28 C
Phnom Penh

អ្នក​យក​ព័ត៌មាន​ AKP ត្រូ​វបាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​ទារប្រាក់​​អ្នក​បើក​រថយន្ត​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​យក​​​ព័ត៌​​​មាន​​​របស់​​​ទីភ្នាក់​​​ងារ​​​ព័ត​​​៌មាន​​​រដ្ឋ​​​អាកាប៉េ (AKP) ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​ថ្ងៃ​​ពុធ តាម​ចោទ​ពីបទ​​​ជំរិត​​​ទារ​​​ប្រាក់​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ជុំវិញ​ករណី​ដឹក​ឈើ​​​ប្រណីត​​​​​​។

លោក ខាត់ ហ៊ុន នាយ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​បាន​​​មានប្រសាសន៍​​​ថា លោក ទិត្យ​​​ ស្រូ អាយុ​​​៤៣​​​ឆ្នាំ​​​ បាន​​​គំរាម​​​​​​ថា នឹង​រាយការណ៍​​​ពី​​​អ្នក​​​បើក​​​បររថយន្ត​​​ឈ្មោះ ឈាង ម៉ៅ ប្រាប់​​​អាជ្ញាធរ​​​ជុំវិញ​ការ​​​ដឹក​​​ឈើ​​​ផ្ចឹក​​​​​​ជា​​​ប្រភេទ​​​ឈើ​​​លេខ​​​១​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៦​​​ខែ​​​កុម្ភៈ ទាល់​​​តែ​​​គាត់​​​បាន​​​បង់​​​ប្រាក់​​​ចំនួន​៤០០ដ​​​ុល្លារ​​​។

លោក​​​ ខាត់ ហ៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​លោក ទិត្យ​​​ ស្រូ ពី​​​ព្រោះ​​​​​​គាត់​​​បាន​​​ប៉ុនប៉ង​​​គំរាមទារ​​​ប្រាក់​​​ពីរ​​​លើក​​​ពី​​​លោក​​​ ឈាង​​​ ម៉ៅ ហើយ​​​គាត់​​​សារភាព​​​ថា គាត់​​​​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​មែន​​​”។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​កាសែត​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​រូប​​​នេះ​​​បាន​​​ណាត់​​​ជួប​​​ដើម្បី​​​ប្រគល់​​​ប្រាក់​​​ចំនួន​​​២៥០​​​ដុល្លារ។

លោក ឈាង​​​ ម៉ៅ បាន​​​និយាយ​​​ថា ដំបូង​​​លោក​​​សុខចិត្ត​​​បង់​​​ប្រាក់​​​២០០​​​ដុល្លារ ប៉ុន្តែ បាន​​​ងាក​ទៅ​​​រក​​​នគរ​​​បាល​​​នៅ​​​ពេល​​​អ្នក​​​យក​​​ព័ត៌មាន​​​រូប​​​នេះ​​​បាន​​​ទាម​​​ទារ​​​ប្រាក់​​​បន្ថែម​​​។

លោក ឈាង​​​ ម៉ៅ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ព្រម​​​បង់​​​ប្រាក់​​​ឲ្យ​​​គាត់​​​២០០​​​ដុល្លារ ប៉ុន្តែ​​​ គាត់​​​មិន​​​ព្រម​​​ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​បាន​​​សម្រេច​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​នគរ​​​បាល​​​។ មុន​នោះ ​​គាត់​​​បាន​​​ទូរស័ព្ទ​​​មក​​​ខ្ញុំ​​​ជា​​​ច្រើន​​​ដង​​​ ហើយ​​​បាន​​​គំរាមកំហែង​ខ្ញុំ​​​ដោយ​​​និយាយ​​​ថា ប្រសិន​​​បើ​​​ខ្ញុំមិន​​​ផ្តល់​​​ប្រាក់​​​ឲ្យ​​​គាត់​​​៤០០​​​ដុល្លារ​​​ទេ​​​នោះ ខ្ញុំ​​​នឹង​​​មិន​​​​​​អាច​​​ដឹក​​​ឈើ​​​នៅ​​​ពេល​​​អនាគត​​​បាន​ឡើយ​​​”។

អ្នក​​​កាសែត​​​ម្នាក់​​​ទៀត​​​ឈ្មោះ ឈឿង ចាន់ អាយុ​​​៤៥​​​ឆ្នាំ ជា​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ប្រចាំ​​​ទូរ​ទស្សន៍​​​អប្សរា​​​ដំណឹងពេល​​​ព្រឹក​​​បាន​​​ទទួល​​​ស្គាល់​​​ថា បាន​​​ឃាត់​​​អ្នក​​​បើក​​​រថយន្ត​​​​​​នេះ​​​ជា​​​មួយ​​​លោក ទិត្យ​​​ ស្រូ ហើយ​​​ទទួល​​​បាន​​​ប្រាក់​​​២៥​​​ដុល្លារ ប៉ុន្តែ បាន​​​បដិសេធ​​​ការ​​​អះអាង​​​ដែល​​​​​​ថា គាត់​​​បាន​​​គំរាម​​​ទារ​​​ប្រាក់​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​មិន​​​គេច​​​ពី​​​ការ​​​ចូល​​​​​​​​ផ្តល់​​​សក្ខីកម្ម​​​ក្នុង​​​តុលាការ​​​ឡើយ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ប៉ុនប៉ុង​​​គំរាម​​​ទារ​​​ប្រាក់​​​ពីអ្នក​​​បើក​​​បរ​​​រថយន្ត​​​រូប​​​នោះ​​​ឡើយ​​​…ប៉ុន្តែ លោក​​​ទិត្យ ស្រូ បាន​​​សុំ​​​ប្រាក់​​​ពី​​​គាត់​​​ចំនួន​​​៤០០​​​ដុល្លារ​​​។

នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​កាសែត​​​ទី​​​៣​​​ម្នាក់​ ក៏បាន​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ផង​​​ដែរ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ទាន់​​​ស្គាល់​​​អត្តសញ្ញាណ​​​ជន​​​នោះ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក ឡុង​​​ ស៊ីថា ព្រះ​​​រាជ​​​អាជ្ញា​​​អម​​សាលាដំបូង​ខេត្ត​​​បាន​​​អះ​​​អាង​​​ថា លោក ទិត្យ ស្រូ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​គំរាម​​​ទារ​​​ប្រាក់​​​។

លោកស្រី សុខ​​​ មុំនិមល អគ្គ​​​នាយិកា​​ទីភ្នាក់ងារ​ព័ត៌​​​មាន​​​អាកាប៉េ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ទិត្យ​​​ ស្រូ ត្រូវ​​​បាន​​​​​​សារព័ត៌មាន​​​AKPជួល​​​មក​​​បម្រើ​​​​ការ​​​ងារ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ ប៉ុន្តែ បាន​​​បដិ សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។ លោក​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​លោក ទិត្យ ស្រូ ហើយ​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​ករណី​​​នេះ​​​”៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស