កាលពីឆ្នាំ១៩៩៣ អំពើហិង្សាមិនអាចរារាំងអ្នកបោះឆ្នោតមិនឲ្យទៅបោះឆ្នោតបានឡើយ ដែលជាការបោះឆ្នោតលើកដំបូងបង្អស់ តាំងពីរបបខ្មែរក្រហមបានដួលរលំមកនោះ។ ទោះបីជាមានសេចក្តីរាយការណ៍ថា មានមនុស្សចំនួន៣៨០ នាក់ត្រូវបានសម្លាប់កាលពីឆ្នាំនោះ ដោយសារអំពើហិង្សាពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាចំនួន៨៤ភាគរយបានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដែរ។
ប្រាំឆ្នាំក្រោយមក មនុស្ស៤០នាក់ត្រូវបានសម្លាប់នៅប៉ុន្មានខែ មុនថ្ងៃបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៨ ប៉ុន្តែអំពើហិង្សានេះក៏មិនអាចរារាំងអ្នកបោះឆ្នោតបានឡើយ ហើយនៅឆ្នាំនោះប្រជាពលរដ្ឋកម្ពុជាចំនួន៩៤ភាគរយបានចេញទៅបោះឆ្នោត។
យ៉ាងហោចណាស់សកម្មជន និងបេក្ខជនឈរឈ្នោះប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ ចំនួន២០នាក់ ត្រូវបានសម្លាប់យ៉ាងអាថ៌កំបាំង នៅមុនថ្ងៃនៃការបោះឆ្នោតឃុំ-សង្កាត់ លើកដំបូងកាលពីឆ្នាំ២០០២។ទោះជាយ៉ាងណា នៅតែមានប្រជាពលរដ្ឋចំនួន៨៧ភាគរយបានចេញទៅបោះឆ្នោត។
ប៉ុន្តែ ការប្រើអំពើហិង្សាពាក់ព័ន្ធរឿងនយោបាយបានថយចុះអំឡុងការបោះឆ្នោតកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ និងចំនួនអ្នកបោះឆ្នោតក៏បានថយចុះដែរ ហើយមានតែចំនួនអ្នកបោះឆ្នោតចន្លោះពី៥៤ភាគរយទៅ៦៤ភាគរយ ប៉ុណ្ណោះ បានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យ។
លោក ធនសារាយប្រធានអង្គការសិទ្ធិមនុស្សអាដហុក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា ការប៉ាន់ប្រមាណទុកជាមុននៃលទ្ធផលបោះឆ្នោតទំនងជាហេតុផលធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតថយចុះ។
លោកធនសារាយបានលើកឡើងថា “ ចំនួនអ្នកទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់លើកនេះ តិចជាងការបោះឆ្នោតឃុំ-សង្កាត់លើកមុនៗ ពីព្រោះខ្ញុំគិតថា ប្រជាពលរដ្ឋលែងចាប់អារម្មណ៍ អំពីការផ្លាស់ប្តូរផ្នែកនយោបាយ ហើយពួកគាត់អាចស្មានដឹងមុននូវលទ្ធផលនៃការបោះឆ្នោត មុនថ្ងៃបោះឆ្នោតមកដល់ទៅទៀត”។
លោកបានបន្តថា “ វាអាចបណ្តាលមកពីហេតុថា គណបក្សធំមួយប្រកួតប្រជែងជាមួយនឹងគណបក្សតូចៗ ហើយពួកគាត់មិនចង់ទៅបោះឆ្នោតនោះទេ ពីព្រោះពួកគាត់គិតថា (ទោះបីជាខ្ញុំទៅបោះឆ្នោត ក៏គណបក្សប្រជាជនកម្ពុជា) នៅតែឈ្នះដដែល”។
កាលពីថ្ងៃអាទិត្យ គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះ៧២ភាគរយនៃអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស គឺថា គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអាសនៈបានស្ទើរតែទាំងអស់ លើកលែងតែតំណែងមេឃុំ-ចៅសង្កាត់ចំនួន៤១ ក្នុងក្នុងតំណែងសរុប១.៦៣៣។
ជ័យជម្នះនៅក្នុងការបោះឆ្នោតថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា គឺដូចគ្នានឹងជ័យជម្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អ៊ីចឹងដែរ។លោកធនសារាយ ក៏បានមានប្រសាសន៍ផងដែរថា ការចង់បានថ្ងៃមានសុវត្ថិភាព និងថ្ងៃដ៏ល្អប្រសើរ ដែលអាចធ្វើឲ្យអ្នកបោះឆ្នោតអាចចេញទៅបោះឆ្នោតដូចការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨ គឺលែងមានទៀតហើយ។
