27 C
Phnom Penh

បុរស​ជន​ជាត​ិ​អង់គ្លេស​​បដិសេធ​ថា​មិន​បាន​រំលោភ​បំពាន​ក្មេងស្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​ជាតិ​​​អង់​​​គ្លេស​​​​​​អាយុ​​​៥៤​​​ឆ្នាំម្នាក់​​​​​ដែល​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​រំលោភ​បំពាន​​​​ក្មេង​ស្រី​​​បួន​​​នាក់​​​​កាល​ពី​​​ម្សិល​មិញ​​​ បាន​​​បដិសេធ​​ការ​​​ចោទ​​​ប្រកាន់ពី​​​បទ​​​ទិញ​​​ពេស្យាចារ​​​កុមារ​​​ និង​​​ប្រព្រឹត្ត​​​​អំពើ​អនាចារ​​​លើ​​​អនីត​​ិជន​​​​​​អំឡុង​​​ថ្ងៃទី​​​១នៃសវនាការ​​​ជំនុំជម្រះ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​ធានី​ភ្នំពេញ។

លោក ម៉ៃឃើល ហ្គ្លីនចូន ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​នៅ​​​ខាង​ក្រៅ​​​ផ្សារ​​​អូឡាំពិក​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​មិថុនា បន្ទាប់​ពី​​​ម្តាយ​​​ក្មេង​ស្រី​​​រង​គ្រោះ​​​ទាំងនេះ​​​បាន​​​ដាក់ពាក្យ​​​បណ្តឹង​​​​​​ពី​​​បទ​​​រំលោភ​បំពាន​​​​ ហើយ​​​នគរ​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​រាជ​​​ធានី​​​​​​បាន​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​រួមគ្នា​​​ជាមួយ​​​អង្គការ​​​​​​សកម្ម​​​ភាព​​​ដើម្ប​ី​​កុមារ ​​​ជា​​​អង្គការ​​​ការ​​​ពារ​​​កុមារ។

លោក លី សុខឡេង​​​ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​មិញ​​​ថា លោក ចូន ប្រឈម​​​ការ​​​ចោទប្រកាន់​​​ពីបទ​​​រួម​​​ភេទ​​​​​​ជាមួយ​​​​​​ក្មេង​​​ស្រី​​​អាយុ​​​១១​​​ឆ្នាំ​ម្នាក់ ហើយ​​​បន្ទាប់មកបាន​​​​ឲ្យ​​​លុយ​​​ក្មេងស្រីនោះ​​​និង​​​ម្តាយ​​​របស់​​​នាង។

ចៅក្រម​​​រូប​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ជន​​​ជាតិ​​​អង់​​​គ្លេស​​​រូបនេះ​​​​​​ក៏ត្រូ​​​វ​​​បាន​​​ចោទប្រកាន់ថាបាន​​​រំលោភ​​​​​​បំពាន​​​ក្មេងស្រី​​​បីនាក់​​​ទៀត​​​អាយុ​​​៧ឆ្នាំ ដល់​​​​៩ឆ្នាំផងដែរ។

ថ្លែង​នៅ​​​សាល​​​សវនាការ​​​ លោក ចូន បាន​​​បដិសេធ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​រូបលោក ហើយ​​​បាន​​​អះ​​​អាង​​​ថា លោក​​​គ្រាន់តែ​​​​​​នាំក្មេងស្រី​​​ទាំង​​​នេះ ដែល​​​បាន​​​ដើរ​​​សុំលុយ នៅ​​​ជិត​​​កាស៊ីណូ​​ណាហ្គាវើល​​​​​​ទៅញ៉ាំ​​​ការ៉េម​​​ និង​​​បាន​​​ទៅជាមួយ​ក្មេងស្រី​​​អាយុ​​​១១ឆ្នាំ​​​ទៅ​​​មើល​កុន​​​នៅ​​​ផ្សារ​​​សូរិយា​​​។

លោក​​​បាន​​​និយាយថា “ខ្ញុំ​​​បាន​​​ឲ្យ​​​លុយ​​ក្មេងស្រី​​​ទាំងនោះ​​​១ទៅ​​​២ដុល្លារ​​​​​​នៅពេល​​​ពួកគេ​​​សុំ​ខ្ញុំ”។ លោក​​​បាន​​​បន្ថែម​ថា “​​​ខ្ញុំបាន​​​នាំ​ពួកគេ​​​ទៅ​​​ញ៉ាំ​ការ៉េម​​​​​​ ហើយ​​​បន្ទាប់​មក​​​បាន​​​នាំពួក​គេ​​​ទៅ” ​កន្លែង​​​នោះ​វិញ​​​នៅ​​​ខាង​ក្រៅ​​​កាស៊ីណូ​។

លោក​​ ចូន ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​​​​អង្គ​ការ​​​សកម្ម​​​ភាព​​​ដើម្បី​​​កុមារ​​​​​​ថា​​​​បានបង្ខិតបង្ខំ​​ឲ្យ​​​ក្រុម​គ្រួសារ​​​ក្មេងស្រី​​​ទាំង​​​នេះ​​​ដាក់ពាក្យ​​​បណ្តឹង​​​ប្តឹង​​​រូបគាត​​​់ ហើយ​​​បាន​​​ចោ​​​ទប្រកាន់​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ថា បាន​​​និយាយ​​​កុហក។

លោក​​​បាន​​​និយាយ​​​ពី​​​មូល​ហេតុ​​​ដែលលោក​​​បាន​​​ឲ្យ​​​លុយ​​​ក្មេង​​​ស្រីទាំង​​​នេះ​​​ថា “​​​ខ្ញុំគ្រាន់តែ​​ជា​​​ភ្ញៀវ​​​ទេសចរ​​​ប៉ុណ្ណោះ​។ ខ្ញុំ​​​ចង់​​​​​​ធ្វើជាមនុស្ស​​​ល្អ។ ខ្ញុំមាន​​​លុយ ​​​ពួកគេ​​​មិន​​​មាន​​​លុយ”។

លោក ឈួន ស៊ីថាន់ ​​​មេធាវី​​​តំណាងជន​​​រងគ្រោះ​​​ទាំងបួននាក់​​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​ក្រៅ​​​តុលាការ​​​ថា លោក ចូន​​​​​​ បាន​​​នាំក្មេងស្រី​​​បីនាក់ទៅ​​​កន្លែង​​​មួយ​​​ក្រោម​​​ស្ពាន​កោះ​ពេជ្រ កន្លែងដែលគាត់​​​បាន​​​រំលោភ​​​បំពាន​ពួកគេ។ លោក ស៊ីថាន់ បានមាន​​​ប្រសាសន៍​​​ថា
ក្មេង​ស្រី​​​អាយុ​​​១១ឆ្នាំ​​​​​​ត្រូវ​​​បាន​​​បៀត​​​បៀន​​​នៅ​​​កន្លែង​មើល​កុន។

លោក ខឹម វ៉ាន់ដូ ​​​អនុប្រធាន​​​ប្រតិបត្តិការ​​​របស់​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​បាន​​​​​​​​​បដិសេ​ធ​​​ការ​​​ដែលថា អង្គការ​​​របស់លោក​​​​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​​​​ក្រុមគ្រួសារ​​​​​​ជន​​រងគ្រោះ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “លោក ចូន បាន​​​ចោទប្រកាន់​​​យើង​​​ ពីព្រោះ​​​គាត់​​​ចង់​​​ឲ្យ​​​គេ​​​ដោះ​លែង​​​គាត់”​​​ ដោយ​​​លោក​​​កត់សម្គាល់ថា ជន​​​សង្ស័យ​​​មួយ​​​ចំនួន​​​ទៀត​​​​​​បាន​​​អះ​​​អាង​​​ស្រដៀង​​​គ្នានេះ​​​​​ប្រឆាំង​​​អង្គការ​​​របស់លោក។ លោកចៅ​​​ក្រម​​​ សុខឡេង បាន​​​មានប្រសាសន៍ថា មិន​ទាន់កំណត់​កាលបរិច្ឆេទបើក​សវនាការ​​​ជំនុំ​​​ជម្រះ​​​នៅពេល​ក្រោយ​​​​នៅឡើយ​ទេ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស