ដោយ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរ និងខ្មែរ ជាមួយនឹងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិឱ្យបានរឹងមាំ ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិបានទទួលរងនូវការវាយប្រហារលើអធិបតេយ្យ និងបូរណភាពទឹកដីខ្លួន។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ស្ថានភាពចាំបាច់ចំពោះមុខនាពេលនេះ កម្ពុជាត្រូវការការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្ដេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្ដានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់អសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា គន្លឹះសំខាន់នាពេលនេះ គឺកម្ពុជាត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំ ពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិ និងធ្វើឱ្យជាតិខ្មែររឹងមាំយូរអង្វែង។
យ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ ធ្នូ កន្លងទៅថា ក្នុងពេលដែលសង្គ្រាមកម្ពុជា-ថៃ ផ្ទុះឡើង ពលរដ្ឋខ្មែរមានស្មារតីរួបរួមរួចជាស្រេចហើយ តែបញ្ហានៅត្រង់ថា តើរដ្ឋាភិបាលអាចប្រមូលស្មារតីនៃការរួបរួមនេះបាន ឬក៏អត់ប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា កត្តាដែលនាំឱ្យមានការរួបរួមកម្លាំងសាមគ្គីជាតិខ្មែរ ត្រូវចាប់ផ្តើមដោយបក្សកាន់អំណាច រីឯការរួបរួមពិតប្រាកដ មិនមែនត្រឹមតែនិយាយតែនឹងមាត់ដូចពេលកន្លងដែលរដ្ឋាភិបាលប្រកាសរួបរួមហើយ តែនៅបន្តចាប់អ្នកមិនស្របនឹងខ្លួនដាក់គុក ឬចាប់ជំរិតក្រុមប្រឆាំងឱ្យចុះចូលជាមួយខ្លួននោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា ដើម្បីឱ្យមានការរួបរួមរវាងខ្មែរ និងខ្មែរ រដ្ឋាភិបាលចាំបាច់ត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ ដូចជាសកម្មជនសង្គម និងអ្នកនយោបាយ ជាដើម ជាពិសេសមេដឹកនាំបក្សប្រឆាំង គឺលោក កឹម សុខា ដែលកំពុងត្រូវបានឃុំទាំងអយុត្តិធម៌សព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ការបន្តឃុំខ្លួន និងធ្វើទុក្ខបុកម្នេញទៅលើក្រុមអ្នកមានមតិផ្ទុយដែលរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល គឺជាកត្តានាំទៅដល់ការបែកបាក់សាមគ្គីជាតិធ្ងន់ធ្ងរ ហើយក៏ជាដំណើរធ្វើឱ្យជាតិចុះខ្សោយដែរ។
ក្រៅពីបញ្ហាក្នុងស្រុក ពលរដ្ឋខ្មែរក៏ជួបប្រទះនឹងបញ្ហាពីខាងក្រៅដែរ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី១៤ ខែមករា បានប្រកាសព្យួរការផ្តល់ទិដ្ឋាការដល់ពលរដ្ឋសញ្ជាតិខ្មែរធានាដោយសមាជិកគ្រួសារ ឬម្ចាស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក ហៅថា immigrant visa ជាមួយនឹងប្រទេសចំនួន ៧៥ ឯទៀតក្នុងពិភពលោក ចាប់ពីថ្ងៃទី២១ ខែមករា ខាងមុខនេះទៅ។ ក្នុងចំណោមប្រទេសក្នុងសហគមន៍អាស៊ាន មានប្រទេសបួន គឺប្រទេសកម្ពុជា ថៃឡង់ដ៍ លាវ និងម្ញ៉ាន់ម៉ារ៍ ឬភូមា។
ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ក្រសួងបានដកយកទិដ្ឋាការដែលផ្តល់ឲ្យជនបរទេសចំនួន ១សែននាក់ក្នុងឆ្នាំ២០២៥ រួមបញ្ចូលទាំងអ្នកស្នាក់ហួសថ្ងៃខែកំណត់ និស្សិតប្រមាណ ៨ពាន់នាក់ កម្មករជំនាញ ២៥០០នាក់ ដោយគេបានប្រព្រឹត្តបទឧក្រិដ្ឋ មានតាំងពីបើកបររថយន្តពេលស្រវឹង ដល់អំពើលួចឆក់ ជាដើម៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

