26.3 C
Phnom Penh

សាលា​ឧទ្ធរណ៍​សម្រេច​ផ្ដន្ទាទោស​លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ​តាម​សាលក្រម​សាលាដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​ទុក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ទុក​ជា​បានការ​ដដែល ដោយ​កំណត់​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ នេះ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ដោយ​តម្កល់​ទុក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បានការ​ដដែល។

លោក កើត សារ៉ាយ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ជុំវិញ​ការ​ដឹកនាំ​និស្សិត​ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្នុង​ពេល​ដែល​ពលរដ្ឋ​ទាំងនោះ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។

ក្រោយ​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល (ប្រមាណ ៥០០​ដុល្លារ​អាមេរិក) ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

បន្ថែម​ពី​នេះ តុលាការ​ក៏​ចោទប្រកាន់​ពី​បទ «មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម» តាម​មាត្រា ៨៨ បន្ថែម​លើ​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ឬ​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថែមទៀត ដែល​បាន​ធ្វើ​ឱ្យ​កម្រិត​ទោស​ពន្ធនាគារ​កើន​ទ្វេដង​នៃ​ទោស​ក្នុង​បទល្មើស​ញុះញង់​នោះ។

លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០២០ បន្ទាប់ពី​លោក​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព លោក រ៉ុង ឈុន ក្នុង​នោះ លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ (១​ឆ្នាំ ៨​ខែ) ប៉ុន្តែ​តុលាការ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​មុន​ថ្ងៃ​កំណត់ ដោយ​ព្យួរ​ទោស​ដែល​នៅ​សល់។

ជុំវិញ​បញ្ហា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មករា ថា លោក កើត សារ៉ាយ គឺជា​ជនរងគ្រោះ​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ដោយ​ប្រើ​សិទ្ធិ​ជិត ១០០​នាក់ (៩១​នាក់) ផ្សេង​ទៀត ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់។

អង្គការ​លីកាដូ អះអាង​ថា គិត​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៥ មាន​មនុស្ស​ជិត ១០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយសារតែ​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​រិះគន់​ទៅ​លើ​រដ្ឋាភិបាល ហើយ​មនុស្ស​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ទាំងនោះ រួម​មាន អ្នក​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សហជីព អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។

មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ជាដើម។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​អនុវត្ត​ការដឹកនាំ​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង ដោយ​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព ឱ្យ​តែ​ការ​បញ្ចេញមតិ​ទាំងនោះ​មិន​ស្រប​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​របស់​ប្រទេស​ទាំង ១៤៣ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៥ កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១១ ប៉ុន្តែ​ស្ថិត​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ទាំង ១៤៣ នៅ​លើ​ពិភពលោក។

ការ​កំណត់​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក គឺ​ផ្អែក​ទៅ​លើ​ពី​វិសាលភាព​នៃ​ការ​ប្រើ​អំណាច​របស់​មេដឹកនាំ ជុំវិញ​ការ​ធានា​នូវ​រដ្ឋធម្មនុញ្ញ ការ​អនុវត្ត​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ធានា​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

ជាង​នេះ​ទៀត ក៏​វាស់វែង​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​បើកចំហ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជាដើម៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស