រដ្ឋសភាកម្ពុជា អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅពិនិត្យតាមសំណើរបស់រាជរដ្ឋាភិបាល។
ប្រធានរដ្ឋសភាជាតិកម្ពុជា អ្នកស្រី ឃួន សុដារី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មីនា នេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ទៅពិនិត្យ និងសិក្សា បន្ទាប់មកធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។
អ្នកស្រី ឃួន សុដារី បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះឱ្យខាងតែបានផងដែរ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាទៅថ្ងៃមុខ។
ក្រសួងយុត្តិធម៌ អះអាងថា ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ហើយច្បាប់នេះនឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តិមួយដ៏សំខាន់បំផុតមួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AFP កាលពីពេលថ្មីៗនេះថា នៅក្រោមច្បាប់ថ្មីនេះ មេខ្លោងនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Ringleaders) នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ។
លោក នេត្រ ភក្ដ្រា អះអាងថា ទម្ងន់ទោសនឹងអាចច្រើនជាងនេះ បើរកឃើញថាមេខ្លោងទាំងនោះបានប្រើហិង្សា ធ្វើទារុណកម្ម បង្ខាំង ជួញដូរ ឬបង្ខំមនុស្សឱ្យធ្វើការនៅក្នុងឧក្រិដ្ឋកម្មនេះ ពោលនឹងត្រូវផ្ដន្ទាទោសដាក់ក្នុងពន្ធនាគារពី ១០ឆ្នាំទៅ ២០ឆ្នាំតែម្តង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបនេះបញ្ជាក់ថា រីឯមេឧក្រិដ្ឋជនអនឡាញ (Cyberscam Bosses) នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ ៣០ឆ្នាំ ឬអស់មួយជីវិត ប្រសិនបើសកម្មភាពរបស់គេបានធ្វើឱ្យមានមនុស្សម្នាក់ ឬច្រើននាក់ស្លាប់។ ដោយឡែកអ្នកឆបោកតាមអនឡាញថ្នាក់ក្រោម (lower-level fraudsters) ក៏នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំផងដែរ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តវិធានការបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្ដាច់ដង្ហើមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបន្លំជ្រកក្រោមស្លាកអាជីវកម្មផ្សេងៗ កុំឱ្យមាននៅក្នុងទឹកដីខ្មែរបន្តទៀត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានអះអាងកាលពីថ្ងៃទី១៧ មីនា នេះថា អស់រយៈពេលជាង ២ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបទល្មើសតាមអនឡាញបានជិត ១០០ទីតាំង (៩៨ទីតាំង) ក្នុងចំណោមរាជធានី-ខេត្តចំនួន ១៣ និងឃាត់ខ្លួនមនុស្សបានជិត ៦ពាន់នាក់ (៥៧៧១នាក់) និងមានជាង ២០សញ្ជាតិ (២៣សញ្ជាតិ)។
លោក ទូច សុឃៈ បញ្ជាក់ថា សមត្ថកិច្ចក៏បានរកឃើញជនបរទេសគេចខ្លួនចេញពីទីតាំងសង្ស័យជាង ៣ពាន់នាក់ (៣៧៤១នាក់) ផងដែរ ដែលស្មើនឹង ៣២សញ្ជាតិក្នុងរាជធានី-ខេត្តចំនួន ១៧ នៅទូទាំងប្រទេស៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

