នេះជាលើកដំបូងហើយដែលរដ្ឋមន្ត្រីការពារជាតិមួយរូបនៃប្រទេសអឺរ៉ុប ចោទប្រទេសចិន ជាសាធារណៈ ដែលពាក់ព័ន្ធកិច្ចសហការដឹកសម្ភារៈសឹកទៅឱ្យមហាអំណាចយោធារុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
លោក Grant Shapps ជារដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេស បានថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ ទី២២ ខែឧសភា ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថា ប្រទេសពីរនេះមានគោលការណ៍ជួយគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក សំដៅពង្រឹងសហប្រតិបត្តិការស៊ីជម្រៅ។
ប្រភពដដែលឲ្យដឹងថា លោកប្រមុខការពារជាតិអង់គ្លេសរូបនេះ បាននិយាយថា កិច្ចគាំទ្រសម្ភារៈសឹករបស់ចិន ទៅឱ្យរុស្ស៊ី ត្រូវបានទ័ពរបស់រុស្ស៊ី ប្រើរយៈពេល ២ឆ្នាំហើយក្នុងសង្គ្រាមនៅអ៊ុយក្រែន។
លោក Grant Shapps ថាអង់គ្លេសមានភស្តុតាងដែលថាចិន កំពុងផ្គត់ផ្គង់សម្ភារៈសឹក និងអាវុធទៅឱ្យរុស្ស៊ី តែលោក Shapps មិនបានលម្អិតរឿងនេះទេ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេសប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានត្រឡប់ពីទីក្រុងប៉េកាំង វិញ។
ក្រុងប៉េកាំង និងក្រុងមូស្គូ បានក្លាយជាសម្ពន្ធភាពគ្មានព្រំដែន គឺប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីរុស្ស៊ី ឈ្លានពានពេញទំហឹងដោយលើកទ័ពរាប់សែននាក់ និងសព្វាវុធធុនធ្ងន់ មានរថក្រោះ រថពាសដែក កាំភ្លើងធំ រាប់ពាន់គ្រឿង វាយចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីមានការចោទចិន ពាក់ព័ន្ធការបញ្ជូនអាវុធទៅរុស្ស៊ី ស្ថានទូតចិន នៅក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីខែកន្លងមកនេះថា ក្រុងប៉េកាំង មិនមែនជាអ្នកផលិតអាវុធ ឬជាភាគីពាក់ព័ន្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន នោះទេ។ ស្ថានទូតចិន បានច្រានចោលចំពោះការចោទមកលើប្រទេសចិន ដែលថាចិន បានជួយអាវុធទៅឱ្យរុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន។
លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេស បានបន្តលើកឡើងថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន ជាសង្គ្រាមរុស្ស៊ី ឈ្លានពានប្រទេសជិតខាង ឃើញថាកំណើនពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី បានហក់ឡើងរហូតដល់ ៦៤%។
ការចោទរបស់លោក Grant Shapps ទើបជាលើកដំបូងដែលរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកណាតូ បើកកកាយជាសាធារណៈចំពោះក្រុងប៉េកាំង ជុំវិញសំណុំរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ក្នុងសំណុំរឿងនេះដែរ ពួកមន្ត្រីសហរដ្ឋអាមេរិក កាលពីខែមុនបាននិយាយថា ជំនួយយោធារបស់ចិន ទៅឱ្យក្រុងមូស្គូ គឺជាវត្ថុធាតុដើមក្នុងការផលិតគ្រាប់មីស៊ីល រថក្រោះ និងអាវុធផ្សេងៗទៀត។
លោក Grant Shapps បានបញ្ជាក់ទៀតថា អង់គ្លេសបង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន មានទំហំ ៣៨០០លានដុល្លារសម្រាប់ឆ្នាំ២០២៤ នេះ ស្របពេលបស្ចិមប្រទេសជាច្រើនកំពុងបង្កើនការចំណាយមានការកើនឡើងរាប់ពាន់លានដុល្លារ។
លោករដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេស បានទទូចដល់ប្រទេសសមាជិកណាតូទាំងអស់ គួរបង្កើនការចំណាយទៅលើសន្តិសុខសម្រាប់អង្គការណាតូ ឱ្យមានការកើនឡើង។ លោកថា សម្រាប់ប្រទេសអង់គ្លេស បានបង្កើនទំហំចំណាយលើវិស័យការពារជាតិសន្តិសុខ ២,៥% នៃផលិតផលសរុបក្នុងស្រុកនៃប្រទេសអង់គ្លេស រហូតដល់ឆ្នាំ២០៣០។
លោក ពូទីន និងមិត្តភក្ដិរបស់គាត់ មានទាំងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ផងដែរ បានចងសម្ព័ន្ធនឹងគ្នាដើម្បីប្រជែងនឹងពួកលោកខាងលិច ដែលដឹកមុខដោយសហរដ្ឋអាមេរិក។
លោក Grant Shapps លើកឡើងថា ប្រព័ន្ធដឹកនាំនៅក្រោមមេដឹកនាំសម្ពន្ធភាពជាមួយលោក ពូទីន សុទ្ធតែជាការដឹកនាំរំលោភសិទ្ធិមនុស្ស ធ្វើឱ្យមានការគាបសង្កត់សិទ្ធិសេរីភាពទៅលើប្រជាជនខ្លួនឯង។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញពីជំនួបកំពូលកាលពីថ្ងៃទី១៧ ខែឧសភា ជាពេលដែលលោក ពូទីន ទៅជួបលោក ស៊ី នៅក្រុងប៉េកាំង។ នោះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់មេដឹកនាំវិមានក្រឹមឡាំង ហើយដែលពួកបស្ចិមប្រទេសចាត់ទុកថាជនផ្ដាច់ការទាំងពីរនេះ បានសច្ចារួមគ្នាទប់ទល់ឥទ្ធិពលសហរដ្ឋអាមេរិក ក្រោមពាក្យថា សករាជថ្មីនៃសង្គ្រាមត្រជាក់។
មេដឹកនាំប្រទេសមហាអំណាចពីរនេះនៅតែចោទសហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេស ថាជាអ្នករុញឱ្យមានសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ដោយសារតែអាវុធយ៉ាងសន្ធឹករបស់ក្រុមប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន ហើយដែលធ្វើឱ្យអ៊ុយក្រែន បន្តធ្លាក់ក្នុងសង្គ្រាមមិនអាចរកទីបញ្ចប់ឃើញនោះ៕