ប្រទេសកម្ពុជា ទទួលបានស្ថិរភាពចាប់តាំងពីការធ្វើសមាហរណកម្មចុងក្រោយរបស់ខ្មែរក្រហម កាលពីឆ្នាំ១៩៩៩ ហើយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំបានកើនឡើងជាមធ្យម១០ភាគរយ នៅចន្លោះឆ្នាំ២០០០និងឆ្នាំ២០០៨។
ចំពោះលោក ជាមយៀបសមាជិកសភានិងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាវិញចំនួនអ្នកបោះឆ្នោតតិចគឺជាសញ្ញាមួយបង្ហាញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។លោកលើកឡើងថា “នៅក្នុងប្រទេសប្រជាធិបតេយ្យមានពលរដ្ឋតិចតួចទៅបោះឆ្នោត ប៉ុន្តែថា វាជាសិទ្ធិរបស់អ្នកបោះឆ្នោត។ មានការពិតខ្លះដែរចំពោះការលើកឡើងរបស់លោក។
ក្នុងឆ្នាំ២០០៨ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា បានជាប់ឆ្នោត ក្នុងការបោះឆ្នោតមួយដែលមានប្រជាជនអាមេរិកចូលរួមបោះឆ្នោតតែ៥៧ភាគរយប៉ុណ្ណោះ។ហើយមានចំនួនអ្នកបោះឆ្នោត៦៥ភាគរយបានចូលរួមបោះឆ្នោតនៅពេលនាយករដ្ឋមន្ត្រីអង់គ្លេសលោកដេវីដ ខាមុឺរ៉ុន (David Cameron)បានជាប់ឆ្នោតក្នុងឆ្នាំ២០១០។
ប៉ុន្តែក៏មានហេតុផលច្រើនទៀតដែរដែលអាចបង្ហាញពីចំនួនអ្នកបោះឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការខុមហ្រែ្វលមានលើកឡើងថា បញ្ហានានាដូចជាអ្នកបោះឆ្នោតមិនអាចស្វែងរកឈ្មោះរបស់ខ្លួននៅលើបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏រួមចំណែកដល់ការធ្លាក់ចុះចំនួនអ្នកបោះឆ្នោតនេះដែរ។លោកបានថ្លែងថា “យើងរកឃើញភាពមិនប្រក្រតីមួយចំនួន។ដូចជានៅឆ្នាំ២០០៧អ៊ីចឹងដែរពលរដ្ឋខ្លះមិនអាចរកឈ្មោះរបស់ខ្លួនឃើញ ហើយការរកឈ្មោះមិនឃើញនេះ មានន័យថា ពួកគេមិនអាចបោះឆ្នោតបានឡើយ។អ្នកសង្កេតការណ៍របស់យើងបានរាយការណ៍ភាគច្រើនបំផុតពីបញ្ហាបច្ចេកទេស”។
លោកកែវផល្លាប្រធាននាយកដ្ឋានច្បាប់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានយល់ស្របថា មានប្រជាពលរដ្ឋ ដែលមិនអាចរកឈ្មោះរបស់ខ្លួនឃើញ បន្ទាប់ពីផ្លាស់ទៅទីកន្លែងផ្សេងទៀតក្នុងប្រទេស។
លោកថ្លែងថា “នេះមិនមែនជាកំហុសរបស់យើងទេ ពីព្រោះប្រជាពលរដ្ឋបានផ្លាស់ចេញពីកន្លែងនោះហើយ។ យើងបានដឹងថា ពលរដ្ឋខ្លះមិនបានពិនិត្យឈ្មោះរបស់ខ្លួនឡើងវិញទេមុនថ្ងៃបោះឆ្នោត បើទោះជាយើងបានប្រកាសជាច្រើនលើកច្រើនសាក៏ដោយ។ពួកគេមិនខ្វល់ឡើយ”។លោកថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងចំនួន១១៩ ដែលក្នុងនោះមានពាក្យបណ្តឹងចំនួន១០៦មកពីគណបក្ស សមរង្ស៊ី ពាក្យបណ្តឹងប្រាំមកពីគណបក្សប្រជាជនកម្ពុជាពាក្យបណ្តឹងប្រាំមកពីគណបក្សសិទ្ធិមនុស្ស ពាក្យបណ្តឹងមួយមកពីអ្នកបោះឆ្នោតម្នាក់ មួយមកពីអាជ្ញាធរការពារមណ្ឌលបោះឆ្នោត និងមួយទៀតមកពីគណបក្សហ្វុ៊នស៊ិនបុិច។ លោកថ្លែងថា ពាក្យបណ្តឹងទាំងនោះមាន តាំងពីការប្តឹងពីការជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតរហូតដល់ការបាត់ឈ្មោះ ហើយថា ពាក្យបណ្តឹងខ្លះអំពាវនាវឲ្យមានការបោះឆ្នោតឡើងវិញ។
ចំពោះលោក ធន សារាយ នៅអង្គការអាដហុកវិញ បានឲ្យដឹងថា អ្នកបោះឆ្នោតប្រហែល៣,៦លាននាក់ដែលមិនបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ត្រូវមានទឹកចិត្តទៅបោះឆ្នោតវិញនៅពេលអនាគត។ហើយប្រសិនបើអ្នកបោះឆ្នោតដែលបាត់ឈ្មោះបានទៅបោះឆ្នោត “ខ្ញុំគិតថា នឹងមានលទ្ធផលផ្សេងពីនេះ”៕
(រាយការណ៍បន្ថែមដោយ អ៊ាងម៉េងឡេង)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាងនិងចេវប៊ុននី