មានព័ត៌មានចុះផ្សាយជាហូរហែអំពីចលាចលក្នុងសង្គមពាក់ព័ន្ធនឹងការចាប់យកដីធ្លីនៅក្នុងខេត្តព្រះវិហារភាគខាងជើង ដោយប្រជាជននៅទីនោះរួមមានទាំងជនជាតិដើមភាគតិចគួយ ផងដែរ។
ជនជាតិដើមភាគតិចគួយ បាននិងកំពុងធ្វើការតវ៉ាស្របច្បាប់ប្រឆាំងក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលក្នុងពេលថ្មីៗនេះ និងដែលកំពុងរឹបអូស និងឈូសឆាយដីស្រែចម្ការដូនតារបស់ពួកគាត់ ដើម្បីធ្វើចម្ការបែបឧស្សាហកម្ម។
កាលពីថ្ងៃទី១២ ខែធ្នូ ខ្ញុំបានជួបជាមួយអ្នកភូមិជនជាតិគួយ មួយក្រុមដែលតំណាងឲ្យសហគមន៍របស់ពួកគាត់នៅក្នុងខេត្តព្រះវិហារ ស្ថិតក្នុងស្រុក (ត្បែងមានជ័យ) ដែលពួកគាត់កំពុងតស៊ូការពារដីធ្លីដែលពួកគាត់បានធ្វើស្រែចម្ការជាច្រើនជំនាន់មកហើយ។ ដីរបស់ពួកគាត់ភាគច្រើនជាដីស្រែ ដែលមានទម្រង់មូលដ្ឋានជាកសិកម្មបែបប្រពៃណីដែលគ្រប់គ្រាន់សម្រាប់តែចិញ្ចឹមជីវិត។
ដើម្បីដោះស្រាយវិវាទដីធ្លីឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយមនុស្សធម៌ពាក់ព័ន្ធនឹងជនជាតិដើមភាគតិចដូចជាជនជាតិគួយ នៅភាគខាងជើងជាដើម ក៏ដូចជាជនជាតិភាគតិចកុលសម្ព័ន្ធភ្នំ ឬជនជាតិម៉ុងតាញ៉ានៅភាគឦសាន រដ្ឋាភិបាលត្រូវតែពិចារណាឲ្យបានដិតដល់អំពីកត្តាមួយចំនួនដូចខាងក្រោម ៖
១. ជនជាតិដើមភាគតិចទាំងនោះគ្មានគំនិតចង់បានកម្មសិទ្ធិផ្ទាល់ខ្លួនដូចប្រជាពលរដ្ឋផ្សេងទៀតទេ។ ពួកគាត់ត្រូវបានផ្សាភ្ជាប់ជាមួយសហគមន៍ និងស្រឡាញ់សហគមន៍ណាស់ហើយដីធ្លីត្រូវគ្រប់គ្រងជាសមូហភាព និងធ្វើស្រែចម្ការទៅតាមប្រពៃណីដូនតារបស់ពួកគាត់។ ដូច្នេះហើយ វាមិនយុត្តិធម៌ទេដែលរំពឹងចង់ឲ្យពួកគាត់ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈបុគ្គលក្នុងករណីមានវិវាទដីធ្លីជាមួយអ្នកខាងក្រៅ ឬអ្នកចំណូលថ្មី។
២. ជនជាតិដើមភាគតិចទាំងនោះចង់រក្សាទម្រង់ប្រពៃណីនៃការរស់នៅ ការកាន់កាប់ និងការធ្វើស្រែចម្ការរបស់ពួកគាត់។ គ្មាននរណាម្នាក់អាចបង្ខំពួកគាត់ឲ្យបោះបង់ចោលប្រពៃណី និងគុណតម្លៃរបស់ពួកគាត់ក្រោមលេស “អារ្យធម៌” ឬ “ ការអភិវឌ្ឍ” បានឡើយ។ តំណាងជនជាតិដើមភាគតិចគួយ បានប្រាប់ខ្ញុំយ៉ាងច្បាស់ថា ពួកគាត់ចាត់ទុកកម្មសិទ្ធិដីឯកជនថាពាក់ព័ន្ធនឹងសួនតួនិយម និងភាពលោភលន់ដែលប្រាសចាកពីប្រពៃណី និងគុណតម្លៃរបស់ពួកគាត់ ហើយគំរាមកំហែងដល់សហគមន៍ និងអត្តសញ្ញាណរបស់ពួកគាត់។
៣. ពួកគាត់ជាកសិករប្រកបដោយមោទនភាព ឯករាជ្យនៅក្នុងសហគមន៍របស់ពួកគាត់ ដែលច្រានចោលសំណើពីក្រុមហ៊ុនឯកជនដែលសុំប្រែក្លាយពួកគាត់ទៅជាកម្មករស៊ីឈ្នួល បន្ទាប់ពីចាប់យកដីធ្លីរបស់ពួកគាត់។
ប្រសិនបើរដ្ឋាភិបាលបន្តមិនអើពើចំពោះបញ្ហាប្រជាពលរដ្ឋ និងសង្គមបែបនេះទៀត គោលនយោបាយ ” អភិវឌ្ឍន៍” ដ៏តឹងរឹុងរបស់ខ្លួនដែលអនុវត្តទៅលើជនជាតិដើមភាគតិចដ៏ចំណាស់បំផុតនៅក្នុងប្រទេសកម្ពុជា គឺស្មើនឹងប្រល័យពូជសាសន៍វប្បធម៌។ ដោយបន្តបំផ្លិចបំផ្លាញប្រពៃណី គុណតម្លៃ និងជីវភាពរស់នៅរបស់ពួកគាត់ឥតឈប់ឈរ អត្តសញ្ញាណ និងវត្តមានជនជាតិគួយ និងជនជាតិម៉ុងតាញ៉ា កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់។
លោក សម រង្ស៊ី គឺជាប្រធានគណបក្សសង្គ្រោះជាតិ៕ សុខុម (ដោយ សម រង្ស៊ី)