តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមនុស្ស ៦នាក់ ជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្រោមការចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បន្ទាប់ពីការស៊ើបអង្កេតរកឃើញការជាប់ពាក់ព័ន្ធនឹងការលក់គណនេយ្យធនាគារទៅឱ្យបណ្ដាញ វញ្ចកម្ម ឬឆបោកអនឡាញ។
អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទថា ជាប់ពាក់ព័ន្ធនឹងការលួចចូលគ្រប់គ្រងគណនេយ្យ WhatsApp និងការប្រើប្រាស់គណនេយ្យធនាគារដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ដែលសរុបជាទឹកប្រាក់មានជាង ២៥៣,០០០ដុល្លារអាមេរិក។
ការស៊ើបអង្កេតដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីមានការរាយការណ៍អំពីសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ លទ្ធផលនៃការស៊ើបអង្កេតនោះ អាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៥ ខែមិថុនា។
អាជ្ញាធរបាននិយាយថា ក្រុមស៊ើបអង្កេតបានរកឃើញថា មានគណនីធនាគារជាង ២០គណនី ត្រូវបានលក់ទៅឱ្យបណ្ដាញជនឆបោក។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៥នាក់ រួមទាំងស្ត្រី២នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យទាំងអស់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតបន្តដំណើរការ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះការផ្តល់ ជួល ឬលក់គណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃ ដោយព្រមានថា សកម្មភាពបែបនេះអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងបទល្មើស និងប្រឈមមុខនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់។
ករណីនេះកើតឡើងស្របពេលដែលអាជ្ញាធរកម្ពុជា កំពុងបង្កើនវិធានការទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណរវាងស៊ីមកាត និងគណនីធនាគារ ដើម្បីកាត់បន្ថយការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយក្នុងសកម្មភាពហិរញ្ញវត្ថុ។
អាជ្ញាធរក៏បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ គេហទំព័រ ឬការផ្សព្វផ្សាយវិនិយោគដែលមិនមានប្រភពច្បាស់លាស់ ព្រមទាំងកុំផ្ទេរប្រាក់ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យបុគ្គលដែលមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណបាន។
ក្រុមមន្ត្រីបានព្រមានថា ជនឆបោកកំពុងប្រើប្រាស់ល្បិចកលជាច្រើន រួមទាំងការក្លែងខ្លួនជាសាច់ញាតិ
បុគ្គលិកធនាគារ ឬតំណាងក្រុមហ៊ុន ដើម្បីបញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដែលអាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឆបោកបន្ថែមទៀត។
ទាក់ទងនឹងសកម្មភាព វញ្ចកម្ម ឬ អាជីវកម្មឆបោកក្នុងប្រទេសកម្ពុជា សារព័ត៌មានជប៉ុន NIPPON.COMផ្សាយនៅថ្ងៃអង្គារ ទី១៦ ខែមិថុនានេះថា អាជ្ញាធរមានសមត្ថកិច្ចជប៉ុន នៅក្រុង អៃជី ប៉ែកកណ្តាលនៃប្រ ទេសជប៉ុន បានចាប់ខ្លួនជនជាតិជប៉ុនម្នាក់ អាយុ៣៨ឆ្នាំ ឈ្មោះ យូស្កេ សាសាគី (Yusuke Sasaki) បន្ទាប់ពី អាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់បញ្ជូនទៅតុលាការជប៉ុននៅថ្ងៃជាមួយគ្នានោះ។ ជនជាប់ចោទ យូស្កេ សាសាគី មានដីកាតាមចាប់ខ្លួនពីតុលាការជប៉ុនពីបទបោកប្រាស់ពលរដ្ឋជប៉ុនបានរាប់ពាន់លានយ៉េន។
តម្រួតថៃ រាយការណ៍ប្រាប់កាសែតនៅថ្ងៃទី៦ ខែមិថុនាថា យូស្កេ សាសាគី ជាមេក្លោងឆបោកនៅក្រុង ប៉ោយប៉ែត ហើយរត់គេចទៅលាក់ខ្លួននៅក្រុងបាងកកមួយរយៈ មុននឹងអាជ្ញាធរចម្រុះរកឃើញ។ យូស្កេ សាសាគី និង បក្ខពួក តាមការស៊ើបអង្កេតពីប៉ូលីសជប៉ុន ថាបានប្រើប្រាស់ទីតាំងប៉ោយប៉ែតក្នុងប្រទេស កម្ពុជា ហៅទូរស័ព្ទទៅស្រ្តីជប៉ុនម្នាក់ អាយុប្រមាណជាង៣០ឆ្នាំ នៅក្រុង Tsukuba, ខេត្ត Ibaraki (Prefecture) បោកប្រវញ្ចបានប្រាក់ប្រមាណជាង៣១លានយ៉េន៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

