ចាប់តាំងពីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់ខ្លួនបានចេញតវ៉ាភ្លូកទឹកភ្លូកដីតាមដងផ្លូវក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដ៏ចម្រូងចម្រាសមក ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានព្រមានអំពីភាពគ្រោះថ្នាក់នៃ “បដិវត្តន៍ពណ៌” ដឹកនាំដោយគណបក្សប្រឆាំងដែលអាចទាញប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងភាពចលាចល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងអំពីការគំរាមកំហែងនេះម្តងហើយម្តងទៀត ដោយហាមប្រាមការព្យាយាមបង្កចលនាប្រជាជនបែបនេះ និងថែមទាំងចាត់តាំងកងកម្លាំងប្រដាប់អាវុធឱ្យធានាថាបទបញ្ជារបស់លោកត្រូវបានអនុវត្តទៀតផង។
ប៉ុន្តែកាលពីថ្ងៃច័ន្ទ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បែរជាមានប្រសាសន៍ថា ការបះបោររបស់ប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាលអាចនឹងកើតមានលុះត្រាតែខ្លួនមិនធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងទៅកាន់ក្រុមមន្ត្រីនគរបាលក្នុងអង្គមិទ្ទិញមួយនៅរាជធានីភ្នំពេញថា “ខ្ញុំចង់បញ្ជាក់ថា យោងតាមការយល់ឃើញរបស់ខ្ញុំ បដិវត្តន៍ពណ៌អាចនឹងកើតមានដោយសារភាពអសកម្មនៃការគ្រប់គ្រងរបស់យើង។ បើការគ្រប់គ្រងរបស់យើងអាចនឹងរួមរស់បាន សុខសាន្តទាំងអស់គ្នា វាគ្មានហេតុផលត្រូវធ្វើបដិវត្តន៍ពណ៌នោះទេ”។
លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សប្រឆាំង បានស្វាគមន៍សុន្ទរកថារបស់លោក ស ខេង ដែលជាបុរសមានឥទ្ធិពល បំផុតទី២ ក្នុងជួរគណបក្សកាន់អំណាច។ លោកថ្លែងថា “ជាការពិត ការអត្ថាធិប្បាយ និងណែនាំរបស់គាត់ដល់ផ្នែកនគរបាល ពិតជាសមហេតុណាស់។ គាត់ទទួលស្គាល់ថា ជាទូទៅប្រជាពលរដ្ឋក្រោកឡើងប្រឆាំងរដ្ឋាភិបាល តែនៅពេលរដ្ឋាភិបាលមិនផ្តល់សេវាល្អៗដល់ពួកគាត់ប៉ុណ្ណោះ ហើយវាពិតណាស់”។
ធ្វើឡើងស្របពេលមានសំណុំរឿងតុលាការ និងការចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង និងមន្ត្រីអង្គការសិទ្ធិមនុស្សជាច្រើន លោក សុន ឆ័យ មានប្រសាសន៍ថា វាបង្ហាញកាន់តែច្បាស់ថា លោក ស ខេង គឺជា “មេដឹកនាំស័ក្តិសមជាងគេក្នុងគណបក្សកាន់អំណាចដោយសារតែការប្តេជ្ញាចិត្តធ្វើកំណែទម្រង់របស់គាត់។ ខ្ញុំគិតថា គាត់ជាមនុស្សមានហេតុផល បើប្រៀបធៀបទៅមេដឹកនាំផ្សេងទៀតដែលពូកែខាងចង្អុលដាក់សាធារណជនដោយមិនទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន”។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានបកស្រាយថា លោក ស ខេង ណែនាំមន្ត្រីឱ្យគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ជាពិសេសដើម្បីរារាំងគណបក្សប្រឆាំងកុំឱ្យញុះញង់បង្កបដិវត្តន៍ស្រដៀងនឹងបដិវត្តន៍ផ្កាម្លិះដែលបានរីករាលដាលពេញតំបន់មជ្ឈិមបូព៌ានៅឆ្នាំ២០១១។
លោកបានមានប្រសាសន៍ទៀត “ប្រសិនបើសេវាសាធារណៈមិនល្អ ហើយមិនដោះស្រាយបញ្ហាដែលធ្ងន់ធ្ងរពាក់ព័ន្ធប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាទេនោះ ក្រុមប្រឆាំងនឹងឆក់ឱកាសនេះបង្កើតអំណាចដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់តាមរយៈការប្រើកម្លាំងប្រជាជនដូចដែលអ្នកបានឃើញនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលគេស្គាល់ថា ‘បដិវត្តន៍ពណ៌’”។
ទោះបីជាញឹកញាប់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ពាក្យថា “បដិវត្តន៍ពណ៌” ជាមួយការព្រមានអំពីភាពចលាចល និងសង្គ្រាមដែលជាញឹកញាប់បានកើតឡើងក្រោយបដិវត្តន៍ផ្កាម្លិះយ៉ាងណាក្តី ក៏ពាក្យនេះជាទូទៅសំដៅដល់ការផ្លាស់ប្ដូររបបតាមរយៈការតវ៉ាដោយសន្តិវិធីដូចដែលឃើញកើតឡើងនៅអឺរ៉ុបខាងកើត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
លោក កែម ឡី ប្រធានក្រុមតស៊ូមតិនយោបាយខ្មែរដើម្បីខ្មែរ បានលើកឡើងថា ទោះបីជាលោក ស ខេង មានលក្ខណៈខុសប្លែកពីមាគា៌របស់បក្សកាន់អំណាចក្ដី ក៏លោកនៅតែមានមន្ទិលចំពោះការចង់ធ្វើកំណែទម្រង់ប្រជាធិបតេយ្យក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន។
លោកបានបន្តថា ”ល្បែងនយោបាយដែលខ្ញុំបានសង្កេតឃើញក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះបន្ទាប់ពីការបោះឆ្នោតលើកទី១ វាគ្រាន់តែបង្កើតឲ្យមានតួអង្គផ្សេងៗគ្នាប៉ុណ្ណោះ” ហើយថា ជាញឹកញាប់លោក ស ខេង ធ្វើឲ្យគណបក្សមានមុខមាត់ល្អ។
លោកបានបន្តថា ”ខ្ញុំអាចនិយាយបានថា [មាន] តួអង្គចិត្តល្អ និងតួអង្គចិត្តអាក្រក់។ នេះជាការសង្កេតរបស់ខ្ញុំ ពួកគេដើរតួខុសគ្នា ប៉ុន្តែស្ថិតក្នុងទិសដៅតែមួយដើម្បីគ្រប់គ្រងប្រទេសដោយមិនចាំបាច់អនុវត្តតាមមាគា៌លទ្ធិប្រជាធិបតេយ្យ”៕សុខុម