ក្រសួងការបរទេសកម្ពុជា ចាត់ទុកការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន លោក ចេន ហ្ស៊ី (Chen Zhi) គឺជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា Fresh News នៅថ្ងៃទី១៩ មករា នេះបានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថា កម្ពុជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដៃគូ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឱ្យមានប្រសិទ្ធភាព។
លោក ប្រាក់ សុខុន អះអាងថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយប្រទេសជាច្រើន ដូចជាសហរដ្ឋអាម៉េរិក ចិន សាធារណរដ្ឋកូរ៉េ វៀតណាម និងថៃ ជាដើម ហើយការចាប់ខ្លួនលោក ចេន ហ្ស៊ី គឺជាលទ្ធផលនៃការស៊ើបអង្កេតដ៏យូរមួយដែលកម្ពុជាបានអនុវត្តបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ។
រដ្ឋមន្ត្រីការបរទេសរូបនេះបញ្ជាក់ថា ពិតមែនតែលោក ចេន ហ្ស៊ី មានសញ្ជាតិកម្ពុជា ប៉ុន្តែនៅពេលដែលបើកការស៊ើបអង្កេត គឺរកឃើញថាសញ្ជាតិរបស់គាត់មិនទទួលបានដោយស្របច្បាប់ទេ។ លោកថា ដោយសារតែលោក ចេន ហ្ស៊ី ជាជនជាតិចិន ដូច្នេះកម្ពុជាក៏សម្រេចចិត្តធ្វើបត្យាប័នគាត់ទៅប្រទេសចិន តែម្តង។
លោក ចេន ហ្ស៊ី ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ និងបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន វិញ ខណៈគោរមងាររបស់ឧកញ៉ារូបនេះ ក៏ត្រូវបានព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់លុបចោលកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅផងដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មករា នេះ ដោយចាត់ទុកការអះអាងរបស់លោក ប្រាក់ សុខុន អំពីបញ្ហានេះ គ្រាន់តែជាការដោះសាដោយគ្មានតម្លាភាព និងបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធតុល្យភាពអំណាច ដែលធ្វើឱ្យមេដឹកនាំមិនសូវមានសម្ពាធក្នុងការទទួលខុសត្រូវចំពោះសម្ដី និងទង្វើរបស់ខ្លួនប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) បានអះអាងកាលពីថ្ងៃទី១៣ ខែមករា ថា ការចាប់បញ្ជូនខ្លួនលោក ចេន ហ្ស៊ី (Vincent Chen Zhi) ទៅកាន់ប្រទេសចិន ដោយគ្មានដំណើរការសវនាការ គឺជាការរំលោភបំពានប្រព័ន្ធយុត្តិធម៌កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាចេតនាលុបបំបាត់ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលពាក់ព័ន្ធនឹងអំពើឆបោករបស់ឧក្រិដ្ឋជនរូបនេះដែរ។
ប្រភពដដែលអះអាងថា ការធ្វើបែបនេះ គឺជាការបង្ហាញឱ្យឃើញនូវចេតនាក្នុងការលុបបំបាត់ភស្តុតាងដែលឧក្រិដ្ឋជន ចេន ហ្ស៊ី (Vincent Chen Zhi) ធ្លាប់ប្រព្រឹត្តនៅកម្ពុជា កន្លងមកក្នុងបទល្មើសលាងលុយ និងការបោកប្រាស់តាមអនឡាញ រួមទាំងការធ្វើទារុណកម្មលើជនរងគ្រោះនានាជាដើម។
ជាងនេះទៀត ក៏ជាចេតនាលុបបំបាត់ភស្តុតាងនានាដើម្បីកុំឱ្យមានការជីកកកាយដល់ប្រភពលុយ រួមទាំងទីតាំងបោកប្រាស់នានាដែលឧក្រិដ្ឋជនរូបនេះបានចរាចរណ៍នៅកម្ពុជាកន្លងមកផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងយុត្តិធម៌អាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា មានក្រុមហ៊ុនជាង ១០០ (១១៨ក្រុមហ៊ុន) បានរងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញរបស់លោក ចេន ហ្ស៊ី។
ចំណែករដ្ឋអាជ្ញាតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្រុងញ៉ូវយ៉ក (New York) លោក Joseph Nocella Jr. បានបង្ហាញក្នុងពាក្យបណ្ដឹងលើករណីលោក ចេន ហ្ស៊ី (Chen Zhi) កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ដែរថា ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់លោក ចេន ហ្ស៊ី បានធ្វើប្រតិបត្តិការឆបោកនៅទូទាំងប្រទេសកម្ពុជា ក្រោមគ្រោងការណ៍ក្លែងបន្លំការវិនិយោគរូបិយប័ណ្ណគ្រីបតូ និងគម្រោងក្លែងបន្លំជាច្រើនផ្សេងទៀតចាប់តាំងពីឆ្នាំ២០១៥ មក ដែលដំណើរការក្នុងនាមជាក្រុមហ៊ុនសាជីវកម្មរបស់កម្ពុជា។
ប្រភពដដែលថា ក្រុមហ៊ុននេះបានធ្វើប្រតិបត្តិការលើការអភិវឌ្ឍអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអ្នកប្រើប្រាស់ជាដើម ហើយក្រោមគ្រោងការណ៍នេះ បានបណ្តាលឱ្យមានការខាតបង់លុយរាប់ពាន់លានដុល្លារ ដែលកំណត់គោលដៅលើពលរដ្ឋអាមេរិក និងមនុស្សនៅជុំវិញពិភពលោក៕


© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

