កាលពីម្សិលមិញរដ្ឋាភិបាលបានទទួលរថយន្តពន្លត់អគ្គិភ័យថ្មីចំនួន១១៣គ្រឿងជាផ្លូវការពីប្រទេសចិននៅក្នុងពិធីប្រគល់មួយនៅរាជធានីភ្នំពេញ គឺកើតឡើងជិតទ្វេដងនៃចំនួនរថយន្តពន្លត់អគ្គិភ័យនៅក្នុងប្រទេស។
លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍អំឡុងពិធីប្រគល់នៅកោះពេជ្រក្នុងរាជធានីភ្នំពេញថា រថយន្តម៉ាក Isuzu ដែលមានសមត្ថភាពផ្ទុកទឹកបានចំណុះ៦.០០០លីត្រនេះ ផលិតក្នុងប្រទេសចិន ហើយបានទិញពីក្រុមហ៊ុន KNN Cambodia ក្នុងតម្លៃ៩,៩លានដុល្លារកាលពីខែធ្នូ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ពីដំបូងរដ្ឋាភិបាលមានគម្រោងទិញរថយន្តតែ៧០គ្រឿងប៉ុណ្ណោះ ប៉ុន្តែ ត្រូវបានផ្តល់កិច្ចព្រមព្រៀងដោយក្រុមហ៊ុន KNN ចំនួន១១៣គ្រឿងដែលជាការល្អបំផុតមិនអាចប្រែក្រឡាស់បាន។លោកថ្លែងថា “ឥឡូវនេះយើងមានរថយន្តពន្លត់អគ្គិភ័យចំនួន២៤១គ្រឿង និងក្រុមពន្លត់អគ្គិភ័យ៥៥៩នាក់នៅទូទាំងប្រទេស”។
លោកបន្ថែមថា រដ្ឋាភិបាលមានគម្រោងទិញរថយន្ត៦០គ្រឿងទៀតនៅឆ្នាំក្រោយ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ”ខ្ញុំគិតថា រថយន្ត២០០គ្រឿងមិនគ្រប់គ្រាន់ទេ…[ពីព្រោះ]ឧបទ្ទវហេតុមួយចំនួនទាក់ទិនអគ្គិភ័យកើនឡើងយ៉ាងឆាប់រហ័សរៀងរាល់ឆ្នាំ។ ជាសំខាន់យើងចង់បានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងក្នុងភូមិនីមួយៗ”៕សារុន