28.8 C
Phnom Penh

បណ្ឌិត គិន ភា ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​តម្លាភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និង​អ្នក​តាមដាន​បញ្ហា​សង្គម ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស ៦​នាក់​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដើម្បី​ធានា​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស ៦​នាក់​ស្លាប់។

លោក​ថា ប្រសិនបើ​ជនរងគ្រោះ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នោះ​ទេ នោះ​ទំនុកចិត្ត​របស់​ពលរដ្ឋ​ចំពោះ​អាជ្ញាធរ នឹង​កាន់តែ​ថមថយ។

បណ្ឌិត គិន ភា បន្ថែម​ថា ផ្នត់គំនិត​អវិជ្ជមាន​របស់​មហាជន​នឹង​បង្កើត​ជា​ស្នាម​ប្រេះឆា​ក្នុង​សង្គម​កាន់តែ​ជ្រៅ​ទៅៗ ហើយ​ដែល​បន្តិច​ម្ដងៗ​បូក​រួម​ជាមួយ​សម្ពាធ​សកល​នៃ​វិបត្តិ​ថាមពល និង​សង្គ្រាម​ព្រំដែន​ផង វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍។

លោក​អះអាង​ថា បើ​អាជ្ញាធរ​នៅតែ​បន្ត​ការពារ​ជនខិលខូច ហើយ​ទុក​ឱ្យ​យុត្តិធម៌​ក្លាយ​ជា​ទំនិញ​សម្រាប់​តែ​អ្នក​មាន​អំណាច និង​មាន​លុយ នោះ​សង្គម​ប្រឈម​យ៉ាង​ខ្លាំង​នឹង​បែកបាក់ ចុះ​អន់​ខ្សោយ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ អះអាង​ថា សមត្ថកិច្ច​នឹង​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​ចំពោះ​ជន​បង្ក​ហេតុ ដោយ​មិន​គិត​ពី​តួនាទី តំណែង ឬ​សាច់ញាតិ​គ្រួសារ​ជន​ប្រព្រឹត្ត​បទល្មើស​ឡើយ។

លោក ទូច សុឃៈ អះអាង​ថា សមត្ថកិច្ច​ជំនាញ​នឹង​ស្រាវជ្រាវ​រក​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ជាក់លាក់​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ ហើយ​ក្នុង​ករណី​ជន​បង្ក​រត់​គេច​ខ្លួន នឹង​មាន​ទោស​បន្ថែម។

លោក​បន្ត​ថា គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ អនុវត្ត​យក​ច្បាប់​ជា​ធំ គឺ​នរណា​ក៏ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​មិន​រើស​មុខ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៧ ខែ​មីនា។ រហូត​ដល់​វេលា​រសៀល​ថ្ងៃទី​៣០ ខែ​មីនា ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចេញ​លិខិត​កោះហៅ​ម្ចាស់​ឡាន​ដែល​បង្ក​ហេតុ ទៅ​បំភ្លឺ។ កាលបរិច្ផេទ​ចូល​បំភ្លឺ គឺ​នៅ​ថ្ងៃទី​១ ខែ​មេសា។

តាម​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាត់ដំបង ម្ចាស់​រថយន្ត​ដែល​បង្ក​ហេតុ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ វ័យ ២០​ឆ្នាំ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កូនប្រុស​ស្នងការរង​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ។ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់ ជន​បង្ក​បាន​គេច​ខ្លួន។

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២៥ បាន​កើតឡើង​ចំនួន ២៣៤៥​ករណី ធៀប​នឹង​ឆ្នាំ​២០២៤ មាន​ចំនួន ២៨៤៤​ករណី។ ចំនួន​នេះ​បាន​ថយ​ចុះ ៤៩៩​ករណី ស្មើ ១៨%។ ចំណែក​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ ៤២​នាក់ ស្មើ​នឹង ៣% និង​ចំនួន​អ្នក​របួស​ក៏បាន​ថយ​ចុះ ៥០៧​នាក់ ស្មើ ១៤%៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស