31.7 C
Phnom Penh

កម្ពុជា​បណ្ដេញ​ជនបរទេស​ជិត ១​ពាន់​នាក់​ដែល​ភាគច្រើន​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា រយៈពេល ៥​ថ្ងៃ​ដើម​ខែ​មេសា ឆ្នាំ​២០២៦ នេះ ប្រទេស​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចេញពី​ទឹកដី​របស់​ខ្លួន​ជាង ១​ពាន់​នាក់ មាន​ជិត ៣០​សញ្ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការងារ​ខុស​ច្បាប់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ វាសនា បាន​ចេញ​បទបញ្ជា​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្ដេញ​ចេញ​ជនបរទេស​ចេញពី​ប្រទេស​កម្ពុជា ជាង ១​ពាន់​នាក់ (១០៨៤​នាក់) ដែល​មាន ២៧​សញ្ជាតិ។ ភាគច្រើន​នៃ​ជនល្មើស គឺ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន បន្លំ​ឯកសារ​ក្លែងក្លាយ ស្នាក់នៅ​គ្មាន​លិខិត​ឆ្លងដែន ចាប់​ជំរិត​ទារ​ប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ធ្វើ​ការងារ​ខុស​ច្បាប់ ក្នុង​នោះ​គ្រាន់តែ​ជនជាតិ​ចិន ជិត ៥០០​នាក់ (៤៨០​នាក់) ឯណោះ ដែល​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)។

ជនបរទេស​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ រួម​មាន ជនជាតិ​អ៊ូហ្គាន់ដា ប៉ាគីស្ថាន រវ៉ាន់ដា កេនយ៉ា នេប៉ាល់ ឥណ្ឌូនេស៊ី ហ្គាណា ហ្វីលីពីន កាមេរ៉ូន ចិន ឥណ្ឌា រុស្ស៊ី អង់គ្លេស ចិនតៃវ៉ាន់ នីហ្សេរីយ៉ា បង់ក្លាដេស ម៉ាឡេស៊ី ឡាវ អាមេរិក អ៊ូបេគីស្ថាន ជប៉ុន អេត្យូពី កូរ៉េ មីយ៉ាន់ម៉ា ប៊ូរុនឌី ស៊ូដង់ និង​សារ៉ាលីអូន ផង​ដែរ។

យ៉ាងណាក៏ដោយ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៦ បាន​ចេញ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ថា មាន​អគារ​កាស៊ីណូ​នៅ​កម្ពុជា ជាង ១០​កន្លែង បាន​ជាប់​ទាក់ទង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៥ ខែ​មេសា បាន​ដកហូត​អាជ្ញាបណ្ណ​កាស៊ីណូ ហ្កាន់ ដាវ (GANG DAO) ដែល​ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) រួម​ទាំង​ឃាត់​ខ្លួន​ជនសង្ស័យ​ជាង ១០០​នាក់ (១០៨​នាក់) ថែមទៀត ក្នុង​នោះ គឺ​ជនជាតិ​ចិន ១០៥​នាក់ និង​ជនជាតិ​មីយ៉ាន់ម៉ា ឬ​ភូមា ៣​នាក់​ផង​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៦ គណៈកម្មការ​ដដែល​នេះ​ក៏បាន​លុប​អាជ្ញាបណ្ណ​កាស៊ីណូ​ឈ្មោះ សៀងហៃ រីហ្សត ផង​ដែរ ដែល​ស្ថិត​នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្រោយ​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​សកម្មភាព​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស