កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទប្រកាន់បុគ្គលមួយចំនួនដោយមិនបញ្ចេញឈ្មោះ ថា បានប៉ុនប៉ងចាប់យកដីក្នុងខេត្តកំពង់ធំ ដោយប្រើឈ្មោះភរិយារបស់លោក និងបញ្ជាឲ្យកូនប្រុសរបស់លោកស៊ើបអង្កេតដើម្បីផ្ដល់ដីដែលចាប់យកដោយខុសច្បាប់នោះឲ្យប្រជាពលរដ្ឋវិញ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅពេលលោកកំពុងចែកប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាផ្នែកមួយនៃគម្រោងកាត់បន្ថយជម្លោះដីធ្លីក្នុងដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋ។
យោងតាមប្រសាសន៍របស់លោក ហ៊ុន សែន បានឲ្យដឹងថា ជនឥតកេរ្តិ៍ខ្មាសមួយចំនួនបានអះអាងថា លោកជំទាវ ប៊ុនរ៉ានី ភរិយារបស់លោក និងកាកបាទក្រហមកម្ពុជាបានចាប់យកដីនៅក្នុងខេត្តកំពង់ធំ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ពួកគេបាននិយាយថាប៊ុនរ៉ានី ហ៊ុន សែន មានដី៥០០ហិកតា ក្នុងខេត្តកំពង់ធំ ហើយដីនោះជាដីរបស់កាកបាទក្រហមកម្ពុជា។ ខ្ញុំបានឮពីនិស្សិតថា ពួកគេប្រើប្រាស់ឈ្មោះប៊ុនរ៉ានី ដើម្បីចាប់យកដី ដែលតាមពិតគាត់មិនបានដឹងសោះ”។
លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតថា នរណាបានធ្វើបែបនោះទេ ហើយក៏មិនបានបញ្ជាក់លម្អិតថា តើដីក្នុងខេត្តកំពង់ធំនោះនៅត្រង់ណាពិតប្រាកដដែរ។
លោកបានចេញបញ្ជាលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោក ដែលចូលរួមក្នុងពិធីនោះដែរឲ្យស៊ើបអង្កេតករណីក្លែងឈ្មោះម្ដាយរបស់ខ្លួន ហើយថា រាល់ដីដែលពាក់ព័ន្ធត្រូវតែប្រគល់ឲ្យទៅគ្រួសារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះវិញ។
លោកបានមានប្រសាសន៍ថា “ ដីនេះត្រូវតែប្រគល់ឲ្យប្រជាពលរដ្ឋ។ ប្រសិនបើពួកគេនិយាយថា ដីនេះជាដីរបស់ ហ៊ុន សែន និងប៊ុនរ៉ានីអ៊ីចឹងគួរឲ្យទៅប្រជាពលរដ្ឋចុះ”។លោកបានកំប្លែងលេងថា “ ប៉ុន្ដែមិនមែនឲ្យផ្ទះរបស់ខ្ញុំនៅជិតវិមានឯករាជ្យ និងនៅក្រុងតាខ្មៅទេ”។
ដោយទាក់ទងបានតាមទូរស័ព្ទ លោក អ៊ុច សំអុន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកនឹងពិនិត្យមើលបញ្ហាដែលអះអាងថា ដីនេះជាដីរបស់លោកជំទាវប៊ុន រ៉ានី ផងដែរ។
លោកស្រី ម៉ែន នារីសុភ័ក្ត្រ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា លោកស្រីមិនបានទទួលព័ត៌មានណាមួយថា សមាគមជាតិកាកបាទក្រហមកម្ពុជាមានដីនៅក្នុងខេត្តកំពង់ធំនោះទេ។
លោក ហ៊ុន សែន ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅក្នុងខែកក្កដា ឆ្នាំ២០១៣ នោះ បានបញ្ជូននិស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ទៅកាន់តំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា តាំងពីខែឧសភា ដើម្បីវាស់វែងដីនិងចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលកំពុងរស់នៅលើដីមានជម្លោះ។
ការចាប់យកដីពីសំណាក់អ្នកមានអំណាចនិងតាមរយៈសម្បទានដីសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាល ធ្វើឲ្យគណបក្សកំពុងកាន់អំណាចនេះទទួលរងនូវការរិះគន់យ៉ាងខ្លាំង៕
ប្រែសម្រួលដោយ ហម សុផាណ្ណា